ពិតជាសាហាវ បុរសម្នាក់ ប្រើកំបិតផ្គាក់កាប់សម្លាប់ក្មេងប្រុសអាយុជាង១ឆ្នាំ

0
1004

ចេញផ្សាយ ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១

កំពង់ស្ពឺ៖ ករណីហិង្សាកាប់សម្លាប់ដ៏ឃោរឃៅព្រៃផ្សៃមួយ បង្ករឡើងដោយបុរសម្នាក់ កាប់ក្មេងប្រុសម្នាក់ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាកាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនល្មើសជាឃាតកដែលត្រូវបានចាប់ខ្លួនឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះបើតាមការអោយដឹងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ ថាឃាតករខាងលើ ជាមនុស្សមានប្រវត្ដិស្មារតីមិនប្រក្រតី។

កុមាររងគ្រោះឈ្មោះ ភួង សុខណាន់ អាយុ១៦ខែ ត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំ  រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងនោះបើតាមការឱ្យដឹងពីម្តាយក្មេងរងគ្រោះថា មុនពេលកើតហេតុកូនរបស់ខ្លួនត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ២៧ឆ្នាំ ត្រូជាក្មួយស្រី បានយកកូនពីខ្លួនពរដើរលេង នៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ កូនរបស់ខ្លួនបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។

ក្រោយធ្វើសកម្មភាព ជនល្មើសបានរត់ចូលក្នុងផ្ទះបិទទ្វារ ដោយធ្វើសកម្មភាពដុតផ្ទះប្រជាពលរដ្ឋហើយសមត្ថកិច្ចបានចុះឡោមព័ទ្ធ ដោយមានកិច្ចអន្ដរាគមន៍ ពីក្រុមរថយន្ដសង្គ្រោះអគ្គិភ័យ នៃអធិការដ្ឋាន នគរបាល ស្រុកសំរោងទង និងរថយន្ដរបស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញ។

ដោយមើលពីស្ថានភាពមិនល្អ កម្លាំងជំនាញបានស្នើសុំយោបល់ សម្រេចប្រើប្រាស់មធ្យោបាយអាវុធ ដែលបំពាក់ក្បាលគ្រាប់ផ្សែងពុល ដើម្បីចូលចាប់ជនល្មើស។ ក្នុងនោះ តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងខេត្ដ ដែលបានចូលរួមក្នុងប្រតិបត្តិការខាងលើ បានឱ្យដឹងថា សមត្ថកិច្ច បានប្រើប្រាស់គ្រប់មធ្យោបាយ រហូតឈានដល់ការបំបែកករណីឃាតកម្ម និងចាប់ជនល្មើស រួចបញ្ជូន ទៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ  ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕