ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១
កំពត៖ ទីបំផុតទៅ វិវាទដីធ្លី រវាងប្រជាពលរដ្ឋនៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលមានការអះអាងមិនច្បាស់លាស់នៃចំនួនគ្រួសារពលរដ្ឋ មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន JNJ ត្រូវបានបញ្ចប់ហើយ។
ការបញ្ចប់វិវាទនេះ ក្រោយបញ្ហាបានអូសបន្លាយរយៈពេលជាង១០ឆ្នាំ ដែលប្រភពនៃបញ្ហាគឺបណ្តាលមកពីប្រជាពលរដ្ឋមួយចំនួន មានភាពលោភលន់ និងការទន្ទ្រានយកដីម្តងហើយម្តងទៀត ដែលខ្លួនបានលក់ ព្រមទទួលប្រាក់ពីក្រុមហ៊ុន JNJ រួចទៅហើយនោះ ដោយចិញ្ចឹមចិត្តចង់បានប្រាក់បន្ថែម ធ្វើការតវ៉ា ដោយអ្នកខ្លះមកទទួលលុយពីក្រុមហ៊ុន ម្តងជាពីរដង ស្ថិតនៅលើទីតាំងដីជាក់ស្តែង នៅភូមិតេជោជ្រៃបាក់ ឃុំត្រជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដោយមានអាជ្ញាធរមូលដ្ឋាន មេភូមិ និងលោកមេឃុំទទួលស្គាល់ដឹងឮផងដែរ។
បើតាមការបញ្ជាក់របស់លោក ជុង សឹងបេ តំណាងក្រុមហ៊ុន JNJ ឲ្យ TN TV ដឹងថា គ្រប់បញ្ហា គឺក្រុមហ៊ុនបានបញ្ចប់ជាមួយពលរដ្ឋដោយសន្តិវិធី ដោយការទិញលក់ត្រឹមត្រូវតាមផ្លូវច្បាប់ ក្រុមហ៊ុនមិនបានចូលកាន់កាប់ និងទន្ទ្រានរំលោភយកដីរបស់ប្រជាពលរដ្ឋដោយខុសច្បាប់នោះឡើយ ដោយគ្រប់យ៉ាងក្រុមហ៊ុនធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។
លោក ជុង សឹងបេ បន្តថា ធាតុពិតពលរដ្ឋដែលបាននិងកំពុងតវ៉ានេះ ភាគច្រើនគឺជាពលរដ្ឋដែលចាំដីឲ្យគេប៉ុណ្ណោះ ដែលមានម្ចាស់ផ្សេង។ រីឯពលរដ្ឋមួយចំនួនទៀត ដែលចូលរួមតវ៉ាដូចគ្នា ដីរបស់ពួកគាត់គឺស្ថិតនៅក្រៅរបងក្រុមហ៊ុន ដោយក្រុមហ៊ុនមិនបានរំលោភយកឡើយ។
ដូចគ្នានេះ ដីដែលមានប័ណ្ណពិតប្រាកដ ស្ថិតនៅក្នុងបរិវេនដីរបស់ក្រុមហ៊ុន JNJ គឺមានចំនួន៣ប័ណ្ណ ដែលមានឈ្មោះ ទូច វណ្ណថន ក្បាលដីលេខ៣២ ទំហំ២៥៤៤៧ ម៉ែត្រការ៉េ. ទូច វន្នី ក្បាលដីលេខ៣៣ ទំហំ១២៧៦៥ ម៉ែត្រការ៉េ និងឈ្មោះ នាង យាន់ណេត ក្បាលដីលេខ៤ ទំហំ៤៤៣៤ ម៉ែត្រការ៉េ ដោយមានឈ្មោះ ម៉ែន វណ្ណដា ជាឪពុក និងកូនឈ្មោះ អិន បញ្ញា ជាអ្នកកាន់កាប់ ដែលបានទិញពីឈ្មោះ នាង យាន់ណេត តែមិនទាន់បានកាត់ប្លង់នៅឡើយទេ។
ក្នុងនោះដីទាំងបីប័ណ្ណនេះ ក្រុមហ៊ុន JNJ បានទិញពីឈ្មោះ ទូច វណ្ណថន និង ទូច វណ្ណនី មានប័ណ្ណក្បាលដីលេខ៣២និង៣៣ សរុបជិត៥ហិតា ក្នុងតម្លៃ៦ម៉ឺនដុល្លា ចំណែកដី នាង យាន់ណេត ដែលគ្រប់គ្រងដោយឪពុកនិងកូន ឈ្មោះ ម៉ែន វណ្ណដា និង អិន បញ្ញា ក្រុមហ៊ុនទទួលទិញក្នុងតម្លៃ៣ម៉ឺន៥ពាន់ដុល្លាដើម្បីបញ្ចប់បញ្ហាជាមួយពួកគាត់ ដោយការឯកភាពស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំនោះឡើយ និងមានការដឹងឮ បោះត្រាបញ្ជាក់របស់មេធាវីក្រុមហ៊ុន លើកិច្ចសន្យាដំណោះស្រាយបញ្ចាប់ជម្លោះ និង លិខិតទទួលប្រាក់ របស់ម្ចាស់ដីខាងលើដែលយល់ព្រមលក់ដីទៅឲ្យក្រុមហ៊ុន JNJ ។
ដូចគ្នានេះ ចំពោះការធ្លាប់លើកឡើងរបស់ក្រុមប្រជាពលរដ្ឋកន្លងមកថា ក្រុមហ៊ុន JNJ បានដករបងបង្គោលថ្មរបស់ពួកគាត់នោះ តាមពិតមិនដូចការលើកឡើងឡើយ គឺបង្គោលរបងទាំងនោះជារបស់ក្រុមហ៊ុន ហើយផ្ទុយទៅវិញទេ ពលរដ្ឋជាអ្នកដកបង្គោលរបងក្រុមហ៊ុនអស់ចំនួន៧៥០ដើម តែក្រុមហ៊ុនមិនបានចាប់ទោសអូសដំណើរឡើយ ព្រោះក្រុមហ៊ុនដឹងថា ពលរដ្ឋធ្វើតាមការប្រាប់របស់ភាគីម្ខាងទៀត តែថាចំពោះអ្នកបញ្ជារដោយការបិទមុខនេះ ក្រុមហ៊ុនបានដឹង និងកំពុងអនុវត្តន៍តាមផ្លូវច្បាប់ផងដែរ។
មួយវិញទៀត ព័ត៌មានកន្លងមក ដែលពលរដ្ឋបានចោទ ក្រុមហ៊ុន JNJ ថាបានកាយដីក្រវ៉ាត់ព្រំ ហ៊ុំព័ទ្ធរំលោភយកដីរបស់ពលរដ្ឋទាំងដីមានប័ណ្ណកម្មសិទ្ធ និងដីអាស្រ័យផលនោះ ភាគីក្រុមហ៊ុន បានបំភ្លឺប្រាប់ TN TV ឲ្យដឹងថា ក្រុមហ៊ុនមិនបានកាយព្រំហ៊ុំព័ទ្ធក្រវ៉ាត់យកដីរបស់ពលរដ្ឋឡើយ គឺក្រុមហ៊ុន កាយតាមដានព្រំចាស់របស់ក្រុមហ៊ុនដែលមានស្រាប់ក្នុងប្លង់មេ ដោយមានការទទួលស្គាល់ពីក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ និងការឯកភាព អនុម័តយល់ព្រមលើដីកសិកម្មរបស់ក្រុមហ៊ុន ពីសំណាក់អតីតចៅហ្វាយខេត្តកំពត លោក ខូយ ឃុនហួរ ផងដែរ។ ដោយលោក ជុង សឹងបេ អះអាងផងដែរថា ប្រជាពលរដ្ឋ អាងតែក្រុមហ៊ុនមិនមាត់ ចេះតែបានចិត្ត និងចូលមករុករាន ទន្ទ្រាន ដាំដំណាំចេកក្នុងដីក្រុមហ៊ុន ពេលក្រុមហ៊ុនឲ្យពួកគាត់រុះរើចេញ ចាប់ផ្តើមណាំប៉ា ថាក្រុមហ៊ុនរំលោភដីខ្លួន ធាតុពិតក្រុមហ៊ុនមិនបានរំលោភឡើយ រហូតក្រុមហ៊ុនទិញចេកពីពួកគាត់ ក្នុង១គុម្ភៈតម្លៃចាប់ពី២ពាន់រៀល ទៅ៤ពាន់ ឲ្យតែពួកគាត់ឈប់បង្ករបញ្ហាដាក់ក្រុមហ៊ុន តែពួកគាត់នៅតែចិញ្ចឹមចិត្ត ចង់បានដីទាមទារយកដីរបស់ក្រុមហ៊ុន ដែលខ្លួនមិនមានឯកសារអ្វីសូម្បីតែបន្តិច។
ដោយឈរលើគោលការណ៍គ្មានការរំលោភសិទ្ធ និងបណ្តេញចេញ ក្រុមហ៊ុន JNJ បានខាតបង់យ៉ាងច្រើនក្នុងការទិញដីពលរដ្ឋត្រួតស៊ីគ្នា ដែលពួកគាត់តវ៉ា គ្មានប័ណ្ណកម្មសិទ្ធិ ដោយលោក ជុង សឹងបេ បានស្នើឲ្យប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅបញ្ឈប់សកម្មភាពតវ៉ា និងចោទក្រុមហ៊ុនរំលោភយកដីរបស់ពលរដ្ឋទៀត ព្រោះថា ប្រជាពលរដ្ឋដែលមានបញ្ហាជាក់ស្តែងបរិវេនដីក្រុមហ៊ុន បានដោះស្រាយបិទបញ្ចប់អស់ហើយ ដែលម្តងថាមានចំនួន១៩គ្រួសារ បន្ទាប់មក១០គ្រួសារ តែធាតុពិតជាក់ស្តែងមានតែ២គ្រួសារ និង៣ប័ណ្ណប៉ុណ្ណោះ ស្ថិតក្នុងដីក្រុមហ៊ុន គឺឈ្មោះទូច វណ្ណថន និងឈ្មោះ ម៉ែន វណ្ណដា តែពេលនេះពួកគាត់បានលក់ទៅឲ្យក្រុមហ៊ុន និងបានបញ្ចប់វិវាទទាំងឡាយ ដោយដំណោះស្រាយឈ្នះៗជាស្ថាពរហើយ ប្រសិនបើពលរដ្ឋគ្មានប័ណ្ណ និងនៅតែទន្ទ្រាន ចិញ្ចឹមចិត្តចូលកាន់កាប់ដីក្រុមហ៊ុនទៀត លោកសូមប្រគល់ជូនច្បាប់ជាអ្នកដោះស្រាយ និងមានវិធានការណ៍។
សូមជំរាបថា ក្រុមហ៊ុន JNJ មានទីតាំងស្ថិតនៅឃុំតាកែន និងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លើផ្ទៃដីជាង១៧០០ហិតា ដែលបានវិនិយោគលើដំណាំកសិកម្មគ្រប់ប្រភេទ សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ ក្នុងនោះ ក្រុមហ៊ុននៃការបោះទុនវិនោយោគ គឺបានទិញដីជាក់ស្តែងពីប្រជាពលរដ្ឋម្ចាស់ដី មិនបានកាន់កាប់ទន្ទ្រានរំលោភយកដីប្រជាពលរដ្ឋ ឬដីរបស់រដ្ឋខុសច្បាប់ឡើយ។ ដោយកន្លែងមានបញ្ហា ភាគីក្រុមហ៊ុនបានស្វែងរកដំណោះស្រាយ និងស្នើសុំស្ថាប័ន គ្រប់ជាន់ថ្នាក់ ភូមិឃុំ ស្រុក និងខេត្ត ព្រមទាំងមន្ទីរ ក្រសួង ពាក់ព័ន្ធនានា ជួយដោះស្រាយ និងមួយវិញទៀត ពេលនេះក្រុមហ៊ុនក៏បាននិងកំពុង ស្នើសុំអាជ្ញាធរខេត្តបង្កើតគណៈកម្មការ ដើម្បីចុះវាស់វែងដីជាក់ស្តែងជាថ្មី លើប្លង់ LMab ចាស់ ដើម្បីក្រុមហ៊ុន ស្នើសុំមន្ទីររៀបចំដែនដីនគរ រូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ធ្វើប័ណ្ណដាច់ដោយដុំ លើប័ណ្ណរាយចាស់ ដែលមានជើងម៉ែត្រ និងលេខនិយាមការ ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ។
ព្រមជាមួយគ្នានេះ តាមការបញ្ជាក់របស់លោក ជុង សឹងបេ តំណាងក្រុមហ៊ុន JNJ ថា ក្រុមហ៊ុនមួយនេះមិនមែនជាក្រុមហ៊ុនកូរ៉េឡើយ គឺជាក្រុមហ៊ុនខ្មែរ ព្រោះតំណាង និងនាយកជាខ្មែរ ពួកគាត់មានសញ្ជាតិខ្មែររួចទៅហើយ សូមប្រជាពលរដ្ឋឈប់ភ័ណ្ឌច្រឡំទៀត។ ទោះយ៉ាងណា ក្រុមហ៊ុនបានចាប់យកដំណោះស្រាយ និងគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ប្រមុខរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ដែលអាចទទួលយកបានទាំងសងខាង ដោយគ្មានការបង្ខិតបង្ខំ ពិសេសគ្មានហិង្សា ការបណ្តេញចេញ និងការរំលោភដីធ្លីប្រជាពលរដ្ឋ និងរដ្ឋនោះឡើយ៕