ចេញផ្សាយ ថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១
កំពង់ស្ពឺ៖ មេខ្យល់ដែលផ្លាស់ប្តូរគ្នាដូចភ្លៀងរលឹម ខំប្រឹងគៀងគរពលរដ្ឋឲ្យប្រព្រឹត្តិខុសច្បាប់ កំពុងសំញ៉ែងបានដៃ រំពឹងថាអ្វីៗនិងបានសម្រេចដូចផែនការណ៍ដែលខ្លួនបានរៀបចំទុក។
ផែនការណ៍ទាំងនេះ ចុងក្រោយត្រូវបានបង្ហាញ ដោយមេខ្យល់ចេញមុខជាចំហរ ចំនួន២នាក់ គៀងគរពលរដ្ឋចំនួន១៣៧គ្រួសារ ដាក់ពាក្យបណ្តឹងមកក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ដែលមានឈ្មោះ ជា សាវឿន និងឈ្មោះ នូ មីន ដោយចោទអាជ្ញាធរមូលដ្ឋានភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថាបានឃុំឃិតគ្នាលួចលក់ដីរួមភូមិចំនួន៥៤ហិតា ទៅឲ្យឈ្មួញ។
ដោយក្នុងបណ្តឹងរបស់ពួកគេសរសេររៀបរាប់ និងសំអាងថា ខ្លួនបានកាន់កាប់អាស្រ័យផលលើដីទាំងនោះតាំងពីឆ្នាំ១៩៨០មក តែជាក់ស្តែងពួកគេមិនមានឯកសារបញ្ជាក់ក្បាលដីនៃការកាន់កាប់ ឬឯកសារបញ្ជាក់ដីចំនួន៥៤ហិតា ដែលពួកគេកំពុងតវ៉ានេះជាដីរួមរបស់ភូមិនេះឡើយ។
ផ្ទុយទៅវិញ មានតែកាលពីអំឡុងឆ្នាំ២០០៨ ពួកគេសរុបចំនួន១៧០គ្រួសារ កាលនោះមានទាំងមេប៉ុស្តិ៍ .ប៉ូលីសខេត្ត មេឃុំ និងមេភូមិ គឺលោក លាស់ គីង ដែលកំពុងរស់នៅក្នុងភូមិបច្ចុប្បន្ន ជាអ្នករៀបដីលក់ និងទទួលផលពីដីទាំងនោះ។
ផលដែលពួកគេទទួលបាន នៃពលរដ្ឋ១៧០គ្រួសារ ក្នុងភូមិដូចអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០០៨មក គឺរួមគ្នាជាសមូហភាព លក់ដីព្រៃរបស់ភូមិចំនួន១៥ហិតាទៅឱ្យលោកស្រី សឺ វណ្ណនី ក្នុងតម្លៃ២០០ដុល្លាក្នុងមួយហិតា ដែលមានហត្ថលេខា និងប្រថាប់ត្រាទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋាន ហើយអ្នកទាំងនោះបានទទួកយកលុយក្នុងមួយគ្រួសារចំនួន១៥ដុល្លា ស្មើនិង៦ម៉ឺនរៀល។
បើតាមសាក្សីរស់ និងជាអ្នកតំណាងពលរដ្ឋសមូហភាពគំនិតក្នុងការលក់ដីខាងលើ លោក ញឹម ញឿន អនុភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបច្ចុប្បន្ន បានមានប្រសាសន៍ឱ្យដឹងថា ដីដែលពលរដ្ឋបាននិងកំពុងប្តឹងតវ៉ានេះ គឺជាដីដែលបានលក់បាត់ទៅហើយ។
លោក ញឹម ញឿន បន្តដោយរៀបរាប់ប្រវត្តិដីថា ដើមឡើយដីនេះ ជាប្រភេទដីកក់ ដែលមុនដំបូងមានការរៀបដីចំនួន១០០ហិតា ដោយមានឈ្មោះ កង ចាន់ឌី អតីតមេប៉ុស្តិ៍ឃុំស្គុះ លោក ហ៊ុន សុខុន អតីតប៉ូលីសខេត្ត ដែលជាពួកគាត់ជាអ្នកទទួលរៀបដី និងជាអ្នកកាន់ប្រាក់ក្នុងការបែងចែកទៅឱ្យប្រជាពលរដ្ឋ១៧០គ្រួសារ ដែលបានរួមគ្នាលក់ដីភូមិទៅឱ្យលោកស្រី សឺ វណ្ណនី តែដោយការរៀបដីមិនបានតាមការគោងទុក លោកស្រី សឺ វណ្ណនី ក៏សម្រេចយកត្រឹមតែ១៥ហិតា ដែលជាដីមិនជាប់ពាក់ព័ន្ធដីកម្មសិទ្ធិបុគ្គល ដោយសមស្របជាមួយទឹកប្រាក់ដែលលោកស្រីបានកក់ ទៅតំណាងពលរដ្ឋ ក្នុងការទទួលរៀបដី ដែល១គ្រួសារ ទទួលបានចំនួន១៥ដុល្លា ស្មើ៦ម៉ឺនរៀល ទាំង១៧០គ្រួសារដូចគ្នា។
លោក ញឹម ញឿន អនុប្រធានភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
លោក ញឹម ញឿន បន្តថា ក្នុងនោះមានរូបលោកបានឈរជាតំណាងពលរដ្ឋក្នុងភូមិទាំង១៧០គ្រួសារ ចំនួនដី៥ហិតា.លោក ខឹម ទូច ៥ហិតា និងលោក តូច អឿន ចំនួន៥ហិតាដែលជាអតីតមេភូមិមុនជំនាន់លោក លាស់ គីង និងក្នុងលិខិតមានការស៊ីញ៉េ បោះត្រាទទួលស្គាល់លក់ដីរួមខាងលើពីសំណាក់អតីតមេភូមិគឺលោក លាស់ គីង និងលោកមេឃុំ ញ៉េប ប៊ុននាង កាលពីឆ្នាំ២០០៨ ហើយប្រាក់ ពួកគាត់ទាំងនេះ ក៏ទទួលបានដូចគ្នា ព្រោះថាជាដីរួមរបស់សហគមន៍។
លោក ញឹម ញឿន បន្តថា ពលរដ្ឋមិនគួរធ្វើការប្តឹងផ្តល់ តវ៉ាទាមទារខុសការពិតដូចនេះឡើយ ព្រោះខ្លួនទាំងអស់គ្នាបានព្រមព្រៀងឯកភាពលក់ដីហើយ ម្តេចឡើយដល់ពេលដីបានថ្លៃ បែរជានាំគ្នាបះបោរ កែនកម្លាំងតវ៉ាដូចនេះទៅវិញ វាមិនត្រឹមត្រូវនោះទេ ព្រោះឯកសារ និងឈ្មោះទទួលប្រាក់ គឺម្ចាស់គេមានរក្សាទុកក្នុងដៃ។
លិខិតពលរដ្ឋលក់ផ្តាច់ដីរួមភូមិ
បន្ថែមពីលើនេះ លោក ញឹម ញឿន ថា ពលរដ្ឋដែលកំពុងតវ៉ា មួយចំនួនជាម្ចាស់ដី ដែលធ្លាប់បានលក់ទៅឱ្យលោកស្រី សឺ វណ្ណនី ដីរួមភូមិ និងលក់ទៅឱ្យលោក ប៉ាក់ ចាន់ផល ដីបុគ្គល ដែលមានបង្កាន់ដៃពួកគាត់កាន់កាប់ដី តែពេលនេះ មកចោទអ្នកទិញស្របច្បាប់ ថាបានរំលោភយកដីភូមិ ឬដីីរបស់ពួកខ្លួនទៅវិញនៃការឃុំឃិតគ្នាលក់របស់អាជ្ញាធរ។
លោកបន្តថា ការតវ៉ារបស់ពលរដ្ឋ ដោយសារតែមានមេខ្យល់បំផុសបំផុល ដោយកាលគ្រាដីមានតម្លៃទាក គ្មានអ្នកណាខ្វល់ឡើយ ធ្វើយ៉ាងណាឱ្យតែបានលុយ តែពេលដីឡើងថ្លៃ ពួកគេបានរៀបចំគំរោងការណ៍ និងក្រឡាស់សំដីរបស់ខ្លួន ដោយក្នុងនោះសូម្បីតែកូនចៅរបស់លោក លាស់ គីង ដែលកំពុងប្តឹងពេលនេះ ក៏បានទទួលលុយពីការលក់ដីរួមភូមិនេះដែរ ដែលការប្រគល់លុយកាក់នេះ គឺធ្វើឡើងនៅផ្ទះលោក លាស់ គីង ផ្ទាល់តែម្តងកាលពីគ្រានោះ។ ហើយថាពលរដ្ឋ បានឯកភាពអោយលោកឈរឈ្មោះជាតំណាងលើដី៥ហិតា.លោក ខឹម ទូច ៥ហិតា និងលោក តូច អឿន ៥ហិតា ក្នុងមួយហិតាតម្លៃ២០០ដុល្លា គ្រប់ចំនួនថវិកា ដែលលោកស្រី សឺ វណ្ណនី បានកក់សម្រាប់ការរៀបចំដី១០០ហិតា តែដោយអ្នកទទួលរៀប រៀបមិនបាន បានតែដី១៥ហិតា ទើបព្រមទទួលក្នុងតម្លៃប្រាក់កក់ខាងលើ ជាសមូហភាព មតិពលរដ្ឋក្នុងភូមិទាំង១៧០គ្រួសារ ក្នុងមួយគ្រួសារ១៥ដុល្លា ស្មើ៦ម៉ឺនរៀល។
ព្រមជាមួយគ្នានេះ លោក ញឹម ញឿន ក៏បានសម្តែងការហួសចិត្ត ដែលពលរដ្ឋបានប្តឹងរូបលោក ថា លួចលក់ដីរួមភូមិ ដោយលោកថា លួចលក់យ៉ាងណា បើមានការស៊ីញ៉េររបស់មេឃុំ និងមេភូមិ ដោយពលរដ្ឋខ្លួនឯងជាអ្នកទទួលថវិកាផ្ទាល់ដៃទៀត នៅផ្ទះលោក លាស់ គីង អតីមេភូមិដូនអាត់។ លោកថា ហួសចិត្តមេខ្យល់ ក្រោយដីបានថ្លៃ ក្នុងមួយការ៉េ៥ដុល្លា បានប្រមូលផ្តុំប៉ះបោរពលរដ្ឋឲ្យក្រោកតវ៉ា និងសន្យាជាមួយពលរដ្ឋថា បើដីដែលខ្លួនកំពុងទាមទារនោះបានដូចផែនការណ៍ ពលរដ្ឋនិងទទួលបានប្រាក់មួយគ្រួសារ ចាប់ពី៣ពាន់ ទៅ៥ពាន់ដុល្លា។
ចំណែកលោក អំ ចេវ ដែលជាមេភូមិស្វាយដូនអាត់បច្ចុប្បន្ន វ័យ៧១ឆ្នាំ រងបណ្តឹងផងដែរនោះ បានប្រាប់ TN TV ដោយគ្មានកម្លាំងក្នុងខ្លួនព្រោះវ័យកាន់តែចាស់ ហាក់មានជំងឺផងនោះ ដោយសម្លេងខ្សាវៗស្ទើរស្តាប់មិនបានថា លោកមិនដឹងឡើយ លោកហួសចិត្ត មេភូមិសម័យនោះមិនប្តឹង បែរជាមកប្តឹងលោក ចោទថាជាអ្នកលួចលក់ដីទៅវិញ។
លោក អំ ចេវ បន្តថា លោកពិតជាបានចូលរួមមើលគេទទួលប្រាក់ នៅផ្ទះលោក លាស់ គីង ដែលជាមេភូមិជំនាន់នោះ តាមការកោះហៅទៅទទួលប្រាក់ចំនួន១៥ដុល្លាមែន។ តែលោកថា ខ្លួនលោកផ្ទាល់មិនបានទទួលឡើយ គឺគ្រួសាររបស់លោកទេជាអ្នកទទួល ដោយសូម្បីតែលុយ១រយរៀលក៏លោកមិនបានប៉ះផង ហើយថាការចោទរបស់ពលរដ្ឋទាំង១៣៧គ្រួសារ មកលើរូបលោកដូចនេះ វាអយុត្តិធម៌បំផុត ដែលលោកមិនអាចទទួលយកបានឡើយ។
លោក អំ ចេវ ប្រធានភូមិអូនអាត់ ដែលពលរដ្ឋប្តឹងលក់ដីរួមភូមិ (ឆ្វេង)
ចំណែកមេឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក កេត សុខុម ប្រាប់ថា ពលរដ្ឋមកតវ៉ាពេលនេះ វាហាក់ហួសតំណើរទៅហើយ។ ហួសតំណើរត្រូវបានលោកមេឃុំពន្យល់ថា បើខ្លួនអះអាងថា មិនបានលក់ដីទាំងនោះ ហេតុអ្វីមិនព្រមតវ៉ាចាប់តាំងពីក្រុមការងារចុះវាស់ក្បាល់ដី បិទបញ្ជីរក្បាលដី រហូតដល់មានការឈូសឆាយដាំបង្គោល ខ្លួនថែមទាំងទៅរើសអូសយកមកផុតទៀតផង រឿងអ្វីឆ្លើយថាមិនដឹងគេឈូសឆាយដី និងដីនេះមានម្ចាស់កម្មសិទ្ធិ។
លោកមេឃុំបន្តថា ដោយមានមេខ្យល់ ជាអ្នកធ្វើព្យុះភ្លៀងនេះ ទើបពលរដ្ឋនាំគ្នាតវ៉ា ទាំងដឹងថាខ្លួនបានលក់ដីរួចទៅហើយ ដោយក្នុងនោះដីរបស់លោក ប៉ាក់ ចាន់ផល មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ដោយការទិញពីពលរដ្ឋជាក់ស្តែង។ លោកបន្តថា មេខ្យល់ដឹងសំរឹបដីតំបន់ខាងលើបានថ្លៃ ដោយការអភិវឌ្ឍន៍របស់លោក ឧញ៉ា ម៉ុង ឬទ្ធី នៅតំបន់នោះ ទើបដើរកែនពលរដ្ឋប៉ះបោរបែបនេះ។ លោកថា បើពលរដ្ឋទាំង១៣៧គ្រួសារនេះ ធ្វើដូច្នេះបាន ចុះភូមិដ៏ទៃទៀតមេខ្យល់ដើរបំផុសដូចគ្នា វាមិនកាន់តែជាបញ្ហាទៅហើយ។ តែយ៉ាងណាលោកថា កិច្ចការនេះ លោកបានត្រឹមតែសម្របសម្រួលប៉ុណ្ណោះ។ តែជាក់ស្តែងលោកទទួលស្គាល់ថា ទាំងដីលោកស្រី សឺ វណ្ណនី និងដីរបស់លោក ប៉ាក់ ចាន់ផល គឺមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវជាក់ស្តែងតាមគតិយុត្តិនៃច្បាប់។
លោក កេត សុខុម មេឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ដូចគ្នានេះ តាមប្រភពក៏បានបង្ហើបឲ្យដឹងផងដែរថា ក្រុមមេខ្យល់កំពុងធ្វើសកម្មភាពនេះ ក្រោមរូបភាពឈ្នះបានដី ចាញ់បានលុយ ដោយឈ្មួញមានលុយឈរពីក្រោយពួកគេ នៃសកម្មភាព ដើម្បីបំណងក្រសោបដីនោះទាំងអស់ ក្នុងការទទួលទិញពីពលរដ្ឋ ១ការ៉េតម្លៃ៥ដុល្លា។
មិនតែប៉ុណ្ណោះ ក៏មានក្រុមបណ្តាញព័ត៌មានមួយចំនួនរងចាំរត់ការ និងជួយបំពង សកម្មភាពរបស់ពលរដ្ឋ ដែលកំពុងធ្វើផ្ទុយនិងច្បាប់នេះផងដែរ ដោយស្រែកថាខ្លួនជាពលរដ្ឋរងគ្រោះ ត្រូវគេរំលោភដី ឬអាជ្ញាធរ ឃុំឃិតលក់ដីរួមភូមិ។ តែធាតុពិត ពួកខ្លួនបានលក់ដីទាំងនោះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៨រហូតមក។ នេះជាការប្រាប់ឲ្យដឹងបន្ថែមពីសាក្សីរស់ ក្នុងចំណោមអតីតពលរដ្ឋលក់ដីទាំង១៧០គ្រួសារ និងបច្ចុប្បន្នកំពុងតវ៉ា១៣៧គ្រួសារ ដោយគ្មានឯកសារអ្វីទាំងអស់ បញ្ជាក់ថាខ្លួនជាម្ចាស់ដី ឬដីរួមរបស់ភូមិ៕