ចេញផ្សាយ ថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១
សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្ត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់គោកចក ក្រុងសឪមរាប ដែលបានបិទកាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
ក្រោយមានការបិទ សង្កាត់គោកចក ហាក់មានភាពស្ងប់ស្ងាត់ អាជីវករជុំវិញផ្សារដើមក្រឡាញ់ នៅបន្តលក់ដូរតាមធម្មតា តែមិនសូវអ៊ូអរដូចមុន ម្យ៉ាងទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់មួយចំនួនទៀត បានរៀបចំការបង្ការ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាន ជំងឺកូវីដ១៩ ក្នុងសហគមន៍។
ដូចគ្នានេះ ចំពោះភូមិគោកត្នោត ត្រូវបានបិទបន្ថែមមិនឲ្យមានការចេញចូល ដោយបន្ថែមលើការបិទសង្កាត់ ចំពោះស្ថានការណ៍បែបនេះ រដ្ឋបាលខេត្តសៀមរាប សូមបងប្អូនមេត្តាយោគយល់ចំពោះការបិទភូមិជាបណ្តោះអាសន្ន ដោយផ្អាកការធ្វើដំណើរមួយរយៈ រង់ចាំការតាមដានលទ្ធផលពីមន្ទីរសុខាភិបាលខេត្ត។
ដោយឡែក ប្រជាពលរដ្ឋក្នុងខេត្ត រដ្ឋបាលខេត្តសៀមរាវ សូមធ្វើការអំពាវនាវឱ្យបងប្អូន រក្សាការពារ ថែរក្សាសុខភាពអោយបានល្អ បើមិនចាំបាច់ សូមកុំចេញពីផ្ទះក្នុងពេលនេះ។ ម្យ៉ាងទៀត សូមបងប្អូនបន្តអនុវត្ត ៣ការពារ៖ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា អនុវត្តន៍ឱ្យបានគ្រប់ៗគ្នានិងជាប្រចាំ៕