ចេញផ្សាយ ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលបុរសជាជាងម៉ាស៊ីនត្រជាក់ម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៍ កាលពីវេលាម៉ោង៩នឹង១០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលេខ៥៩៨ កែងនឹងផ្លូវបេតុងហ្គ្រែនភ្នំពេញ ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អ្នកបើកបររថយន្តបង្កឈ្មោះ សាន សែន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកសពជនរងគ្រោះឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលផ្លូវលំ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកគ្លីក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AW-8049 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងហ្គ្រែនភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជាផ្លូវកែង រវាងផ្លូវបេតុងហ្គ្រែនភ្នំពេញ និងផ្លូវ៥៩៨ ក៏រថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-1750 បានបើកខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយ ពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗ។ ក្នុងនោះ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើការវាស់វែង ធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ និងសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ព្រមទាំងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕