ប្រជាពលរដ្ឋចំនួន៦៣នាក់ ត្រូវបានអាជ្ញាធរ ស្រុកអង្គស្នួល អនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ

0
934

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១

កណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៦៣នាក់ ដែលធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ និងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងៗខ្លួនផងដែរ។

ជាមួយគ្នានោះ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានសម្ដែងនូវការអបអរសាទរ ដែលបងប្អូនប្រជាពលរដ្ឋទាំង ៦៣នាក់ មិនមានអ្នកណាម្នាក់វិជ្ជមាននូវមេរោគកូវីដ-១៩ ដោយលោកអភិបាលស្រុកក៏បានសម្តែងថ្លែងអំណរគុណយ៉ាងជឿជាក់បំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អ ក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកអភិបាលស្រុកអង្គស្នួល បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង៦៣នាក់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។ លោកអភិបាលស្រុកអង្គស្នួល ក៏បានសំណូមពរដល់បងប្អូនប្រជាពរដ្ឋ នៅពេលត្រឡប់ទៅលំនៅឋានវិញ សូមបន្តផ្សព្វផ្សាយវិធានការទាំងនេះ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ។

ក្នុងនោះដែរ លោកអភិបាលស្រុក បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ៦៣នាក់ ក្នុង១នាក់ទទួលបាន :អង្ករ២៥គីឡូក្រាុំ មី១កេសតូច,ម៉ាសក្រណាត់៥ម៉ាស,អាល់កុល១ដបតូច និងថវិកាចំនួន៥មុឺនរៀល ដែលជាថវិការបស់រដ្ឋបាលខេត្ត៕