ក្រសួងសុខាភិបាល ប្រកាសករណីស្លាប់បុរសម្នាក់ទៀត ដោយសារជំងឺកូវីដ-១៩

0
1310

ចេញផ្សាយ ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីស្លាប់បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាព- ខ្មែរសូវៀត បុរសជនជាតិខ្មែរអាយុ៥៥ឆ្នាំ មានអាសយដ្ឋានភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០​២១ វេលាម៉ោង១៦:០០នាទីរសៀល។

បុរសខាងលើ បានធ្លាក់ខ្លួនឈឺដោយក្តៅខ្លួន និងក្អកប្រហែលជា៣ទៅ៤ថ្ងៃមុនស្លាប់ ដោយសភាពកាន់តែធ្ងន់ធ្ងរទៅ ក៏បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០​២១ វេលាម៉ោង១៥:៣០នាទីរសៀល ក្នុងស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំង ដែលជាសញ្ញាវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។ ដោយការសង្ស័យក្រុមគ្រូពេទ្យ បានយកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ នៅវេលាម៉ោង២៣:០០យប់ថ្ងៃដដែល។ ដោយស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រួពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏មានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមភ្លាមៗតែជាអកុសល់ ក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ គាត់ក៏បានធ្វើមរណៈភាពកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ទៅ។

ជាមួយគ្នានេះ តាមការសន្និដ្ឋានរបស់ក្រុមគ្រួពេទ្យបានឱ្យដឹងថា បុរសវ័យ៥៥ឆ្នាំខាងលើ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក។

យ៉ាងណាសូមបងប្អូនមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស៣កុំ និង៣ការពារ៕