ចេញផ្សាយ ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១
កំពង់ចាម៖ អគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងទាំងស្រុង រួមជាមួយរួមជាមួយទ្រព្យសម្បត្តិឆេះគ្មានសល់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃ២៧ ខែមីនា ឆ្នាំ២០២១ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយទទួលបានព័ត៌មាននេះ លោក ខ្លូត ចិន្តា អភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងប្រជាការពារ ចេញរថយន្ដពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុក ចុះទៅធ្វើអន្ដរាគមន៍ជួយពន្លត់ភ្លើងផងដែរ។
ចំណែកលោកអធិការស្រុកចំការលើ ប៉ែន ទៀងចំរើន បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ អុន លីម ភេទស្រី អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវភ្លើងឆេះផ្ទះទំហំ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តា អស់ប្រហែល៨០% ខូចខាតប្រាក់ចំនួន៤.០០០.០០០រៀល និងប្រាក់ដុល្លារ៥០០$ ខ្សែកមាស៥ជី ចិញ្ចៀនមាស២ជី និងសម្ភារជាច្រើនទៀត។
លោកអធិការបន្តថា មូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយអគ្គិភ័យរលត់ជាស្ថាពរនៅវេលាមោង១៤:១០នាទី ដោយមិនបណ្ដាលឱ្យរបួសដល់មនុស្សណាម្នាក់នោះទេ៕