មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកលើកដែក ត្រូវបានប្រជាពករដ្ឋប្រទះឃើញស្លាប់ក្នុងរថយន្ត

0
1436

ចេញផ្សាយ ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

កណ្តាល៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រពលរដ្ឋបានប្រទះឃើញមន្ត្រីកងរាជអាវុធហត្ថ ស្រុកលើកដែក ដេកស្លាប់ក្នុងរថយន្តក្បែរចិញ្ចើមផ្លូវនៅស្រុកកៀនស្វាយ ដោយហេតុការណ៍ បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ នូវ សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកលើកដែក ខេត្តកណ្ដាល ដោយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរថយន្តរបស់លោក ម៉ាកកាមរីហើមពណ៌ស ពាក់ស្លាកលេខកណ្ដាល 2A-28 95 ធ្លាក់នៅចិញ្ចើមផ្លូវ ដោយម៉ាស៊ីនមិនទាន់រលត់ ពេលនោះប្រ​ជាពលរដ្ឋក៏បានអេីតមើល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់ក្នុងរថយន្តបាត់ទៅហើយ។ ភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកកន្លែងកើតដើម្បីធ្វើការត្រួតពិនិត្យ។

សមត្ថកិច្ច ដែលចុះទៅដល់កន្លែងកើតហេតុ ក៏បានបន្តទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ឲ្យមកដល់កន្លែងកើតហេតុ ដើម្បីទទួលយកសព។ យ៉ាងណាជំនាញ នៅមិនទាន់បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់បារបង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬមួយក៏ស្លាប់ដោយសារការគាំងបេះដូងនោះទេ?។ បើតាមក្រុមគ្រួសារ បានបញ្ជាក់ថា ជនរងគ្រោះមានជំងឺបេះដូង៕