ចេញផ្សាយ ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១
កណ្តាល៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅបុរីលំនៅដ្ឋានទីក្រុងរណប សិរីមង្គល ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក លោកជំទាវ ហ៊ុន កុសនី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ហើយរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកជំទាវអភិបាលរងខេត្ត បន្ថែមថា ការធ្វើចត្តាឡីស័កនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩ យើងមិនបានចម្លងទៅក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើចតាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ពីអ្នកដទៃដែរឬទេ។
ជាមួយគ្នានេះ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា បុរីលំនៅដ្ឋានទីក្រុងរណប សិរីមង្គល ដែលមានជាប់ពាក់ព័ន្ធផ្ទះល្វែង ចំនួន៥៣៧ល្វែង និងមានប្រជាពលរដ្ឋកំពុងរស់នៅចំនួន២៤៨ល្វែង មានប្រជាពលរដ្ឋរស់នៅសរុប៧៥០នាក់។ លោកអភិបាលក្រុង បានបន្ថែមទៀតថា ការដែលឈានដល់បិទជាបណ្ដោះអាសន្ននៅបុរីមួយនេះ បន្ទាប់ពីរកឃើញមានវិជ្ជមានអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៧នាក់កាលពីពេលកន្លងទៅនេះ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រុងតាខ្មៅ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣នាក់ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន១៣៥៦នាក់៕