ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ ស្តង់ដា២ វាមិនមែនកើតឡើងតែនៅក្នុងក្រុម ឬបក្ខពួកគណបក្សប្រជាជនកម្ពុជា ដែលត្រូវក្រុមលោក សម រង្ស៊ី ចោទនោះឡើយ។
ការចោទ ហើយត្រូវឡងទៅវិញ ចំកណ្តាលមុខរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ពិសេសអ្នកដែលភក្តីភាពជាមួយលោក សម រង្ស៊ី វាបានកើតឡើងយ៉ាងពេញបន្ទុក ព្រោះពោរពេញទៅដោយបក្ខពួកនិយម នៃចង្កោមអ្នកប្រជាធិបតេយ្យតែសម្បកក្រៅនេះ។
អ្វីទាំងនេះ វាបានកើតឡើងទៅលើអតីតសកម្មជន ដែលពួកគេប្រឈម និងបានចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមលោក សម រង្ស៊ី ព្រួតក្បាលគ្នាប្រមាថ តិះដៀល គ្រប់សព្វបែបយ៉ាង រហូតអ្នកខ្លះដែលស្មោះស្ម័គ្របំផុត ត្រូវក្រុមទាំងនោះ ចោទប្រកាន់គ្រប់ជំហ៊ាន ធ្វើឱ្យអ្នកមួយចំនួនមិនអាចទ្រាំបានជាមួយក្រុមលោក សម រង្ស៊ី ដែលស៊ីឈ្នួលជេរ ចោទប្រកាន់ និងលាបពណ៌ សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនបាច់បង្ខំ។ រីឯអ្នកដែលស្ម័គ្រស្មោះ ជាមួយអតីតគណបក្សសង្គ្រោះជាតិ ដោយពិតប្រាកដ ពួកគេនៅតែរឹងមាំ និងតស៊ូជានិច្ច ទោះត្រូវក្រុមលោក សម រង្ស៊ី ដែលជាពួកស៊ីឈ្នួលជេរ ប្រមាថ លាបពណ៌ យ៉ាងណា ក៏មិនរត់ចោលគណបក្សឡើយ ដោយដាំដើមគរ ក្នុងចិត្ត ដើម្បីឆ្ពោះទៅគោលដៅ ដែលជាមនសិការជាតិនិយមរបស់ពួកគេ។
តែផ្ទុយទៅវិញ បើជាក្រុមលោក សម រង្ស៊ី អស់ផ្លូវ អស់ចិត្ត ឬលែងមានក្តីសង្ឃឹមលើការសន្យាខ្យល់របស់លោក សម រង្ស៊ី និងមេដឹកនាំកាន់ស្លែរទាំងនោះ ដោយពួកគេខ្លាចអន់ ព្រោះធ្លាប់តែជេរដៀលគេ ពេលនេះត្រូវក្រុមខ្លួនចាកចេញពីខ្លួន ពួកទាំងនេះបានរៀបចំសេនារីយ៉ូ ត្រដុំក្បាលគ្នាចេញមកការពារ បក្ខពួកខ្លួន ដែលចេញទៅនោះ ដោយលើកហេតុផលថា៖
១ ប្រឈមបញ្ហាគ្រួសារ
២ ត្រូវគេគំរាម
៣ មិនមែនជាពួកគេមិនដឹងថា គ្នាពិបាកយ៉ាងណាទេ កុំចេះតែចោទ។ល។ ជាដើម។
ក្នុងន័យនេះ បានស្តែងពីស្តង់ដា២ នៃក្រុមតែមួយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលពួកអ្នកទាំងនេះ លាងគូថខ្លួនឯងមិនទាំងជ្រះផង មកចង្អុលគេ ព្រោះថា បើពិនិត្យទិដ្ឋភាពជារួម សួរថា តើមានតែក្រុមលោក សម រង្ស៊ី ទេដែលចេះលំបាក និងប្រឈមនោះ ហេតុអ្វីក្រុមខ្លួនចុះចូលជាមួយគណបក្សកាន់អំណាច សុតតែលើកហេតុផលនេះហេតុផលនោះ?។ ចុះហេតុអ្វីមិនមែនបក្ខពួកខ្លួន ដែលអ្នកខ្លះលះបង់ទាំងជីវិតដើម្បីតែគណបក្សសង្គ្រោះជាតិ ត្រូវពួកអស់លោកប្រមាថការលះបង់ និងសេចក្តីតស៊ូរបស់ពួកគេបែបនេះ? តើមានយល់អារម្មណ៍របស់អ្នកមិនបានធ្វើខុស ហើយត្រូវពួកអស់លោក លោកស្រី ចោទទាំងបំពានបែបនេះទេ? ហើយតើមានយល់អារម្មណ៍ អ្នករងគ្រោះដែលរងការគំរាមដែលឬទេ? នៅពេលពួគគេសម្រេចចិត្តដើម្បីគ្រួសារ បែបជាត្រូវក្រុមអស់លោក លោកស្រី ចោទពួកគេទាំងនោះជាក្រុមក្បត់ទៅវិញ?។ ហេតុ និងផលនេះ វាមិនខុសទេ ការសម្រេចចិត្តរបស់ប្អូនៗ បងៗដែលចាកចេញពីទ្រនំចាស់ តោងទ្រនំថ្មី ឬត្រូវខាំស្មៅបន្តនោះ តែសុំកុំបែងចែកបក្ខពួក ឬការអនុវត្តន៍ស្តង់ដា២ ក្នុងបក្សតែមួយនៃអ្នកស្នេហាជាតិនោះ មិនមែនជាតិនេះស្នេហាតែក្រុមអស់លោកទេ ផែនដីនេះ មិនមែនរែកតែអស់លោក លោកស្រី មួយដំប៉រស្វានោះឡើយ។ បើអាច បញ្ចប់ទៅ វប្បធម៌លាបពណ៌ និងការបែងចែកស្តង់ដា២ ក្នុងជួរនៃអតីតគណបក្សសង្គ្រោះជាតិ ប្រសិនបើចង់រក្សាកម្លាំង និងសម្រេចគោលដៅនោះ បើមិនដូច្នេះទេ មានតែដេកអាំងផេះទៀតហើយ លង់លក់ក្នុងសុបិន្ត នាយករដ្ឋមន្រ្តី នៃក្តីស្រមៃ ឈ្នះគ្រប់អាណត្តិបន្តទៀត៕