ចេញផ្សាយ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ ដោយសារពេលនេះ នៅទីក្រុងភ្នំពេញ កំពុងប្រឈមនឹងស្ថានភាពឆ្លងកូវីដ-១៩ ដ៏អាក្រក់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយគណកម្មាធិការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ១៩ និង សាលាក្រុងភ្នំពេញ យកចិត្តទុកដាក់ក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាបន្ទាន់ ដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា អ្នកលក់បន្លែត្រីសាច់នៅតាមផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់កង់៣ អ្នកយាមផ្សារ កម្មករធ្វើការនៅតាមផ្សារ និងអ្នកដឹកជញ្ជូនទម្លាក់ឥវ៉ាន់តាមផ្សារ ជាដើម។ ជាមួយគ្នានេះ សម្តេចតេជោបានបម្រុងវ៉ាក់សាំងចំនួន ៤០ម៉ឺនដូស ដើម្បីផ្តល់ជូនពលរដ្ឋងាយរងគ្រោះខាងលើ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារអាយុជីវិតពលរដ្ឋ ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕