លោក កឹម សុខា ទោះមិនបានចុះមូលដ្ឋាន ក្នុងកាលៈទេសៈ កម្ពុជាផ្ទុះកូវីដ១៩ តែលោកបន្តជួបមន្រ្តីទូតជាមិត្តកម្ពុជា

0
1032

ចេញផ្សាយ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្ណាំ២០២១នេះ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ដោយមានការព្រួយបារម្ភអំពីបញ្ហានានា ដែលពាក់ពន្ធ័នឹង ជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានកំពុង និងអាចប្រឈមនៅពេលអនាគត ទោះបីកាលៈទេសៈនេះ លោកមិនមានសិទ្ធិសេរីភាពពេញលេញ និងមិនមានសមត្ថកិច្ចជាអ្នកដោះស្រាយបញ្ហាទាំងនោះក្តី តែលោកនៅតែមានចេតនាចូលរួមធ្វើអី្វដែលលោកអាចធ្វើបានតាមលទ្ធភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជាតិខ្មែរ។

លោក កឹម សុខា បន្តថា ដោយសារមានការរីករាលដាលជំងឺឆ្លង កូវីដ-១៩ លោកមិនអាចធ្វើដំណើរទៅតាមមូលដ្ឋានជួបជុំបងប្អូនជនរួមជាតិបាន លោកក៏តែងតែជួបប្រាស្រយ័ទាក់ទងជាមួយទូតមួយចំនួននៃប្រទេសជាមិត្តរបស់កម្ពុជាជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះ លោកក៏បានជួបជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

លោក កឹម សុខា បង្ហាញថា ក្នុងជំនួបនោះ ពួកលោកបានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានជុំវិញកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ(កម្ពុជា និងសហរដ្ឋអាមេរិក)លើវិស័យនានា ក៏ដូចជាបញ្ហាប្រឈមដោយជំងឺឆ្លងកូវីដ-១៩ ជាពិសេសអំពីជំនួយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកផងដែរ។

ជាមួយគ្នានេះ លោក កឹម សុខា ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅទាំងក្នុង និងក្រៅប្រទេស សូមបង្កើនការប្រុងប្រយត្ន័ខ្ពស់ អនុវត្តន៍នូវវិធានការការពារឲ្យបានហ្មត់ចត់ទប់ទល់នឹងជំងឺឆ្លងកូវីដ-១៩នេះ៕