ចេញផ្សាយ ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបិទខ្ទប់តំបន់នេះរយៈពេល២សប្តាហ៍ ព្រោះដោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងហសគមន៍។
បើតាម ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា អំណោយដែលទទួលបានរួមមានអង្ករ១ប៉ាវ ចំនួន២៥គីឡូ មី១កេស ត្រីខ២០កំប៉ុង និងថវិកាចំនួន៣០មុឺនរៀលក្នុងមួយគ្រួសារ។ ក្នុងនោះ នៅថ្ងៃនេះ រដ្ឋបាលរាជធានីភំ្នពេញ បានចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១.០០០គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ កំពុងធ្វើចត្តាឡីស័ក ហើយរដ្ឋបាលរាជធានីភំ្នពេញ នឹងធ្វើការចែកជាបន្តបន្ទាប់ទៀតជូនបងប្អូនយើងឱ្យគ្រប់ក្រុមគ្រួសារ។
សូមជំរាបថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងមួយរយៈចុងក្រោយនេះ មានការផ្ទុះឡើងគួរឱ្យព្រួយបារម្ភបំផុត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើមិនមានការចាំបាច់អ្វីសំខាន់នោះទេ សូមមេត្តាកុំចេញក្រៅផ្ទះអោយសោះ៕
#សាលារាជធានីភ្នំពេញ #កូដីវ១៩ #កូរ៉ូណា #វីរ៉ូសកូវីដ១៩ #Corona #Covid19 #CoronaVirus #TNHOTNEW #TNTV