ចេញផ្សាយ ថ្ងៃអង្ការ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញហើយ បន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។
បើយោងតាមព្រះរាជក្រឹត្យ ឡាយព្រះហស្ថលេខា របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បញ្ជាក់ថា ព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាឡើងវិញនេះជូនលោក ថាច់ សេដ្ឋា ធ្វើឡើងតាមសំណើក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
យ៉ាងណាក៏ដោយចុះ ក្រោយលោក ថាច់ សេដ្ឋា ទទួលបានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញនេះ តាមមន្រ្តី ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានបង្ហើបឱ្យដឹងថា លោក ថាច់ សេដ្ឋា និងចូលរួមសកម្មភាពនយោបាយជាមួយលោក ទាវ វណ្ណុល អតីតសមាជិកព្រឹទ្ធសភា ដើម្បីចូលរួមដឹកនាំគណបក្សភ្លើងទៀន អតីតគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី។
ទោះបីជាមានការលើកឡើងយ៉ាងនេះក្តី ចំពោះលោក ថាច់ សេដ្ឋា ខ្លួនលោកផ្ទាល់ នៅមិនទាន់បង្ហាញជាសាធារណៈថា តើលោកនិងចូលរួមដឹកនាំគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី ឬ ត្រូវចូលរួមជាមួយគណបក្សនយោបាយថ្មីណាមួយនោះទេ បើទោះបីជាពេលនេះ អតីតថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់បានចេញមកបង្កើតគណបក្ស ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ដែលរួមមាន គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា,គណបក្ស ឆន្ទៈខ្មែរ របស់លោក គង់ ម៉ុនីកា កូនប្រុសពៅលោក គង់ គាំ,គណបក្សខ្មែរអភិរ័ក្ស របស់លោក រៀល ខេម រិន្ទ្រ និងថ្មីៗនេះ គណបក្ស កែទម្រង់កម្ពុជា របស់លោក អ៊ូ ច័ន្ទរ័ត្ន ជាដើម។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៥រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១ លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ,ទី២ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ខេត្តព្រៃវែង,ទី៣ លោក ស៊ីម សុវណ្ណនី,ទី៤ លោក រៀល ខេមរិន្ទ អតីតតំណាងរាស្រ្ត ខេត្តស្វាយរៀង,ទី៥ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត ខេត្តតាកែវ,ទី៦ លោកស្រី ទេព សុទ្ធី អតីតតំណាងរាស្រ្ត ខេត្តតាកែវ,ទី៧ លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ខេត្តកំពង់ចាម,ទី៨ លោក ជីវ កត្តា អតីតតំណាងរាស្រ្ត ខេត្តកំពង់ចាម,ទី៩ លោក ច័ន្ទ សិលា,ទី១០ លោក សុន ឆ័យ អតីតតំណាងរាស្រ្ត ភ្នំពេញ,ទី១១ លោក តាវ គឹមឈន,ទី១២ លោកវ៉ា សាម៉ុន,ទី១៣ លោក ស៊ុន សុភ័ក្រ,ទី១៤ លោកស្រី លី ស្រីវីណា អតីតំណាងរាស្រ្ត ភ្នំពេញ និងទី១៥ លោក ថាច់ សេដ្ឋា អតីត សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិនេះឯង៕