ចេញផ្សាយ ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានបញ្ជាឱ្យគណៈរដ្ឋមន្រ្តីរបស់លោកពិចារណាដាក់ពាក្យ \បណ្តឹងទៅតុលាការអន្តរជាតិប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រទេសជប៉ុន ដែលបញ្ចេញទឹកមានវិទ្យុសកម្ម ពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
លោក Kang Min-seok អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធនៅទីក្រុងសេអ៊ូលថា លោក Moon ចង់អោយមន្ត្រីពិនិត្យមើលថាតើគួរប្តឹងបញ្ហានេះនៅសាលាក្តីអន្តរជាតិអំពីច្បាប់សមុទ្រឬយ៉ាងណា។
លោក Yoshihide Suga នាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់លោកបានយល់ព្រមផែនការបញ្ចេញទឹកកខ្វក់ចំនួន ១,៣ លានតោនពីរោងចក្រ Fukushima ចូលទៅក្នុងមហាសមុទ្រ ដោយចាប់ផ្តើមនៅឆ្នាំក្រោយ នៅពេលដែលអាងស្តុកទឹករបស់រោងចក្រនេះពេញ។ លោក Suga បាននិយាយថា ផែនការបញ្ចេញទឹកទៅក្នុងមហាសមុទ្រ គឺជាផ្នែកមួយដែលមិនអាចចៀសផុតរបស់រោងចក្រនេះ។
កាលពីថ្ងៃពុធ លោក Moon ក៏បានបង្ហាញការព្រួយបារម្ភរបស់លោកអំពីផែនការនេះប្រាប់លោក Koichi Aiboshi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកូរ៉េខាងត្បូង នៅពេលលោក Aiboshi បង្ហាញប្រគល់សារតាំងជាផ្លូវការ។ លោកបានប្រាប់លោកឯកអគ្គរដ្ឋទូតថា ប្រទេសទាំងពីរមានភូមិសាស្ត្រជិតគ្នាហើយមានសមុទ្ររួមគ្នា។ លោក Aiboshi ត្រូវបានកោះហៅជាផ្លូវការទៅក្រសួងការបរទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារដើម្បីស្តាប់ការតវ៉ាជាផ្លូវការអំពីផែនការនេះ៕
#VOA #Fukushima #TNTV #TNHOTNEW