គ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានបិទការលក់ដូររយៈពេល១៤ថ្ងៃ ទូទាំងខេត្តកំពត

0
1003

ចេញផ្សាយ ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១

កំពត៖ គ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងខេត្តកំពត ត្រូវបានហាមក្នុងការលក់ដូររយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពត ដែលចុះហត្ថលេខាដោយ លោក ជាវ តាយ អភិបាលខេត្ត កាលពីថ្ងៃទី១៥ម្សិលម៉ិញនេះ។

ក្នុងសេចក្តជូនដំណឹង របស់រដ្ឋបាលខេត្តកំពត បានបង្ហាញថា ស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ កាន់តែខ្លាំងឡើងៗ និងក្នុងគោលបំណងធានា ការពារដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដូចខាងក្រោម៖

១ ផ្អាកការលក់ដូរចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តកំពតទាំងមូលជាបណ្តោះអា​សន្ន ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ

២ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ស្ថិតក្នុងភូមិ​សាស្រ្តខេត្តកំពត ត្រូវផ្អាកជាបណ្តោះអាសន្ននូវការចែកចាយ លក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ

៣ គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ និងអាជីករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវផ្អាក រាក់ការបម្រើគ្រឿងស្រវឹង​ជូនភ្ញៀវជាបណ្តោះអាសន្ន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពតសង្កត់ធ្ងន់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់​គ្រង​ក្រុមហ៊ុុន ម្ចាស់ដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូចលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងនានា​ពាក់ព័ន្ធ​ការ​លក់​ដូរ​គ្រឿងស្រវឹង ដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលការអនុវត្តន៍វិធានការ​រដ្ឋ​បាល និងវិធានការច្បាប់ជាធរមានដោយ​គ្មានការ​លើកលែង​ឡើយ៕

#រដ្ឋបាខេត្តកំពត #ហាមលក់គ្រឿងស្រវឹង #គ្រឿងស្រវឹង #ជាវតាយ #TNTV #TNHOTNEW #CORONA #CORONAVIRUS #COVID19 #COVID19CAMBODIA