ចេញផ្សាយ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ អ្ននយោបាយវោហារមិនចេះរីងស្ងួត មាជ សុវណ្ណារ៉ា បានប្រតិកម្មភ្លាមៗ ក្រោយមានការបែកធ្លាយលិខិត ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
ភ្លាមនោះ លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា កម្ទេចដើម្បីត្រួតត្រាជំរំព្រះអាទិត្យ វាហាក់ដូចជាអូសឬស្សីបញ្រ្ចាសចុង ពោលគឺរំលាយបក្សសង្រ្គោះជាតិបាន ចាប់មេបក្សដាក់គុកបាន តែរំលាយ និងចាប់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោតស្ទើរកន្លះនគរពុំបានឡើយ។ ហើយមិនតែប៉ុណ្ណោះសកម្មជនជាស្នូលនៅមូលដ្ឋានរបស់បក្សប្រឆាំងដ៏មានសក្តានុពលមួយនេះ ភាគច្រើនបំផុតលើសលុបនៅតែក្រាញននាលដោយស្វាមីភក្តិជាមួយមេបក្ស និងគោលនយោបាយបក្សសង្រ្គោះជាតិ ទោះបីពួកគេស្ថិតក្នុងការគំរាមកំហែង បំភិតបំភ័យ និងគៀបសង្កត់យ៉ាងណាក៏ដោយក្នុងរយ:ពេលឆ្លងកាត់ជាង៣ឆ្នាំមកនេះ។
លោក មាជ សុវណ្ណារ៉ា បន្ថែមថា ក៏ប៉ុន្តែសម្រាប់មន្រ្តីសំខាន់ៗ នៃអតីតគណបក្សសង្រ្គោះជាតិ មួយចំនួនវិញ ដែលបាន និងត្រៀមបម្រុងសុំសិទិ្ធធ្វើនយោបាយឡើងវិញក្រោយពីត្រូវបានហាមឃាត់ការធ្វើនយោបាយនោះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឬ អ្នកវិភាគចង្អុលបង្ហាញថា ការស្នើសុំសិទិ្ធធ្វើនយោបាយឡើងវិញនេះ មិនខុសពីការជួយឲ្យគណបក្សប្រជាជនកម្ពុជា បានស្តារមុខមាត់ឡើងវិញ មិនខុសពីទាញយកឆ្អឹងដែលកំពុងស្លាក់ក្នុងបំពង់ករបស់បក្សកាន់អំណាចនោះឡើយ។ ដោយបន្ថែមលើសនេះទៀត គេគិតថា អ្នកទៅសុំសិទិ្ធធ្វើនយោបាយ វាហាក់បីដូចជាមិនអើពើទៅនឹង “គោលការណ៍កឹមសុខា-សមរង្សី ជាមនុស្សតែមួយ”។ ហើយម្យ៉ាងទៀតពួកគេហាក់ដូចជាមិនចាប់អារម្មណ៍ ថាតើបានអាន ឬ ក៏ធ្វើមិនដឹងមិនឮអំពី “សេចក្តីសម្រេច” ជាបន្តបន្ទាប់របស់សហគមន៍អន្តរជាតិ ទៅលើរបបដឹកនាំដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា?។
លោក មាជ សុវណ្ណារ៉ា បន្តថា ការរំលាយមន្រ្តីឃុំសង្កាត់៥០០៧នាក់ បានក្លាយជាឆ្អឹងតូចៗចាក់ស្រេះបំពង់កគណបក្សប្រជាជនកម្ពុជា ហើយការរំលាយគណបក្សសង្រ្គោះជាតិទៀតសោត បានក្លាយជាឆ្អឹងដ៏ធំដែលកំពុងតែចាក់ដោតបំពង់កបក្សកាន់អំណាចនេះផងដែរ។ ដោយឆ្អឺងទាំងនេះបានបង្កជាដំបៅរបួសស្នាម និងរាំងស្ទះដល់ការលេបអាហារបំប៉នភាពធំធាត់របស់គណបក្សមួយនេះ។ ដោយមន្រ្តីជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានទទួលរងភាពអាម៉ាស់ខ្លាំង ជាមួយទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងទិដ្ឋាការជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងថ្មីៗនេះសហគមន៍អឺរ៉ុបក៏បានចេញសេចក្តីសម្រេចចិត្ត ដែលអាចឈានទៅរកការដាក់ទណ្ឌកម្មបុគ្គល និងការដកហូតទ្រព្យសម្បត្តិ។ រីឯបណ្តាប្រទេសប្រជាធិបតេយ្យរបស់ពិភពលោក ក៏បានដាក់សម្ពាធទៅលើគណបក្សប្រជាជនជាបន្តបន្ទាប់ និងស្នើឱ្យគណបក្សនេះ ផ្តល់អ្វីៗឡើងវិញដល់គណបក្សសង្រ្គោះជាតិ តាមរយៈការផ្សះផ្សាជាតិ ជាដំបូងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព និងសិទ្ធិធ្វើនយោបាយ ។
យ៉ាងណាក្រុមអ្នកវិភាគនិយាយថា បើការរំលាយគណបក្សសង្រ្គោះជាតិ និងការដាក់បម្រាមនយោបាយលើមន្រ្តីគណបក្សសង្រ្គោះជាតិ គឺជាអំពើរំលោភច្បាប់ពីសំណាក់គណបក្សប្រជាជនកម្ពុជានោះ ដូច្នេះការសុំសិទិ្ធធ្វើនយោបាយឡើងវិញរបស់មន្រ្តីមួយចំនួន មានតម្លៃសមមូលនឹងការទទួលស្គាល់ភាពស្របច្បាប់នៃការរំលាយគណបក្សសង្រ្គោះជាតិ? អាចថាជាការជួយស្តារមុខមាត់ឱ្យគណបក្សកាន់អំណាចមុនការបោះឆ្នោតចូលមកដល់ ឬជាការដកឆ្អឺងខ្លួនឯងពីបំពង់ករបស់គណបក្សប្រជាជនកម្ពុជាផងដែរ?។
ដូចគ្នានេះ ក្នុងសំណេររបស់លោក មាជ សុវណ្ណារ៉ា បានលើកឡើងដា តើវាអាចនឹងមានការចរចារជាសម្ងាត់ណាមួយ ដើម្បីឱ្យក្រុមដែលសុំសិទិ្ធធ្វើនយោបាយនេះ បានទទួលសិទិ្ធធ្វើនយោបាយពេញលេញ ក្នុងការចូលរួមជួយផ្តល់ភាពស្របច្បាប់នៃការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ដើម្បីបំភ័ន្ធភ្នែកពលរដ្ឋម្ចាស់ឆ្នោតឲ្យយល់ច្រឡំ?ដោយអ្នកវិភាគបានអះអាងថា អ្នកសុំសិទិ្ធធ្វើនយោបាយឡើងវិញ គឺជាការអបអរសាទរពីសំណាក់គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែវាស្ថិតក្រោមការឃ្លាំមើលរបស់គណបក្សកាន់អំណាចមួយនេះផងដែរ ពួកគេនឹងគ្មានអំណាចពិតប្រាកដទេ ហើយពួកគេនឹងមិនអាចនិយាយប្រាប់អ្នកគាំទ្រខ្លួនថា ពួកគេនៅតែជាផ្នែករបស់គណបក្សសង្រ្គោះជាតិបានតទៅទៀតឡើយ វាលើកលែងតែពួកគេទទួលយកបំណងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំបែកសម្លេង និងរំលាយរចនាសម្ព័ន្ធដែលនៅតែរឹងមាំរបស់គណបក្សសង្រ្គោះជាតិមួយនេះ។
និយាយជារួមអ្នកវិភាគយល់ថា វាជាកាលៈទេសៈដ៏អាក្រក់បំផុត ដែលមន្រ្តីគណបក្សសង្គ្រោះជាតិ មិនត្រូវទៅសុំសិទិ្ធធ្វើនយោបាយឡើយ លើកលែងតែមានផលប្រយោជន៍ផ្ទាល់ខ្លួន ទិដ្ឋភាពបែបនេះ វាហាក់ដូចជាសញ្ញានៃការលាគ្នាជារៀងរហូតរវាងមន្រ្តីទាំងនេះ ជាមួយអ្នកគាំទ្រជាពលរដ្ឋម្ចាស់ឆ្នោតស្ទើរកន្លះ នគរ ដែលនៅរំពឹងទៅលើលោក កឹម សុខា និង លោក សម រង្សី នៅឡើយ ក្នុងកាល:ទេសនយោបាយបច្ចុប្បន្ននេះ បើទោះបីសិទ្ធិធ្វើនយោបាយត្រូវបានធានា និងការពារដោយច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ។
សូមជំរាបថា កញ្ចប់របស់អតីតថ្នាក់ដឹកនាំចំនួន៧រូបបន្ថែមទៀត ដែលសុំសិទ្ធិធ្វើនយោបាយ រួមមាន៖ ១ លោក យ៉ែម ប៉ុញ្ញាឬទ្ធិ / ២ លោក មុត ចន្ថា / ៣ លោក ជុំ ចាន់ដារិន / ៤ លោក ទួត ឃឿត / ៥ លោក ឡាក់ លិតេយ្យ / ៦ លោក ឡុង គឹមឃន និងទី៧ កញ្ញា យ៉ង់ ផាន់ណេត៕