លោក ផុន ថៅវរ៉ុម ប្រធានការិយាល័យ មុខរបរ នៃមន្ទីរការងារខេត្តកណ្តាល បើរថយន្តបុកមនុស្សស្លាប់ ព្រោះតែឆ្ងាញ់ស្រាថ្ងៃបិទខ្ទប់ក្រុង

0
1163

ចេញផ្សាយ ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់មួយ បានបង្ករឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦.៣០នាទីព្រលប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ២១B ចម្ងាយប្រហែល១គីឡូ ពីរង្វង់មូលលោកតាម៉ៅ ទប់មុខមន្ទីរសម្ភពពិសិដ្ឋ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ភ្លាមៗក្រោយកើតហេតុ ជនបង្ករដែលស្រវឹងជោគទៅដោយស្រា  ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វ៉ៃខ្នោះនៅនិងកន្លែងកើតហេតុ ស្របពេលតំណាលគ្នា សម្រែកស្រែកទ្រហោយំរបស់សាច់ញាតិក្រុមគ្រួសារជនរងគ្រោះ លាន់ឮទ្រហឹងកងរំពងលើដងផ្លូវ ខណៈជនរងគ្រោះដេកដួលរណូករណែល ឈាមក្រហមច្រាលពេញផ្លូវ មើលទៅគួរឱ្យរន្ធត់យ៉ាងខ្លាំង ក្រោមស្នាដៃជនបង្ករល្មើសច្បាប់ និងបំពានបំរាមរបស់ប្រមុខរដ្ឋាភិបាល ឈ្មោះ ផុន ថៅវរ៉ុម អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៩ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជងបង្ករនេះ បានបើករថយន្តម៉ាកបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-3326 ក្នុងស្ថានភាពស្រវឹងជោគជាំ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក Honda Cub ជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BZ-1186 យ៉ាងពេញទំហឹង បណ្តាលឱ្យស្រ្តី ឈ្មោះ សោម ដានី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រងរបួសបាក់ជើងឆ្វេង និងកូនប្រុសឈ្មោះ សាម៉េត នីបញ្ញា អាយុ១៧ឆ្នាំ ជិះពីក្រោយរងរបួសស្រាល។

ភ្លាមៗជនបង្ករមិនបានឈប់រថយន្តឡើយ គឺបានព្យាយាមបើករត់ ដោយឥទ្ធិពលនៃគ្រឿងស្រវវឹង ជននេះ បានបន្តបុករៈលាន់ឮដូចរន្ទៈ ម៉ូតូចំនួន០៣គ្រឿងបន្ថែមទៀត ធ្វើឱ្យមានអ្នករងរបួសធ្ងន់និងស្រាលចំនួន៥នាក់ ទើបរថយន្តបង្ករទៅមុខលែងរួច ព្រោះជាប់ម៉ូតូជនរងគ្រោះនៅពីខាងមុខរថយន្ត។

ជាអនិច្ចាក្នុងហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍ដ៏រន្ធត់ខាងលើ បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន២នាក់ ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទី១ អ្នកគ្រូ សោម ដានី អាយុ៤៥ឆ្នាំ ជាគ្រូបង្រៀន នៅសាលាគរុកោសល្យ ភូមិភាគ ខេត្តកណ្តាល និងជនរងគ្រោះទី២ ឈ្មោះ អន ស្រីនិច អាយុ២៣ឆ្នាំ មានលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំណែកជនរងគ្រោះរបួសធ្ងន់និងស្រាលផ្សេងទៀត ឈ្មោះ ហ៊ាង សុខហ៊ុន ភេទស្រី អាយុ១៤ឆ្នាំ រងរបួសស្រាល និងឈ្មោះ ចាន់ ស្រីលក្ខ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសស្រាល ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU-1239 បើកបរដោយជនរងគ្រោះស្លាប់បាត់បង់ជីវិត អន ស្រីនិច។ ជនរងគ្រោះឈ្មោះ តាំង ម៉េងហុង ភេទប្រុស អាយុ៤៩ មានទីលំនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល របួសធ្ងន់បាក់ជើងខាងឆ្វេង ជិះម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1Z-0344 និងជនរងគ្រោះជាបុរសម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក Honda សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-2600 រងរបួសធ្ងន់។

សូមជំរាបថាឈ្មោះ ផុន ថៅវរ៉ុម ដែលជាប្រធានការិយាលយ័ មុខរបរ នៃមន្ទីរការងារខេត្តកណ្តាល មិនត្រឹម​តែបង្ករគ្រោះថ្នាក់ចរាចរណ៍ បើកបរក្នុងពេលស្រវឹងខុសច្បាប់បុកមនុស្សស្លាប់ និងរងរបួសប៉ុណ្ណោះទេ ប៉ុន្តែជននេះ ថែមទាំងល្មើសបំរាមរាជរដ្ឋាភិបាល ដែលបានហាមការជួបជុំផឹកស៊ី និងសេចក្តីសម្រេច នៃការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ តាមសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់ប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការល្មើសច្បាប់ស្តីពី «ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ត្រង់ចំណុច ទណ្ឌកម្ម ចំពោះបទមិនគោរពវិធានការរដ្ឋបាល មាត្រា១០ នៃច្បាប់បានចែងថា៖

  • បទមិនគោរពវិធានរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរៀលដាលជំងឺកូវីដ១៩ ត្រូវផ្តន្ទាទោស ជាពិន័យអន្តរការណ៍ ពី១លានរៀល ទៅ៥លានរៀល។
  • បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាប់ ពី២លានរៀល ទៅ១០លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដ៏ទៃ)។
  • បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល (បើបានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)។

ដូចគ្នានេះផងដែរ បើយើងក្រលែកមើលករណីលោកផ្កាយ២ អ៊ុង ចាន់ធួក អនុប្រធានសេធិការ នៃអគ្គស្នង​ការដ្ឋាននគរ​បាល​ជាតិ និងបក្ខពួក២នាក់ទៀត ដែលបានកើតឡើង ក្នុងយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ដូចគ្នា ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ​ការរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង ប៉ាតម្សៅ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនបញ្ជូនឡើងតុលា​ការ ហើយក៏ត្រូវបានសម្តេចតេជោប្រមុខរដ្ឋាភិបាល ស្នើសុំព្រះមហាក្សត្រ បកស័ក បណ្តេញចេញពីក្រមខណ្ឌ ចាប់បញ្ចូលខ្លួនដាក់ពន្ធនាគារផងដែរ។

យ៉ាងណា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងសាហាវខាងលើ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលពេញផ្លូវ បង្ករឡើងដោយជនទំនើង ដឹងច្បាប់អង្គុយលើច្បាប់ ផុន ថៅវរ៉ុម ប្រធានការិ​យាល័យ មុខរបរ នៃមន្ទីរការងារខេត្តកណ្តាល រូបនេះ ល្មើសច្បាប់ត្រួតស៊ីគ្នា ដែលមិនអាចលើកលែង និងមានការយោគយល់ ព្រោះអាងខ្នងអ្នកធំនោះឡើយ។

ទោះជាយ៉ាងណា ជននេះកាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក ប្លុង វិសាល សម្រច​ចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធធនាគារ ក្រោមបទចោទ «បើកបរដោយធ្វេស​ប្រ​ហែស មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរងរបួស និងស្លាប់ដល់អ្នកដទៃ និងបើកបរក្នុងស្ថានភាពស្រវឹង ប្រព្រឹត្តិនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ តាមបញ្ញត្តមាត្រា៨៣,៨៥និង៧៧​ នៃក្រមព្រហ្មទណ្ឌ»​។

ក្នុងនោះផងដែរ បើទោះបីជាពេលនេះ ក្រុមគ្រួសារជនបង្ករខាងលើ ដោយសំអាងខ្សែលោកធំ បាននិងកំពុងរត់ការ ដើម្បីឱ្យជនល្មើសបាននៅក្រៅឃុំក្តី ក៏រឿងនេះមិនអាចទៅរួចដោយងាយៗឡើយ ពិសេសករណីនេះ បើជ្រាបដល់សម្តេចតេជោប្រមុខរដ្ឋាភិបាល ច្បាស់ណាស់ លោកនិងមានចំណាត់ការបន្ថែមភ្លាមៗ ហើយជនបង្ករ មិនត្រឹមតែជាប់ពន្ធនាគារប៉ុណ្ណោះទេ ក៏ត្រូវបានដកហូតមុខតំណែងពីប្រធានការិយាលយ័ មុខរបរ នៃមន្ទីរការងារខេត្តកណ្តាល ដូចគ្នាទៅនិងលោកផ្កាយ២ អ៊ុង ចាន់ធួក អនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសម្តេចតេជោ បានអនុវត្តន៍តាមផ្លូវច្បាប់រួចទៅហើយនោះ។

ប្រភពច្បាប់ការមួយទៀតក៏បានបង្ហើបប្រាប់ផងដែរថា ភាគីក្រុមគ្រួសារ លោក ផុន ថៅវរ៉ុម ពេលនេះក៏បាននិងកំពុងព្យាយាម បិទព័ត៌មានទាំងឡាយជុំវិញករណីខាងលើ​ ដើម្បីកុំឱ្យមានការជ្រាបដល់ប្រមុខរដ្ឋាភិបាល ព្រោះថា ជនបង្ករមិនមែនជាពលរដ្ឋសាមញ្ញធម្មតានោះឡើយ ជាមន្រ្តីក្នុងក្របខណ្ឌ ដែលមានតួនាទី ជាប្រ​ធាន​ការិយាលយ័ មុខរបរ នៃមន្ទីរការងារខេត្តកណ្តាល ដឹងច្បាប់ហើយនៅឡើយមិនអនុវត្ត បែរជាផ្គើន រហូតបណ្តាលឱ្យមានមនុស្សស្លាប់ និងរហួសក្រោមស្នាដៃរបស់ខ្លួនក្លាយជាឃាតករក្រោមឥទ្ធិពលសុរា មិនគោរពតាមច្បាប់ និងវិធានសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាល ខណៈម្នាក់ៗគេខ្លាចគ្រប់គ្នា ព្រោះមេរោគកូរូណា ចំណែកខ្លួនសប្បាយនិងការផឹកស៊ី បានប្រល័យសង្ខាមនុស្សដល់ទៅ២នាក់ និងបង្ករឱ្យមានអ្នករងរបួសធ្ងន់ ស្រាល​មួយចំនួនទៀត។

យ៉ាងណាចំពោះគ្រួសារជនរងគ្រោះ ពួកគេមិនអាចទទួលយកបានឡើយ និងស្នើសុំឱ្យតុលាការបន្ថែមស្ថានទំងន់ទោសដល់ជនល្មើស ផុន ថៅវរ៉ុម ព្រោះថាជីវិតមនុស្សម្នាក់ៗថ្លៃណាស់ និងគ្មានការដាក់លក់នៅលើទីផ្សារនោះទេ មិនគួរណា បុគ្គល ផុន ថៅវរ៉ុម បែរជាប្រមាថជីវិតមនុស្សដោយភាពសប្បាយជួបជុំផឹកស៊ីរបស់ខ្លួន ល្មើសបំរាមការជួបជុំស៊ីផឹក រាំ ច្រៀង. ល្មើសបទបញ្ជារលេខ៤៩ របស់ប្រមុខរដ្ឋភិបាល នៃការបិទខ្ទប់ក្រុងភ្នំពេញ និងខេត្តកណ្តាល និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងស្រុង ដែលស្ថានទម្ងន់ទោសជននេះ មិនអាចត្រឹមតែប៉ុណ្ណឹង ធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះស្ងប់ចិត្តបានឡើយ ហើយក៏មិនមែនខាង​ខ្សែអ្នកធំ ចាំតែរួចខ្លួននោះដែរ សុវត្ថិភាព និងអាយុជីវិតមនុស្សថ្លៃណាស់ មិនមែនជាទំនិញដាក់លក់តាមចិញ្ចឹមផ្លូវ ឬតាមទីផ្សារនោះឡើយ៕