ចេញផ្សាយ ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ផ្សារត្រែងត្រយឹង និងផ្នែកមួយនៃតូបលក់បន្លែក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការសម្រេចផ្អាកផ្សារទីតាំងខាងលើ ក្រោយពីអាជ្ញាធរ រកឃើញស្ត្រីឈ្មោះ អូត សុខា អាយុ៣៦ឆ្នាំ និងបុរសឈ្មោះ គីម សុផាត អាយុ៥៧ឆ្នាំ មានវិជ្ជមានជំងឺកូវីដ១៩ ដែលជាអ្នកដឹកបន្លែពីផ្សារនាគមាស មកលក់ចែកចាយបន្តនៅផ្សារត្រែងត្រយឹង និងផ្សារត្រពាំងក្រឡឹង។
យ៉ាងណា ការសម្រេចផ្អាកជាបណ្តោះអាសន្ន ផ្សារត្រែងត្រយឹង និងផ្នែកមួយនៃតូបលក់បន្លែក្នុងផ្សារត្រពាំងក្រឡឹង អភិបាលខេត្តកំពង់ស្ពឺ មិនបានកំណត់រយៈពេលច្បាស់លាស់នៅឡើយទេ៕