ចេញផ្សាយ ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេចតេជោ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បញ្ចប់ការហាមឃាត់ធ្វើដំណើរឆ្លងខេត្ត និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។
បើយោងតាមសេចក្តីសម្រេច លេខ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រកាស១ សម្រេច បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
សម្រេចលេខ៥៣ សសរ ដ៏ដែលបន្តទៀតថា សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន។
ជាមួយគ្នានេះ ក្រោយទទួលបាន សេចក្តី សម្រេច លេខ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់ប្រមុខរដ្ឋាភិបាល តាមបណ្តាខេត្ត បានបើកតំណើរការចរាចចរណ៍ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយជាធម្មតាឡើងវិញហើយ ដោយក្នុងនោះព្រំប្រទល់ខេត្តខ្លះនៅបន្តការត្រួតពិនិត្យដាមដានសុខភាព ព្រមទាំងមិនអនុញ្ញាត ឱ្យឆ្លងកាត់ចូលតំបន់មានការបិទខ្ទប់ឡើយ៕