ចេញផ្សាយ ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
កំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ជាបណ្ដោះអាសន្ន។
ការចុះត្រួតពិនិត្យបិទខ្ទប់នេះ នៅបន្ទាប់ពីតំបន់ខាងលើត្រូវបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ តាមចំណុចគោលដៅនានា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការ ចេញ-ចូល រហូតដល់មានការជូនដំណឹងនៅពេលក្រោយ និង ត្រួតពិនិត្យមើលទីតាំងជាច្រើនកន្លែង ដើម្បីត្រៀម សម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ១៩។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ ក៏បានក្រើនរំឭកដល់កងកម្លាំងចម្រុះទាំងអស់ ក្នុងអំឡុងពេលបិទខ្ទប់ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែងតែក្នុងករណីចាំបាច់ ហើយការបិទខ្ទប់ទីរួមស្រុកស្ទោងនៅពេលនេះ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូ វីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាន បានដាស់តឿនដល់កងកម្លាំងទាំងអស់ ត្រូវសាមគ្គីឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន អាជ្ញាធរដែនដី ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវិធានការណែនាំរបស់ក្រសួង សុខាភិបាល។
លើសពីនេះទៀត ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង ដែលបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ឯកឧត្តមបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ការពារកូវីដ១៩មួយចំនួនផងដែរ៕