ចេញផ្សាយ ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
សៀមរាប៖ ដោយក្តីបារម្ភពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ទាំង៣ ឯកឧត្តមអភិបាល ខេត្តសៀមរាប បានកៀងគរប្រមូលថវិកា សម្ភារៈ ពីបងប្អូនសប្បុរសជន ពិសេសការចូលរួមរបស់សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីជួយដល់ពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ខាងលើ។
ក្នុងនោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋគ្រួសារ ក្រ១ និងក្រ២ ជាងមួយពាន់គ្រួសារ បានទទួលអំណោយដោយការចាត់ចែងរៀបចំរបស់ ឯកឧត្តមអភិបាលខេត្ត ទៀ សីហា ត្រូវបានក្រុមយុវជនចុះយកអំណោយទាំងនោះ ចែកជូនពួកគាត់ដល់ខ្នងផ្ទះនៃគ្រួសារនីមួយ។
យ៉ាងណាជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាឈានដល់ការកាត់ផ្តាច់ជំងឺកូវីដ-១៩នៅកម្ពុជា ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំឱ្យបានគ្រប់ៗគ្នា។
សូមជំរាបថា សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរ់ក និងសង្កាត់សៀមរាប ត្រូវបានរដ្ឋបាលខេត្តសៀមរាបសម្រេចធ្វើការបិទខ្ទប់ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ព្រោះជាតំបន់ដែលមានការឆ្លងរៀលដាកជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ៕