លោក ហ៊ីង ជ័យជាតិ តំណាងប្រជាពលរដ្ឋ រងបណ្តឹង លោក លី សុខលាង ចេញមុខតវ៉ា និងចោទថាមានការឃុបឃិតគ្នាជាប្រព័ន្ធ លក់ដីបឹង និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ

0
1049

ចេញផ្សាយ ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

កំពង់ស្ពឺ៖ លោក ហ៊ីង ជ័យជាតិ តំណាងប្រជាពលរដ្ឋជាង១០គ្រួសារ ក្នុងភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលរងបណ្តឹងលោក លី សុខលាង ម្ចាស់អាជីវកម្មរណ្តៅដីចេញមុខតវ៉ា និងបដិសេធមិនអាចទទួលយកបានចំពោះបណ្តឹងដ៏អយុត្តិធម៌មកលើរូបលោក និងប្រជាពលរដ្ឋក្នុងភូមិ។

មិនយុត្តិធម៌ ត្រូវបានលោក ហ៊ីង ជ័យជាតិ បានលើកឡើងថា លោក លី សុខលាង គឺជាឈ្មួញដែលបានមករំលោភយកដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងភូមិពួកលោក តាមរយៈរូបភាពនៃការស្តារបឹងដើម្បីទប់ទឹកស្អាត ដោយមានអាជ្ញាធរជាអ្នកចូលរួមឃុបឃិត តាមរយៈការប្រមូលស្នាមមេដៃពលរដ្ឋ ដែលជាសំអាង។

យ៉ាងណាលោក ហ៊ីង ជ័យជាតិ បន្តថា ដីជាង២០ហិតា ដែលលោក លី សុខលាង កាយជាអាជីវកម្មរណ្តៅដីនេះ គឺពលរដ្ឋរបស់ពួកលោកអាស្រ័យផលជាច្រើនឆ្នាំមកហើយ ជាលក្ខណៈដីរួមសាមគ្គីរបស់ប្រជាពលរដ្ឋ និងមិនមានប័ណ្ណទទួលស្គាល់ក្បាលដីនីមួយៗទេ ដោយពលរដ្ឋរូបណាធ្លាប់ធ្វើអាស្រ័យផល ដាំស្រូវ ដំណាំបន្លែបង្កាក្នុងចំនួនដីប៉ុន្មានគឺធ្វើប៉ុណ្ណោះជារៀងរហូតមក។

តែការប្រកបរស់នៅអាស្រ័យផល ក្នុងជីវភាពរបស់ប្រជាពលរដ្ឋដ៏សុខសានបែបនេះ ត្រូវបានបំផ្លាញក្នុងរយៈពេលប៉ុ​ន្មានឆ្នាំចុងក្រោយ ក្រោមហេតុផលស្តារបឹងទប់ទឹកស្អាត់ តែមិនចេញការស្តារបឹង ដីបឹងនៅដដែល បែរជាលោក លី សុខលាង ជាឈ្មួញដាក់គ្រឿងចក្រកាយដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងភូមិ លក់ទៅឱ្យក្រុ​មហ៊ុនដីឡូតិ៍ឯណោះទៅវិញ ដោយមិនបានប្រជុំ និងដោះស្រាយក្នុងគោលនយោបាយ ដែលប្រជាពលរដ្ឋអាចទទួលបានជារួមឡើយ ដោយមានការសម្រេច និងសំអាងពលរដ្ឋ ដែលជាការរៀបចំរបស់អាជ្ញាធរ និងភាគីលោក លី សុខលាង ដើម្បីស្នើសុំទៅក្រសួង ទទួលបានលិខិតអនុញ្ញាតរបស់ធ្វើអាជីវកម្មប៉ុណ្ណោះ។

នៅពេលសួរថា អាជ្ញាធរ និងភាគីលោក លី សុខលាង បានដោះស្រាយគោលនយោបាយរួចរាល់ហើយ តែភាគីពលរដ្ឋរបស់លោកប៉ុន្មាននាក់ប៉ុណ្ណោះមិនព្រមទទួលយកក្នុងតម្លៃដី១ឡាន ចំនួន៥០០រៀល ទៅ១ពាន់រៀល និងព្យាយាមគិចវេសក្នុងការចូលរួមប្រជុំដោះស្រាយជារៀងរហូត។ ត្រង់ចំណុចនេះត្រូវបានលោក ហ៊ីង ជ័យជាតិ តបថារូបលោក និងពលរដ្ឋផ្សេងទៀតតែងចង់បានដំណោះស្រាយមួយដ៏សមរម្យអាចទទួលយកបានពីភាគីលោក លី សុខលាង និងអាជ្ញាធរមូលដ្ឋាន។ យ៉ាងណាក៏ដោយចុះ ចំពោះករណីខាងលើនេះ តំណាងលោក លី សុខលាង ធ្លាប់បានលើកឡើងថា ភាគីលោក លី សុខលាង ធ្វើទៅតាមផ្លូវច្បាប់ដោយមានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ក្នុងការជីករណ្តៅដីក្នុងភូមិសាស្រ្តខាងលើនេះ។

ទោះជាយ៉ាងណា​ ករណីនេះ ភាគីលោក ហ៊ីង ជ័យជាតិ តំណាងប្រជាពលរដ្ឋក្នុងភូមិដែលមិនអាចទទួលយកបាន ក្នុងការកាយដីអាស្រ័យផលរួមសាមក្គី ក៏បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរពាក់ព័ន្ធ ជាបន្តបន្ទាប់ផងដែរ រួមទាំងអភិបាលខេត្តកំពង់ស្ពឺ ពិសេសក្រសួងសាមីតែម្តង។

ចំណែកករណីប្តឹងប្រជាពលរដ្ឋ ពីសំណាក់លោក លី សុខលាង ដោយចោទពលរដ្ឋថា ការរារាំងដំណើរការអាជីវកម្មរបស់លោក និងជំរិតទាប្រាក់នោះ យើងនៅមិនទាន់ដឹងទេថា តើតុលាការ លោកនិងធ្វើការវិនិឆ័យយ៉ាងណា ស្របពេលពលរដ្ឋបានដាក់លិខិតជូនដំណឹងនៃការពន្យាពេលចូលរួមសវនាការ ដោយសារបញ្ហានៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩។ ចំណែកខាងលោក លី សុខលាង ក៏បានផ្អាកអាជីវកម្មរបស់លោកជាច្រើនថ្ងៃមកហើយផងដែរ ក្រោយពលរដ្ឋផ្ទុះការតវ៉ារារាំងមិនឱ្យធ្វើសកម្មភាពដោយរងចាំការជជែក ដោះស្រាយគ្នាអាចទទួលយកបានពីភាគីរបស់ប្រជាពលរដ្ឋជាមុនសិន៕