ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ផ្តល់អំណោយជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅ

0
1160

ចេញផ្សាយ ថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នៅថ្ងៃទី០២​ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់អោយឯកឧត្តម ឆារស៏ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយកអំណោយមានអង្ករ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ យកទៅប្រគល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកងកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌច្បារអំពៅ។

ជាមួយគ្នានេះ ឯកឧត្តម ឆារស៏ វ៉ាន់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់ថ្នាក់ដឹកនាំខណ្ឌ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌឈរតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួន គោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលមិនអោយមានការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ព្រោះក្នុងដំណាក់កាលនេះ ប្រទេសកម្ពុជាកំពុងឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩។

អំណោយឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលប្រគល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ នៅពេលនេះរួមមាន៖

១-អង្ករ ០២ តោន

២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង

៣-មី ១០កេសធំ ស្មើ ៦០កេសតូច

៤-ភេសជ្ជប៉ូវកំលាំង Carabao ១០០កេស

៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)

៦-អំបិល ០១បេ (មាន ២៥គីឡូ)

៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប

៨- ទឹកស៊ីអ៊ីវ ១០យួរ ស្មើ ៦០ដប

៩-ទឹកសុទ្ធ ARUNA ២០០កេស

១០-អាល់កុល ១៥០ លីត្រ

១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់

ឆ្លៀតក្នុងឱកាសនោះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ  ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ និងការនឿយហត់របស់កងកំលាំង ព្រមទាំងបានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគនៅពេលនេះ ដោយសូមបួងសូមសុំឱ្យលោកទាំងពីរ ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុ​ភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត៕