មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ចេញសារអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៨

0
900

ចេញផ្សាយ ថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ៖ លោក ជីវ កក្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បាន​ចេញសារអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ឧសភា ខួប២៨ឆ្នាំ។

ដោយក្នុងនោះ លោក ជីវ កក្តា បានលើកឡើងថា អំណាច​សារព័ត៌​មាន ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន គឺ​ជា​សសរ​​គ្រិះ​មួយ​ក្នុងចំណោម​សសរ​គ្រិះ​ដទៃ​ទៀត​នៅ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​។ លោកថា សារ​ព័ត៌​មានដែល​​សេរី គ្មាន​ការ​ត្រួត​ពិនិត្យ​ និង​រិតត្បិត មាន​សារៈ​សំខាន់​ក្នុង​សង្គមជាតិ​របស់​យើង ដើម្បី​ធានា​ដល់​សេរីភាព​នៃគំនិត​ និងការសំដែង​មតិ និង​ការ​ទទួល​បាន​សិទ្ធិ​ដទៃ​ទៀត​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដូចជា​សិទ្ធិក្នុង​ការសំដែង​មតិ​អំពី​បញ្ហា​សាធារណៈ និង​បញ្ហា​នយោបាយ​ជាដើម…។

ក្នុងសារអបអរសាទរសេរីភាពសារព័ត៌មានពិភពលោក របស់លោក ជីវ កក្តា បន្ថែមទៀតថា សារព័ត៌មាន​ពិត ប្រកប​ដោយ​វិជ្ជាជីវៈ និង​មានក្រមសីលធម៌ អ្នកសារព័ត៌មានត្រឹមត្រូវ ដែល​ធានា​ដោយ​ច្បាប់​សារព័ត៌​មាន មិន​គិត​ពី​ផល​ប្រយោជន៍​ឯក​ជន ឬ​និន្នា​ការ​គណបក្ស​នយោបាយ គឺ​ពិត​ជា​នាំមក​នូវ​ផល​ប្រយោជន៍ និង​ការ​ជួយ​សង្គម​ជាតិ​យ៉ាង​ធំ​ធេង ព្រមទាំង​​ផ្តល់​ព័ត៌មាន​ពិត​ជូនដល់​ប្រជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោត ម្ចាស់​ប្រទេស ដែល​នាំ​ឲ្យសង្គម​ជាតិ​យើង​មានសេរីភាព យុត្តិធម៌ និង​សន្តិភាព​ពិត​ប្រាកដ​ជាក់ជា​មិន​ខាន។

លោក ជីវ កក្តា បន្តថា ស្ថិត​ក្នុង​ថ្ងៃ​ទិវា​នៃ​សេរីភាព​សារព័ត៌មាន​ពិភព​លោក ឆ្នាំ​២០២១​នេះ សេរីភាព​សារ​​ព័ត៌​មាន នៅតែ​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ត្រួត​ពិនិត្យ និងការ​រិត​ត្បិត មកលើ​អ្នក​សារព័ត៌​មាន និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន នៅតែមាន​ការយាយី ឬការធ្វើ​ទុក្ខបុក​ម្នេញ ឬ​បំភិត​បំភ័យ ដោយ​ការ​បាញ់សម្លាប់ ការចាប់ឃុំខ្លួនក្នុងពន្ធនាគារ និងការ​ប្រើ​អំពើ​ហិង្សា ការវាយ​ដំ​លើ​រូប​រាង​កាយ ការគំរាម​ដោយ​ប្រើ​អំពើហិង្សា​ចំពោះ​អ្នក​សារព័ត៌​មាន​នៅពេល​បំពេញការងារ ឬការចុះផ្សាយ ​ឬ​រាយការណ៍​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​មន្ត្រីធំៗ និង​អ្នក​មាន​អំណាច ព្រម​ទាំងកា​រប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដោយ​ប្រើច្បាប់​ព្រហ្មទណ្ឌ​ជំនួស​ច្បាប់​ស្តីពីរ​បប​សារ​ព័ត៌មាន​ទៅ​វិញ​។

ឆ្លៀតក្នុងឱកាសនេះ លោក ជីវ កក្តា ក៏បានអំពាវនាវដល់​រដ្ឋាភិ​បាល ​បន្ត​ការ​ស៊ើបអង្កេត​សំណុំ​រឿង​ឃាតកម្មលើអ្នកសារ​ព័ត៌​មាន​ជា​ច្រើន​នាពេលកន្លងមក​ យកមកអនុវត្ត​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្តល់​ភាព​យុត្តិ​ធម៌​​ដល់ក្រុ​មគ្រួសារ​ជន​រង​គ្រោះ និង​ដើម្បី​បញ្ចប់​អំពើ​និទណ្ឌ​ភាព​នៅក្នុង​សង្គម​ជាតិ​យើង និង​ក៏​សូម​ផ្តល់នូវ​ការ​លើក​ទឹក​​ចិត្ត ក៏ដូច​ជាផ្តល់​នូវ​ការការពារ​សុវត្ថិ​ភាព​ឱ្យបាន​ខ្ពស់​ដល់អ្នក​សារ​ព័ត៌​មាន ដើម្បី​ឱ្យពួក​គាត់​អាច​អនុវត្ត​សិទ្ធិ​ក្នុង​ការចុះយក​ព័ត៌មាន និង​រាយការណ៍​ព័ត៌មាន​ពិត​ប្រាកដ ដោយសេរី និងដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

សូមជំរាបថា កម្ពុជា នៅតែត្រូវបានគេមើលឃើញថា សេរីភាពសម្រាប់អ្នកសារព័ត៌មានឯករាជ្យ នៅមិនទាន់ត្រូវបានសេរីនៅឡើយ។ តែយ៉ាងណា ការលើកឡើងនេះ ត្រូវបានអ្នកជំនាញព័ត៌មាន​ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ទាត់ចោលទាំងស្រុង។

បើទោះជាមានការទាត់ចោលដូចនេះក្តី កម្ពុជានៅតែមានអ្នកសារព័ត៌មានកំពុងជាប់ឃុំ ឬបន្តរងការចោទប្រកាន់តាមរយៈបទព្រហ្មទណ្ឌ ដែលមិនត្រូវបានយកច្បាប់ ស្តីពី របបសារព័ត៌មាន មកអនុវត្តន៍ឡើយ ខុសពីអ្នកសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល ក្រោយការសុំទោសជាសាធារណៈ ត្រូវបានរួចខ្លួនជារៀងរហូត៕