ចេញផ្សាយ ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖នាទីស្តីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ លោក ហ៊ុយ ពិសិដ្ឋ ច័ន្ទឫទ្ធិ តំណាងលោក LIU GUANGCHUN អគ្គនាយក ក្រុមហ៊ុន មែងហ្គោ ខលឆឺរ័ល មេឌា ឯ.ក (អង្គភាព សារព័ត៌មាន ស្វាយ) បានដឹកនាំក្រុមការងារនាំយកអំណោយជូនក្រសួងព័ត៌មាន។
អំណោយ ក្រុមហ៊ុន មែងហ្គោ ខលឆឺរ័ល មេឌា ឯ.ក (អង្គភាព សារព័ត៌មាន ស្វាយ) ប្រគល់ជូនក្រសួងព័ត៌មាននៅថ្ងៃនេះ គឺជាអំណោយលើកទី២ ក្នុងរដូចកាលកូវីដ១៩ បាននិងកំពុងវាយលុកប្រទេសកម្ពុជា ដែលក្រុមហ៊ុនបានចូលរួមចំណែកជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលអំណោយទាំងនោះរួមមាន៖ អង្ករ ចំនួន៥តោន.ម៉ី ចំនួន៣០កេសធំ និង ម៉ាស់ចំនួន១០កេសធំ។
ក្នុងឱកាសទទួលអំណោយរបស់ ក្រុមហ៊ុន មែងហ្គោ ជូនក្រសួងព័ត៌មាន គឺមានការអញ្ជើញចូលរួមទទួល និងសំណេះសំណាលដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ,ឯកឧត្តម ទួន សារ៉ាត់ រដ្ឋលេខាធិការ,ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ,ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកព៌តមាន និងសោតទស្សន៍,លោកជំទាវ ពៅ សុកាន់ឌី អគ្គនាយក វិទ្យុជាតិ និង លោកជំទាវ សុខមុំ និមល អគ្គនាយកភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
ចំណែកប្រតិភូក្រុមហ៊ុន មែងហ្គោ ខលឆឺរ័ល មេឌា ឯ.ក (អង្គភាព សារព័ត៌មាន ស្វាយ) តំណាងលោក LIU GUANGCHUN អគ្គនាយក ក្រុមហ៊ុន គឺដឹកនាំដោយ លោក ហ៊ុយ ពិសិដ្ឋច័ន្ទឫទ្ធិ និងសហការី លោក មាស ប៊ុនណា, កញ្ញា សូរ មុយចេង,លោក ZHANG WENCHAO និងលោក LIU ZHENG។
សូមជំរាបថា ចាប់តាំងពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រុមហ៊ុន មែងហ្គោ ខលឆឺរ័ល មេឌា ឯ.ក (អង្គភាព សារព័ត៌មាន ស្វាយ) នៃក្រុមហ៊ុនថាមពលវិជ្ជមានគ្រុប បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងផុសផល ក្នុងការផ្សព្វផ្សាយព័ត៌មាន ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការទប់ស្កាត់ ព្រមទាំងការការពារ ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរដ្ឋាភិបាល ៣ការពារ និង៣កុំ ជូនដល់សាធារណៈជន យ៉ាងមានប្រសិទ្ធិភាព និងទុកចិត្តបំផុត៕