ប្រជាពលរដ្ឋ៥៨០គ្រួសារ រងគ្រោះខ្យល់កន្ត្រាក់នៅស្រុករមាសហែក ទទួលអំណោយថ្នាក់ដឹកនាំចុះជួយខេត្តស្វាយរៀង

0
863

ចេញផ្សាយ ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក,ភូមិក្រសាំង ឃុំក្រសាំង និង ភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ។

មានប្រសាសន៍ក្នុងអង្គពិធី លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលសម្តេចបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លង​រីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាការជម្រុញឱ្យប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត​កណ្តាល និងបានសំណូមពរឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម និងជាពិសេស ត្រូវគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឱ្យបានជាប់ជាប្រចាំ។

សូមជំរាបជូនថា អំណោយក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ចែកជូនដល់ប្រជាពល​រដ្ឋ​ចំនួន៥៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី​១កេស និងថវិកាមួយចំនួនទៀត៕