ប្រជាពលរដ្ឋរងគ្រោះដីធ្លី៣៧គ្រួសារ ផ្ទុះការតវ៉ា លើករូបថតសម្តេច ស្នើសុំយុត្តិធម៌ ខណៈតុលាការខេត្តកំពង់ឆ្នាំង សម្រេចឱ្យលោក លី ផេង ឈ្នះក្តី និងត្រូវអនុវត្តនៅថ្ងៃទី១១ ឧសភា

0
1400

ចេញផ្សាយ ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន៣៧គ្រួសារ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះការតវ៉ា លើករូបថត សម្តេចទាំងទ្វេ ស្នើសុំយុត្តិធម៌ ខណៈតុលាការខេត្តកំពង់ឆ្នាំង កាត់ឱ្យលោក លី ផេង ឈ្នះក្តី និងឆ្វៀលដីរបស់ពួកគាត់ទុក។

ការតវ៉ា និងស្នើសុំរបស់ប្រជាពលរដ្ឋរងគ្រោះខាងលើ ធ្វើឡើងនៅបន្ទាប់ពីពួកគាត់ទទួលបានដំណឹងថា តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ និងប្រកាសសាលក្រម កាត់ដីជាង៥ហិតាទៅឱ្យលោក លី ផេង និងឆ្វៀលដី៨១៧៨ការ៉េ របស់ប្រជាពលរដ្ឋពួកគាត់ទុក ដោយមិនសម្រេចកាត់ឱ្យនោះឡើយ។

កត្តានេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋមិនអាចទទួលយកបាន និងស្នើសុំប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តុលាការខេត្ត ព្រមទាំងអភិបាលខេត្តកំពងឆ្នាំង លោក ឈួរ ច័ន្ទឌឿន មេត្តាផ្តល់យុត្តិធម៌ មិនគួរណាដីរបស់ពួកគាត់ដែលបានទិញដោយស្របច្បាប់ បែរជាត្រូវកាត់ឆ្វៀលទុក មិនព្រមប្រគល់ឱ្យ ហើយបែរជាកាត់ក្តី ប្រគល់ដីឱ្យទៅលោក លី ផេង ដែលកំពុងមានក្តីក្តាំក្នុងសំណុំរឿងនេះ ជាមួយលោក អៀ គុយម៉ុង ទៅវិញ និងម្យ៉ាងលោក លី ផេង ក៏ត្រូវបានព្រះរាជអាជ្ញា តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចជាមួយលោក ជៀម ហៃ ម្ចាស់ដីដើម ដោយចោទពីបទ រំលោភលើទំនុកចិត្ត និងសមគំនិតក្នុងអំពើលួចលក់អចលនៈវត្ថុរបស់អ្នកដ៏ទៃ លើទីតាំងដីខាងលើ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុមកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ មាត្រា៣៩១ មាត្រា៣៩២ នៃក្រមព្រមទណ្ឌ និងមាត្រា២៥៥ នៃច្បាប់ភូមិបាល។

មិនតែប៉ុណ្ណោះ លោក ជៀម ហៃ ត្រូវបានព្រះរាជអាជ្ញាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រីឯលោក លី ផេង ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នដើម្បីបញ្ចប់បទល្មើស និងដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការតាមនីតិវិធីច្បាប់ផងដែរ។

ត្រង់ចំណុចនេះប្រជាពលរដ្ឋបានលើកឡើងថា វាគួរណាស់ដីខាងលើនេះ តុលាការកាត់ឱ្យប្រជាពលរដ្ឋនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ទើបវាត្រឹមត្រូវ ផ្ទុយទៅវិញបែរជាតុលាការកាត់ឱ្យលោក លី ផេង ឈ្នះក្តី ទុកដីពលរដ្ឋឱ្យនៅដដែល ទាំងលោក អៀ គុយម៉ុង ជាម្ចាស់ដី មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀត មិនតែប៉ុណ្ណោះ មុនពួកគាត់ទិញដីនេះ ពីលោក អៀ គុយម៉ុង អាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ខ្សាម លោក ឈួរ ថន ប្រាប់ពលរដ្ឋច្បាស់ៗថា ដីនេះមិនមានបញ្ហាឡើយ ព្រោះត្រឹមត្រូវតាមផ្លូវច្បាប់ តែបែរជាពួកគាត់ទិញហើយ លិចមុខលោក លី ផេង បង្ករទំនាស់រហូតមក។

ចំណែកអ៊ុំស្រី វ័យជាង៦០ឆ្នាំ និយាយបណ្តើរយំបណ្តើរ បានរៀបរាប់ថា គាត់ទិញដីនេះពីលោក អៀ គុយម៉ុង ត្រឹមត្រូវដោយមានការបញ្ជាក់ពីលោកចៅសង្កាត់ថែមទៀតផង សង្ឃឹមថាមានដីនេះធ្វើទ្រនំសម្រាប់រស់នៅ តែផ្ទុយទៅវិញ បែរជាមិនបានដីហើយ ជំពាក់បំណុលធនាគារទៀត ព្រោះយកមកទិញដី រហូតកូនប្រុសរបស់អ៊ុំស្រី ស្លាប់ទាំងមិនបានរស់នៅលើដីនេះសូម្បីតែបន្តិច។ ត្រង់ចំណុចនេះ អ៊ុំស្រីចង់បញ្ជាក់ថា បើគ្មានការបង្ករបញ្ហា ពីលោក ជៀម ហៃ និងលោក លី ផេង សមណាស់រូបគាត់ និងកូនប្រុស បានរស់នៅលើដីនេះ ហើយកូនរបស់គាត់ក៏មិនស្លាប់ដែរ។

ចំណែកស្រ្តី សម្បុរសណ្តែកបាយ រៀងតូចស្បើង និយាយបណ្តើរយំបណ្តើរក៏បានរៀបរាប់ដែរថា បងស្រីសន្សំលុយ លក់នំតាមផ្លូវ និងខ្ចីធនាគារទើបបានទិញដីនេះនៅ តែក្រោយទិញហើយ ចាប់ផ្តើមចាក់ដី សង់ផ្ទះ ស្រាប់តែលោក លី ផេង ចេញមុខហាមឃាត់ពួកគាត់រហូត ហើយពលរដ្ឋក៏បានប្តឹង លោក លី ផេង ទៅតុលាការដែរ តែចុងក្រោយលោក លី ផេង ត្រូវបានតុលាការចេញសាលក្រមកាត់ដីឱ្យទៅវិញ។ ចំណែកពលរដ្ឋឆ្វៀលទុកដោយមិនកំណត់ពេល វាផ្ទុយទៅនិងអភិបាលខេត្ត កាលពីអំឡុងឆ្នាំ២០១៧ បានកាត់ដីនេះមកឱ្យពលរដ្ឋហើយ តែពលរដ្ឋមិនអាចចូលនៅបាន ពួកគាត់មិនយល់ឡើយ និងថាពេលនេះ សម័កូវីដ ពលរដ្ឋលំបាកណាស់ រួមទាំងបងស្រី រកព្រឹកខ្វះល្ងាច លក់ម៉ាស់ចិញ្ចឹមកូនចៅ ទាំងនៅកំពង់ឆ្នាំង និងភ្នំពេញ ដែលរងគ្រោះដោយការបិទខ្ទប់មិនអាចរកស៊ីអ្វីបាន។

ចំណែកបងប្រុសវ័យជាង ៥០ឆ្នាំ ឈ្មោះ ខេន បានលើកឡើងដោយទទូច ស្នើសុំប្រមុខថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋពួកលោកទាំង៣៧គ្រួសារនេះផង មហារងទុករយៈពេលជិត៦ឆ្នាំហើយ មិនបានរស់នៅលើដីឡើយ ម្នាក់ៗស្លាប់ជាបន្តបន្ទាប់ មុនបានដីនៅទៀត។

ចំណែកបងប្រុស ជា ក៏បានស្នើសុំសម្តេចទាំងទ្វេ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងលោកអភិបាលខេត្ត សូមមេត្តាផ្តល់យុត្តិធម៌ឱ្យពលរដ្ឋពួកលោកផង ព្រោះរងទុក្ខជាច្រើនឆ្នាំមកហើយ ដោយគោរពតាមការណែនាំរបស់លោកអភិបាលខេត្ត លោកឡើងពីទន្លេ មកទិញដីទីនេះសង្ឃឹមថាបានរស់នៅ តែបែរជាត្រូវទទួលរកគ្រោះបែបនេះវិញ លោកមិនចង់បានអ្វីឡើយ ក្រៅតែពីដីដែលលោកបានទិញស្របច្បាប់ ចំពោះបញ្ហារវាងលោក អៀ គុយម៉ុង និងលោក លី ផេង សូមតតាំងតាមផ្លូវច្បាប់ចុះ ព្រោះដីនេះលោកទិញពីលោក អៀ គុយម៉ុង ហើយអាជ្ញាធរដឹងឮទទួលស្គាល់ត្រឹមត្រូវលើលិខិតទិញលក់ថែមទៀត។

សូមជំរាបថា ករណីវិវាទដីធ្លីខាងលើ បានកើតឡើងរយៈពេលជិត៦ឆ្នាំមកហើយ ដោយម្ចាស់ដីដើមឈ្មោះ ជៀម ហៃ បានលក់ទៅ​ឱ្យលោក សាយ សូ និងក្រោយមកលោក សាយ សូ បានលក់បន្តទៅឱ្យលោក អៀ គុយម៉ុង ដែលប្រាក់ចុងក្រោយនៃការទិញលក់ដីនេះ លោក ជៀម ហៃ ទទួលពីលោក អៀ គុយម៉ុង ដោយផ្ទាល់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ មានលោក កែ រ៉ុន ជាសាក្សី លោក ញ៉េប លីវ មេភូមិទី៧ និងលោក ឈួរ ថន ចៅសង្កាត់ខ្សាម ជាអ្នកស៊ីញ៉េរ ទទួលស្គាល់ ថាលោក អៀ គុយម៉ុង ពិតជាម្ចាស់ដី មិនតែប៉ុណ្ណោះ ពួកគាត់ក៏ធ្វើការបង្ហាញការពិតទាំងនេះ នាពេលកន្លងមកផងដែរ។

ភស្តុតាងបានបង្ហាញ មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ លោក ឈួរ ថន ក្នុងនាមចៅសង្កាត់ខ្សាម ក៏បានធ្វើលិខិតបំភ្លឺនិងបញ្ជាក់ថា ដីដែលមានទំហំ៥ហិតាកន្លះ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ម្ចាស់ដីដើមឈ្មោះ ជៀម ហៃ និង ឈ្មោះ ហម គឹមហាន ដែលបានលក់ទៅឱ្យ លោក សាយ សូ ហើយក្រោយមកលោក សាយ សូ បានលក់ទៅឱ្យលោក អៀ គុយម៉ុង ពិតប្រាកដមែន ចំពោះបុគ្គល លី ផេង ក្នុងរឿងនេះ ត្រឹមតែជាអ្នកទៅកក់ដីឱ្យលោក សាយ សូ តែប៉ុណ្ណោះ។

ជាមួយគ្នានេះ មិនត្រឹមតែប៉ុណ្ណោះ ដីនេះដែរលោក ជៀ ហៃ លក់ទៅ​ឱ្យលោក អៀ គុយម៉ុង ហើយ ព្រមទាំងទិញដីនេះពីលោក អៀ គុយម៉ុង ចំនួន១២ឡូតិ៍មកវិញទៀត បែរជាប្រកែកថាខ្លួនមិនបានលក់ដីឱ្យលោក អៀ គុយម៉ុង ទៅវិញដោយថាខ្លួនលក់ឱ្យលោក លី ផេង តែម្នាក់គត់។

ត្រង់ចំណុចនេះហើយ ដែលព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង ចោទអ្នកទាំងពីរ ពីបទ រំលោភលើទំនុកចិត្ត និងសមគំនិតក្នុងអំពើលួចលក់អចលនៈវត្ថុរបស់អ្នកដ៏ទៃនោះ ព្រោះលោក ជៀម ហៃ ដី១កន្លែងលក់បានលុយហើយ ក្រឡាស់សំដីថាមិនបានលក់ រួមជាមួយលោក ចៅសង្កាត់ខ្សាមផង ដែលស៊ីញ៉េត្រួតស៊ីគ្នា បង្ករបញ្ហាក្នុងសំណុំរឿងនេះ បើតាមផ្លូវច្បាប់ ក្នុងការស៊ើបអង្កេតដោយសុច្ចរិត យុត្តិធម៌ ពិតណាស់លោកមិនអាចគេចផុតពីការប្រឈមមុខច្បាប់ឡើយ ព្រោះថាដីខាងលើ សូម្បីតែក្រុមការងារចំរុះខេត្ត ដឹកនាំដោយលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយការចុះសិក្សាស្រាវជ្រាវ បានធ្វើរបាយការណ៍ជូនលោក ឈួរ ច័ន្ទឌឿន អភិបាល​​ខេត្ត​ និងសុំណូមពរ លោកអភិបាលខេត្ត ប្រគល់ដីខាងលើរបស់ប្រជាពលរដ្ឋ៣៧គ្រួសារ ដែលបានទិញត្រឹមត្រូវ ពិតប្រាកដពីលោក អៀ គុយម៉ុង គួរប្រគល់ជូនពលរដ្ឋដើម្បីមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផល និងថាលោក អៀ គុយម៉ុង ពិតជាបានទិញដីនេះ ពីលោក ជៀម ហៃ និង ហម គឹមហាន ពិតប្រាកដមែន។ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេច៖

១ ទទួលស្គាល់ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ មានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលដំណាំកសិកម្ម ជាលក្ខណៈគ្រួសារ។ មិនផ្តល់ប័ណ្ណកម្មសិទ្ធិជូនទេ ការធ្វើអ្វីលើសពីការប្រើប្រាស់ និងអាស្រ័យផលដំណាំ

កសិកម្មជាលក្ខណៈគ្រួសារ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។

២ ឈ្មោះ អៀ គុយម៉ុង ដែលមានទំនាក់ទំនងជាមួយភាគីផ្សេងទៀត ត្រូវដោះស្រាយតាមនីតិវិធីច្បាប់ និងមិនត្រូវប៉ះពាល់ដល់ប្រជាពលរដ្ឋដែលបានទិញដីនេះដោយត្រឹមត្រូវប្រាកដនោះទេ។

៣ ក្នុងចំពោះមុខ សុំណូមពរអាជ្ញាធរខេត្ត គណៈបញ្ជារការឯកភាពរដ្ឋបាលខេត្ត សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ជួយសម្រួលឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផល។ ក្នុងករណីមានបុគ្គលណាមកហាមឃាត់ បំពាន លើសិទ្ធិរបស់ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមច្បាប់។

៤ បន្ទាប់មកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នឹងរៀបចំបែបបទ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យស្របទៅតាមនីតិវិធី។

តែយ៉ាងណា បើទោះបីជាមានការសម្រេចរបស់ អភិបាលខេត្តដូចនេះពិតប្រាកដមែន ក្នុងការប្រគល់ដីជូនពលរដ្ឋទាំង៣៧គ្រួសារ ពេលពលរដ្ឋចុះគ្រប់គ្រង និងកាន់កាប់ដី ត្រូវបានហាមឃាត់ រារាំង បង្ករបញ្ហាជារហូតមកពីសំណាក់លោក លី ផេង ដដែល រហូតមកដល់ពេលនេះ ពលរដ្ឋមិនបានដីរបស់ខ្លួន បែរជា លោក លី ផេង មិនមានអ្វីនោះ បានដីទៅវិញ ដោយអំណាច សាលក្រមលេខៈ ១៧ (គ) ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ២៦៥ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្រេច មិនអនុញ្ញាតិអោយអនុវត្តដោយបង្ខំទៅលើទំហំដី៨១៧៨ម៉ែត្រការ៉េ ក្នុងន័យនេះបើគិតមិនខុស គឺ មិនត្រូវប៉ះពាល់ដីពលរដ្ឋ ហើយក៏មិនបានកាត់ឱ្យពួកគាត់ដែរ។ ចំណែកដីផ្សេងទៀត ដូចមានក្នុងសាលក្រមរដ្ឋប្បវេណីលេខ ១០១០(ស) ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ ទទួលស្គាល់ និងអនុញ្ញាតអោយអនុវត្តដោយបង្ខំបន្តតាមនីតិវិធី គឺទទួលស្គាល់លោក លី ផេង ជាម្ចាស់ដីជាង៥ហិតា និងតម្រូវឱ្យលោក អៀ គុយម៉ុង សងសំណងកាខូចខាត និងសំណងជម្ងឺចិត្ត ចំនួន៥ម៉ឺនដុល្លាទៅលោក លី ផេង ទៀត ដែលចំណុចទាំងនេះហើយ ធ្វើឱ្យពលរដ្ឋ មានការភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន ព្រោះម្ចាស់ដីពិតមិនបានដីបែរក្លាយជាជនរងគ្រោះ ហើយពលរដ្ឋដែលត្រូវអាជ្ញាធរ ខេត្តកាត់ដីឱ្យហើយនោះ នៅតែមិនទទួលបាន ចុងក្រោយអំណាចសាលក្រម គឺឆ្វៀលដីរបស់ពួកគាត់ទុកដដែល។ តើមានហេតុផលអ្វីនៅខាងក្រោយសំណុំរឿងមួយនេះ ក្នុងទំនាស់រយៈពេលជិត៦     ឆ្នាំមកហើយនេះ៕