ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញថ្វាយបង្គំ សួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនដោយព្រះជរាគាពាធ កាលពីរសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក តាមជួយអភិបាល គ្រងរក្សាការពារថ្វាយព្រះពរចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចជាអម្ចាស់ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ រួចចាកអស់រោគាពាធទាំងពួង ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់បន្តដឹកនាំវិស័យព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនតរៀងទៅ៕