ចេញផ្សាយ ថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១បានចាត់មេធាវីរបស់លោក គឺលោក ផែង ហេង និងលោកស្រី ម៉េង សុធារី ព្រមទាំងលោក ឈុន ស៊ីថុន និងសហការរីមួយចំនួនទៀត នាំយកជំនួយចែកជូនពលរដ្ឋរងគ្រោះដោយការបិទខ្ទប់។
ពលរដ្ឋដែលត្រូវបានទទួលជំនួយរបស់លោក កឹម សុខា មានចំនួន១០០គ្រួសារ ស្ថិតនៅភូមិ១៥តាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការអញ្ជើញូលរួមផ្ទាល់ពីសំណាក់អាជ្ញាធរមូលដ្ឋានសង្កាត់សាមីផងដែរ។
លោក កឹម សុខា ថ្លែងពីក្រៅរបាំងបិទខ្ទប់ ដោយមិនបានចូលជួបជាមួយពលរដ្ឋ ក្នុងការគោរពវិធានសុខាភិបាល លោកថ្លែងដោយសូមផ្តល់ក្តីនឹករលឹកជូនបំពោះបងប្អូនប្រជាពលរដ្ឋ និងថាបើទោះបីជាជំនួយនេះតិចតួចក្តី ប៉ុន្តែអាចជួយបងប្អូនបានមួយគ្រាក្នុងគ្រាលំបាកនេះ។
ជាមួយគ្នានោះ លោក កឹម សុខា សរសេរនៅលើបណ្តាញសង្គមរបស់លោក ក្រោយក្រុមការងារចែកជំនួយទាំងនេះដល់ប្រជាពលរដ្ឋហើយនោះ ដោយលោករំលេចសារថា លោកជឿថាបើខ្មែរមានទុក្ខ ត្រូវតែខ្មែរជួយខ្មែរ បើខ្មែរមានបញ្ហាក៏ត្រូវតែមានដំណោះស្រាយរវាងខ្មែរនិងខ្មែរដែរ ទោះបីកន្លងមកតែងតែមានអន្តរជាតិជួយយើងក៏ដោយ។ ដូច្នេះហើយ ទោះបីនៅពេលនេះ លោកមិនមានសិទ្ធិធ្វើនយោបាយក្តី តែលោកមិនបិទភ្នែកសម្ងំសុខតែឯង មិនគិតតែបក្សពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្ករជម្លោះ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់ប្រទេសជាតិឡើយ។
លោក កឹម សុខា បន្តថាលោកធ្វើអ្វីៗដើម្បីខ្មែរ ជាក់ស្តែងគឺទន្ទឹមនឹងធ្វើទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ និងខ្មែរនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយោជន៍ខ្មែរ លោកក៏តែងតែចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់ និងចូលរួមជួយជាជំនួយមនុស្សធម៌ដល់បងប្អូនជនរួមជាតិដែលរងគ្រោះកន្លងមកក៏ដូចជាបច្ចុប្បន្ន និងបន្តទៅថ្ងៃមុខទៀត ដែលជំនួយពេលនេះ គឺជាការចូលរួមរបស់លោកផ្ទាល់ និងបងប្អូនសប្បុរសជនពីក្រៅប្រទេសផងដែរ។
ជាការពិត ក្នុងគ្រាពលរដ្ឋរងគ្រោះដោយទឹកជំនន់ លោក កឹម សុខា បានចុះជួយពលរដ្ឋ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តដែលរងគ្រោះ ដើម្បីចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងជួបការលំបាកនៃគ្រោះធម្មជាតិទឹកជំនន់គ្រានោះ។
សូមជំរាបថា ជំនួយដែលលោក កឹម សុខា តាមរយៈក្រុមការងារ ចុះចែកជូនពលរដ្ឋនៅតំបន់បិទខ្ទប់ភូមិ១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន១០០គ្រួសារ រួមមាន អង្ករ ត្រីខ ឆៃប៉ូវ ទឹកស៊ីអ៊ីវ ម៉ាស់ អាល់កុល សាប៊ូ និងថវិកាក្នុង១គ្រួសារ ចំនួន២០,០០០រៀលផងដែរ៕