ចេញផ្សាយ ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ ទីបំផុតទៅ លោក លន់ ឡេង បន្ទាប់ពីកំសួលដោយកំហឹង ខឹងមិនបានទប់ ជំពប់ដល់អ្នកសារព៧ត៌មានផងនោះ ពេលនេះបានចេញមុខមកបំភ្លឺហើយ លើលិខិតចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
ក្នុងលិខិតបំភ្លឺ ដែលមានចុះហត្ថលេខា និងបញ្ជាក់ឈ្មោះរបស់លោក លន់ ឡេង ផ្ញើមកកាន់អង្គភាពសារព័ត៌មាន TNHOTNEWS ដោយសុំបំភ្លឺ២ចំណុច ដើម្បីបញ្ចប់មន្ទិលសង្ស័យ ជូនមហាជន ដែលកន្លងមក លោក លន់ ឡេង ខ្លួនឯងផ្ទាល់ មិនដែលឆ្លើយតបម្តងណានោះឡើយ។
ក្នុងលិខិតរបស់លោក លន់ ឡេង គោរពជូន លោក កែវ រតនា ចាងហ្វាង គេហទំព័រ TNHOTNEWS បានបង្ហាញថា៖
ទី១ រូបលោក មិនបានយកឈ្មោះអង្គភាពមកកាងដីដូចការផ្សាយឡើយ ហើយថាកាលដែលលោកទៅកន្លែងទីតាំងដីនោះ ដោយសារតែលោក លី ផេង ជាមិត្តភក្តិ ម្យ៉ាងទៀតដីរបស់លោក ក៏នៅជិតទីតាំងដីដែលមានជម្លោះនោះ។
ទី២ លោក លន់ ឡេង បំភ្លឺថា រឿងជម្លោះដីរបស់លោក លី ផេង ជាមួយលោក អៀ គុយម៉ុង និងលោក សាយ សូ ត្រូវបានតុលាការសម្រេច អោយលោក លី ផេង ឈ្នះក្តីនេះរួចទៅហើយ ហើយតុលាការបានកាត់ទោសលោក អៀ គុយម៉ុង ឱ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំ និងលោក សាយ សូ ជាប់ពន្ធនាគារចំនួន៣ឆ្នាំ។
យ៉ាងណាក៏ដោយចុះ នេះជាការបំភ្លឺរបស់លោក លន់ ឡេង ក្រោយសកម្មភាពរបស់លោកត្រូវបានផ្សព្វផ្សាយ។ តែយ៉ាងណា សម្រាប់ការផ្សព្វផ្សាយនោះ មិនបានផ្សាយបំភ្លើសលើសពីការពិតឡើយ និងម្យ៉ាងលោក លន់ ឡេង ប្រើភាសារអសុរស និងហិង្សាមកលើអ្នកសារព័ត៌មាន លោក កែវ រតនា ក៏មិនត្រូវបានបង្ហាញក្នុងលិខិបំភ្លឺនេះដែរ។
ប៉ុន្តែអ្វីក៏ដោយ ក្នុងនាមសារព័ត៌មាន ដែលប្រកាន់ភ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ តែងទទួលរាល់គ្រប់ការបំភ្លឺ របស់ភាគីនីមួយៗ ទោះស្ថិតក្នុងកំរិតនៃស្ថានភាពយ៉ាងណាមួយក៏ដោយ ព្រោះព័ត៌មានគឺជាកញ្ចាប់ឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៅក្នុងសង្គម។ ជាមួយគ្នានេះ ចំពោះភាគី លោក អៀ គុយម៉ុង យើងមិនទាន់អាចទាក់ទងបាននៅឡើយទេ ជុំការបំភ្លឺរបស់លោក លន់ ឡេង ដូចក្នុងលិខិតបំភ្លឺ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំនួន២ចំណុច។ តែបើយោងតាមការលើកឡើងរបស់មេធាវីការពារក្តីលោក អៀ គុយម៉ុង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្នុងគ្រាចុះអនុវត្តសាលក្រមដោយបង្ខំ លេខៈ ១៧(គ) ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់តុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខៈ ២៦៥ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា កូនក្តីលោក គឺ លោក អៀ គុយម៉ុង បានដាក់ពាក្យប្តឹងជំទាស់ការអនុវត្ត ដែលតុលាការសាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងចាត់ការ មិនទាន់ចេញសាលក្រម ក៏ដូចជាសេចក្តីសម្រេចនៅឡើយ តែលោក ទី មុនិន្ទ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បែរជាចុះអនុវត្តលើដីទំនាស់នេះ ដោយសម្រេចយកដីពីលោក អៀ គុយម៉ុង ប្រគល់ឱ្យលោក លី ផេង ទាំងមិនមានសេចក្តីសម្រេចពីតុលាការសាលាដំបូង ស្តីពី ពាក្យបណ្តឹងជំទាស់ការអនុវត្តឡើយ៕