ចេញផ្សាយ ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
កណ្តាល៖ ប្រជាកសិករ ចិញ្ចឹមទាយកស៊ុក ឬពង លក់នៅលើទីផ្សារ ពេលនេះកំពុងជួបទុក្ខជាន់លើទុក្ខ បំណុលវ័ណ្ឌក ម្នាក់ៗដង្ហើយសុំប្រមុខថ្នាក់ដឹកនាំមេត្តាជួយបើកផ្សារឡើងវិញ ដើម្បីពងទារបស់ពួកគាត់អាចចរាចលក់ចេញ ទិញចូលបានដូចដើម។
ក្តីទុក្ខលំបាករបស់ប្រជាកសិករចិញ្ចឹមទាយកពងលក់នេះ នៅបន្ទាប់ពីការព្រឹត្តិការណ៍ផ្ទុះកូវីដ១៩ ក្នុងសហគមន៍ ទីផ្សារគ្រប់ច្រកល្ហកត្រូវបានបិទ ធ្វើឱ្យពងទា សល់រាប់ម៉ឺនគ្រាប់ ផ្ទុះស្អុយពេញរោង ដោយគ្មានការបញ្ជាទិញពីសំណាក់អាជីវករ ឬឈ្មួញនោះឡើយ។
ការមិនមានអ្នកបញ្ជាទិញ ទា ចេះតែពងជារៀងរាល់ថ្ងៃ គរដូចភ្នំ រោងខ្លះពងទាសល់ចង់ដល់ដំបូលរោង ដោយពួកគាត់ម្នាក់ៗនិយាយមិនចេញ មួយថ្ងៃៗខាតរាប់ស៊ិបម៉ឺន និងលានរៀល ព្រោះតែគ្មានទីផ្សារពងទានេះឯង។
ជួបជាមួយប្រជាកសិករ ជាម្ចាស់ជើងទ្រុងចិញ្ចឹមទាយកពងជាច្រើនរោង ស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ម្នាក់ៗដកដង្ហើមធំ ពោរពេញទៅដោយទុក្ខព្រួយ ព្រោះតែពងទាលក់មិនចេញ ចំណែកទា ត្រូវការស៊ីចំណីជារៀងរាល់ថ្ងៃ ណាមួយបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ត្រូវបង់ជាប្រចាំគ្មានការលើកលែង ធ្វើឱ្យពួកគាត់កើតទុក្ខគ្រប់គ្នា ដែលជាទុក្ខជាន់លើទុក្ខ។
កសិករ ភា រិទ្ធី រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រាប់ថា រូបលោកក៏ដូចជាប្រជាកសិករផ្សេងទៀត ពេលនេះពងទាធ្លាក់ថ្លៃយ៉ាងគំហុក និងគ្មានទីផ្សារ លោកថា គ្មានទីផ្សារ ព្រោះតែពងទា ផលិតបានរាល់ថ្ងៃ តែគ្មានអ្នកបញ្ជារទិញ ធ្វើឱ្យពងទាតាមទ្រុងខូចនិងផ្ទុះស្អុយ។
លោក ភា រិទ្ធី បន្តថា ទាំងនេះជាហានិភ័យ ដែលអាចធ្វើឱ្យប្រជាកសិករឈានដល់ការបិទទ្រុងទា ព្រោះតែមិនអាចរត់រួចជាមួយចំណី ម្យ៉ាងដេប៉ូលក់ចំណីទា ក៏លែងឱ្យពួកគាត់ជំពាក់ទៀត ព្រោះម្ចាស់ដេប៉ូក៏ត្រូវការប្រាក់បង្វិលដូចគ្នា។
ចំណែកបងស្រី វ៉ាន ស្រីយ៉ាង ប្រជាកសិករចិញ្ចឹមទាយកពងលក់ នៅភូមិស្វាយមាស ឃុំវិហារសួរគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានចាប់មុខរបរចិញ្ចឹមទាយកពងនេះ រយៈពេល២ឆ្នាំមកហើយ បានប្រាប់មិនខុសគ្នាជាមួយប្រជាកសិករ ភា រិទ្ធី ឡើយ ដោយបងស្រី បានលើកឡើងថា ពេលនេះពងទារបស់បងស្រី សល់រាប់ពាន់ម៉ឺនគ្រាប់ ដោយសារតែគ្មានការបញ្ជាទិញ ក្រោយការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍ និងថា ពងទារបស់ប្រជាកសិករអាចទុកបានត្រឹមតែរយៈពេល៧ទៅ១០ថ្ងៃតែប៉ុណ្ណោះ វានិងខូច ផ្ទុះស្អុយគ្រប់ទ្រុង។
កសិករ វ៉ាន ស្រីយ៉ាង បន្តថា ពួកគាត់មិនដឹងត្រូវដោះស្រាយដោយវិធីណា ពងទាផលិតបានគ្មានទីផ្សារ ហើយតម្លៃថោកទៀត ចំណែកចំណីកាន់តែឡើងថ្លៃ ធ្វើឱ្យបងស្រី និងកសិករចិញ្ចឹមទាយកពង គ្មានទាំងលទ្ធភាព និងថវិកាទិញចំណីឱ្យទាស៊ីឡើយ ព្រោះបច្ចុប្បន្ន ចំណីក្នុង១បេតម្លៃ៤ម៉ឺន៥ពាន់រៀល ដោយគ្រាន់តែបងស្រីម្ចាស់ជើងទ្រុងម្នាក់ជំពាក់ដេប៉ូលក់ចណីជិត១០លានរៀលទៅហើយ។
និយាយពីរឿងជីវភាព គ្រប់ប្រជាកសិករ ត្រូវបានត្អូញត្អែរដោយបំណុលធនាគារ ព្រោះថាប្រជាកសិករចិញ្ចឹមទាយកពងទាំងអស់សុតតែកម្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ និងថាបើពងទានៅតែបន្តធ្លាក់ថោក គ្មានទីផ្សារ កសិករគ្មានលុយទិញចំណី ពិតណាស់ទារបស់ពួកគាត់ និងត្រូវងាប់ដោយសារការដាច់ចំណី ព្រោះបើចង់លក់ទាចេញ ក៏កុងស៊ីមិនទទួលទិញដូចគ្នា។
ជាមួយគ្នានេះ កសិករចិញ្ចឹមទាយកពងលក់ ដែលកំពុងជួបការលំបាកទាំងនោះ បាននាំគ្នាលើកដៃសំពះស្នើសុំអង្វរដល់សម្តេចប្រមុខរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ មេត្តាជួយបើក និងរកទីផ្សារឱ្យពួកគាត់ឡើងវិញ ព្រោះកសិករជួបការលំបាកទុក្ខជាន់លើទុក្ខ ពងទាចុះថោក គ្មានទីផ្សារ និងការបញ្ជាទិញ ចំណែកបំណុលពួកគាត់ជំពាក់ឡើងវ័ណ្ឌកគ្រប់គ្នា៕