ចេញផ្សាយ ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
កំពត៖ ធ្លាប់តើឮ និងឃើញផ្ទះហោះ ផ្ទះហើរ នៅខេត្តព្រះសីហនុ និងតំបន់មួយចំនួនទៀត ពេលនេះ ផ្ទះហោះ ផ្ទះហើរ បានរំលោភដល់ដីក្រុមហ៊ុន JNJ ស្ថិតនៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
ផ្ទះហោះ ផ្ទះហើរនេះ បានធ្វើរំលោភបំពានចូលដីក្រុមហ៊ុន JNJ ក្នុងរបងហ៊ុំព័ទ្ធដោយបន្លាលួស រយះពេលច្រើនថ្ងៃមកហើយ ដោយមានផ្ទះខ្លះ មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងនោះ និងផ្ទះខ្លះទៀត មានតែសំបក ក្នុងរូបភាពក្រោមលិះសំអាងរបស់ពួកគេថាជាដីរបស់ខ្លួន និងបានមករស់នៅអាស្រ័យផលទីនេះជាច្រើនឆ្នាំមកហើយ។
ករណីនេះ វាបានកើតឡើងច្រើនកន្លែងណាស់ក្នុងប្រទេសកម្ពុជា ដោយសារតែដីឡើងថ្លៃ មានពលរដ្ឋខ្លះ គ្មានដីនោះទេ តែមកធ្វើទាំងបំពាន ព្រោះខ្លួនជាអ្នកស៊ីឈ្នួលឱ្យឈ្មួញ ដោយហ៊ានស្រែកតវ៉ា ឬចេញមុខតាំងខ្លួនជាម្ចាស់ដី ដើរប្តឹងយកក្តីគ្រប់ទីកន្លែង និងស្រែកអយុត្តិធម៌ ព្រោះថា សកម្មភាពខ្លួនវាជាយុទ្ធសាស្រ្តសាច់កម្ម ឈ្នះបានដី ចាញ់បានលុយ ឬមួយទៀត មិនខ្វល់ឱ្យតែគេជួល ធ្វើគ្រប់យ៉ាងដើម្បីលុយ បណ្តោយខ្លួនក្លាយជាទាសករលុយ ទាំងគ្មានសតិសម្បជញ្ជៈសូម្បីតែបន្តិច។
ជាក់ស្តែង ផ្ទះហោះ ផ្ទះហើរ លើដីក្រុមហ៊ុន JNJ គឺមានជននៅពីក្រោយ ជួលពលរដ្ឋធ្វើសកម្មភាព រំលោភយកដីរបស់ក្រុមហ៊ុន ដែលបានទិញដោយស្របច្បាប់ពីពលរដ្ឋតាំងពីអំឡុងឆ្នាំ២០១១មកម្លេះ គ្រាជំនាន់ក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ ចុះវាស់និងឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ខាងលើ ដែលពេលនោះភាគច្រើនជាទាហានផ្តាច់ខ្លួនក្រោយសមាហរណកម្ម។
មិនតែប៉ុណ្ណោះ ទីតាំងដីរបស់ក្រុមហ៊ុន JNJ គឺមានការទទួលស្គាល់ដោយអភិបាលខេត្តកំពត តាំងពីជំនាន់ ឯកឧត្តម ខូយ ឃុនហួរ មកម្លេះ និងបន្តបន្ទាប់ ក្រុមហ៊ុន ក៏ទទួលបានបណ្ណកម្មសិទ្ធិលើដីជាក់ស្តែងផងដែរ ក្នុងចំនួនដីសរុបចំនួន២ឃុំ គឺឃុំតាកែនកោះស្លា និងឃុំតេជោអភិវឌ្ឍន៍ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពតនេះឯង។
អ្វីដែលនឹកស្មានមិនដល់ ក្នុងសកម្មភាពរបស់កម្មករ កំពុងដាំដើមចេកក្រោមតំណក់ទឹកភ្លៀង ក្នុងដីក្រុមហ៊ុន JNJ គឺមានជនជាតិចិន ជាមេការ បាននិងកំពុងបញ្ជាក្រុមកម្មករ ដាក់ដាំចេក ពង្រាយក្នុងដីរបស់ក្រុមហ៊ុន ដើម្បីជាសំអាង ថាដីខាងលើក្នុងរបងហ៊ុំព័ទ្ធទៅដោយបន្លាលួសរបស់ក្រុមហ៊ុន JNJ ទៅហើយនោះ ថាជាដីរបស់ពួកគេ និងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះវាស់វែង ឆ្វៀលដីឱ្យទៅពួកគេ ដោយយកពលរដ្ឋដែលស៊ីឈ្នួលស្រែកថាដីរបស់ខ្លួន ធ្វើជាខែលបាំងមុខ ដែលជាអាវក្រោះដ៏រឹងមាំរបស់ពួកគេ។
ទោះយ៉ាងណា ក្រុមនេះដែលមានឈ្មួញនៅពីក្រោយ ព្រមទាំងអ្នកចាំរត់ការ យកមុខងារតួនាទីក្នុងការបំភ័យមន្រ្តីថ្នាក់ក្រោមផងដែរ ដែលនេះជាយុទ្ធសាស្រ្តរបស់ពួកគេធ្លាប់ធ្វើជាហូរហែរមក ព្រោះចំណាយតិចទទួលបានផលច្រើន។
ក្នុងនោះបើតាមតំណាងក្រុមហ៊ុន JNJ បានប្រាប់ថា នាពេលកន្លងមក ខាងភាគីដែលកំពុងដាក់កម្មករ និងធ្វើផ្ទះហោះផ្ទះហើរនេះ អាជ្ញាធរខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត ក៏ធ្លាប់បានចេញលិខិតអញ្ជើញ ចូលខ្លួនបំភ្លឺទាក់ទងទៅនិងការកាប់រានឈូសឆាយដីព្រៃនៅទីតាំងខាងលើ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយគ្មានការអនុញ្ញាតផងដែរ។ តំណាងក្រុមហ៊ុន JNJ បន្តថា ប្រសិនបើភាគីដែលមានមេការចិន កំពុងមើលការខុសត្រូវ និងដាក់កម្មករចូលទន្ទ្រានរំលោភបំពានដីក្រុមហ៊ុន ហើយសំអាងជាដីរបស់ខ្លួន លើដីក្រុមហ៊ុននោះ សូមយកឯកសារទិញលក់ និងពាក់ព័ន្ធនានា មកតតាំងគ្នាតាមផ្លូវច្បាប់ ចំពោះមុខអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធនានា ពិសេសចំពោះមុខតុលាការ តាមនីតិវិធីច្បាប់ ព្រោះក្រុមហ៊ុន JNJ ធ្វើអ្វីតាមច្បាប់ ដោយគ្មានការរំលោភបំពានយកដីរបស់បុគ្គលណាម្នាក់ឡើយ ដែលមានអាជ្ញាធរឃុំសាមី ស្រុក និងខេត្តដឹងឮថែមទៀតផង៕