ព្រះរាជអាជ្ញារងផុតអាណត្តិ លេងមួយក្បាច់ផ្អើលអ្នកខេត្តកំពង់ឆ្នាំង ព្រោះការអនុវត្តសាលក្រមដោយបង្ខំ ល្មើសបំរាមក្រសួងសុខាភិបាល

0
1064

ចេញផ្សាយ ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៤  ខែមិថុនា ឆ្នាំ២០២១

កំពង់ឆ្នាំង៖ ព្រះរាជអាជ្ញារង ផុតអាណត្តិ ខេត្តកំពង់ឆ្នាំង និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលា​ លោក ទី មុនិន្ទ ទឹកបញ្ចប់ក្នុងវិថីច្បាប់នៅខេត្តកំពង់ឆ្នាំង មុនផ្ទេរតំណែងមកភ្នំពេញវិញ តាមព្រះរាជក្រឹត្យ នស/រកត/០៥២១/២១០​​​ របស់អង្គព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០​២១នេះ ដោយទ្រង់ត្រាស់បង្គ្រាប់ លោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ផ្ទេរមកជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ។

លោក ទី មុនិន្ទ ដោយដឹងខ្លួនឯង និងត្រូវផ្លាស់ប្តូរក្នុងរយៈពេល២ថ្ងៃបន្ទាប់ បានលេងមួយស្នៀតលើវិថីច្បាប់ ការអនុវត្តន៍ដោយបង្ខំ​ មិនញញើត រំលោភបំពានលើវិធានការរបស់ក្រសួងសុខាភិបាល ដោយហាមជួបជុំ ប្រមូលផ្តុំមនុស្សច្រើន ជៀសវាងការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

តែផ្ទុយទៅវិញ លោក ទី មុ និន្ទ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំកម្លាំង និង កោះហៅ ប្រជា​ពលរដ្ឋ ព្រមទាំងភាគីដែលពាក់ព័ន្ធ មានលោក អៀ គុយម៉ុង និងលោក លី ផេង ផងនោះ ចូលរួមស្តាប់សាលក្រម និងការចុះ​អនុវត្តន៍ដោយបង្ខំ កាត់ឆ្វៀលដីទៅឱ្យលោក លី ផេង យ៉ាងតក់ក្រហល់ លើដីទំនាស់ ទាំងដឹងថា ភាគីលោក អៀ គុយម៉ុង បានដាក់លិខិតប្តឹងជំទាស់ទៅហើយនោះ ហើយការចុះអនុវត្តន៍ កាត់ឆ្វៀលដី ជាង៨០០០ម៉ែត្រការ៉េរបស់ប្រជាពលរដ្ឋ ទុកបន្តក្តីជាមួយលោក លី ផេង បន្តនោះ គឺជាបណ្តឹងរបស់ពលរដ្ឋ៣២គ្រួសារ លើ៣៧គ្រួសារ ដែលបណ្តឹងលោក លី ផេង រំលោភដីធ្លី និងធ្វើឱ្យខូចខាតប្រយោជន៍របស់ពួកគាត់ ដែលបានទិញស្របច្បាប់ មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៅហើយនោះ។

ក្រោយការចុះអនុវត្តន៍សាលក្រមដោយបង្ខំ ក្រោមការដឹកនាំរបស់លោក ទី មុនិន្ទ ព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំង និងជាមន្រ្តីទទួលបន្ទុកកិច្ចការអាជ្ញាសាលាពេលនោះ មានករណីផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ រួមមានមន្រ្តីមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដី ខេត្តកំពង់ឆ្នាំង លោក លន់ ទ្រី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រំលងគ្នារយះពេល៣ថ្ងៃ ដែលលោក លន់ ទ្រី បានដើរកៀកប្រកិតជាមួយលោក ទី មុនិន្ទ និងក្រុមលោក លី ផេង ចុះវាស់វែង និងបោះរបងព្រំដីពេលនោះ នៃការអនុវត្តន៍ដោយបង្ខំ។

ជាហូរហែរ មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បណ្តាក់គ្នាជាចង្កោមនៃព្រឹត្តិការណ៍សហគមន៍ តាមប្រវត្តិរបស់អ្នកជំងឺនីមួយៗ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៤នាក់ មានម្នាក់ជាមន្រ្តីសាលាដំបូងខេត្តកំពង់ឆ្នាំង ឈ្មោះ លឹម គឹមហួយ ភេទស្រី អាយុ២៨ឆ្នាំ ដែលជាអ្នកចុះផ្ទាល់និងសកម្ម ក្នុងការស្រង់វត្តមានប្រជាពលរដ្ឋ ព្រមទាំងកត់ត្រាជើងម៉ែត្រនៃទំហំដី តាមបច្ចេកទេសរបស់មន្រ្តីមន្ទីរសូរិយាដី ដែលមានវិជ្ជមានកូវីដ១៩ពេលនោះផងដែរ។

ក្នុងព្រឹត្តិការណ៍ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៃការចុះអនុវត្តន៍ដោយបង្ខំ សូម្បីលោក អៀ គុយម៉ុង ភាគីទំនាស់លើដីជាង៥ហិតាខាងលើ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក៏ទទួលបានលិខិតអញ្ជើញរបស់លោក ទី មុនិន្ទ ទាំងយប់ ដើម្បីចូលរួមស្តាប់ និងការអនុវត្តន៍នេះ នៅពេលព្រឹកព្រលឹមឡើងផងដែរ ត្រង់ចំណុចនេះអ្នកច្បាប់និងដឹងភ្លាម តើវាត្រឹមត្រូវដែរឬទេ ព្រោះម៉ោងរដ្ឋបាលក៏បានផុតទៅហើយនោះ។

ចំណុចមួយទៀត ក្នុងគ្រាលោក ទី មុនិន្ទ កំពុងដឹកនាំកម្លាំងចុះអនុវត្តន៍នោះ លោក ម៉ក់ មូណា មេធាវីការពារក្តីលោក អៀ គុយម៉ុង ក៏បានស្នើសុំផ្អាកជាបណ្តុះអាសន្នផងដែរ ចំពោះការចុះអនុវត្តន៍ដោយបង្ខំនេះ ព្រោះជាការរំលោភបំពានបំរាមក្រសួងសុខបាល និងវិធានការរបស់ប្រមុខរដ្ឋាភិបាល ៣ការពារ និង៣កុំ តែលោក ទី មុនិន្ទ មិនស្តាប់ឡើយ ដោយឆ្លើយបែបអ្នកធំលើវិថីច្បាប់ថា តែមកគឺអនុវត្តន៍ហើយ។

អ្វីទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាប់ថា លោក ទី មុនិន្ទ រំលោភបំពានលើបំរាមក្រសួងសុខាភិបាល និងវិធានការណ៍ប្រមុខរដ្ឋាភិបាល ៣ការពារ និង៣កុំ ពិសេស គឺជាការរំលោភយ៉ាងធ្ងន់ ទៅលើច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់ ទណ្ឌកម្ម ចំពោះ បទមិនគោរពវិធានការរដ្ឋបាល មាត្រា១០ នៃច្បាប់ បានចែងថា

  • បទមិនគោរពវិធានរដ្ឋបាល ដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរកាណ៍ពី១លាន ទៅ៥លានរៀល។
  • បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ)។
  • បទមិនគោរពវិធានការរដ្ឋបាលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល (បើបានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ)

បើពិតនិត្យលើច្បាប់ខាងលើ តើលោក ទី មុនន្ទ និងចូលក្នុងចំណុច១ណា ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់ ទណ្ឌកម្ម ចំពោះ បទមិនគោរពវិធានការរដ្ឋបាល មាត្រា១០ នេះ? តែទោះជាយ៉ាងណាក៏ដោយចុះ រហូតមកដល់ថ្ងៃនេះ រយៈពេល២០ថ្ងៃហើយ នៅឡើយហាក់មិនទាន់ឃើញមានចំណាត់ការណាមួយ លើលោកព្រះរាជអាជ្ញារងនោះទេ បើនិយាយពីពលរដ្ឋធម្មតាវិញ ប្រហែលនិងត្រូូវអនុវត្តន៍លើវិធានការណ៍នេះជាក់ជាមិនខាន ឬមួយ អ្នកច្បាប់ គឺមិនត្រូវបាន………..ត្រង់ចំណុចនេះ យើងទុកជូនមហាជនធ្វើការវាយតម្លៃ និងអ្នកច្បាប់ ធ្វើការជជែកចុះ សម្រាប់យើងជាអ្នកសារព័ត៌មាន មានសិទ្ធិគ្រាន់តែបង្ហាញចំពោះរឿងរ៉ាវជាក់ស្តែងដែលបានកើតមានឡើងតែប៉ុណ្ណោះ៕