ចេញផ្សាយ ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ៖ ធ្លាប់តែឮ និងឃើញ អ្នកទិញដីមិនបានដី បែរជាបានរឿង តែផ្ទុយទៅវិញ ពេលនេះ ម្ចាស់ដីលក់ដីមិនបានលុយគ្រប់ហើយ បែរជានាំរឿងដាក់ខ្លួន ព្រោះតែមិត្តភាព និងការជឿទុកចិត្ត។
មិត្តភាព និងការជឿទុកចិត្តនេះ វាបានកើតឡើងក្នុងគ្រាធ្វើកិច្ចសន្យាទិញលក់ដីមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទំហំក្បាលដី៣២.៨៥ម៉ែត្រ និងបណ្តោយ៥១.៤ម៉ែត្រ ស្មើ១៦៧៨.៦៩ម៉ែត្រការ៉េ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
ដីខាងលើនេះ មានម្ចាស់ឈ្មោះ ពុំ សុភារម្យ ភេទស្រី អាយុ៤១ឆ្នាំ និងម្តាយ លោកស្រី ឈឹម វត្តី ដោយបានព្រមព្រៀងគ្នាទិញលក់ក្នុង១ម៉ែត្រការ៉េ តម្លៃ១៤៥០ដុល្លា ដោយតំណាក់កាលទី១ ភាគីអ្នកទិញ ដែលមានឈ្មោះ លី ហ្គេចជៀម និងភរិយា លោកស្រី ជា សៀកឡេង ប្រគល់ប្រាក់ចំនួន២៥ម៉ឺនដុល្លា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ដោយ២៤ម៉ឺនដុល្លា ជាមូលប្បទានប័ត្រ ធនាគារកាណាឌីយ៉ា និង១ម៉ឺនដុល្លាផ្សេងទៀត ជាការប្រគល់ដោយសាច់ប្រាក់សុត។
កិច្ចសន្យាទិញលក់ដីខាងលើ មានចំនួន១៣ប្រកាស និង៦ទំព័រ ធ្វើឡើងនៅធនាគារកាណាឌីយ៉ា ដែលភាគីអ្នកទិញ មានមេធាវី លោក វ័ន្ត លាងហៃ ជាអ្នកប្រថាប់ត្រា ព្រមទាំងភាគីធនាគារកាណាឌីយ៉ា ធ្វើជាសាក្សី ផ្នែកនីតិកម្ម ទទួលបន្ទុកអចលនទ្រព្យ ចុះហត្ថលេខា ប្រថាប់ត្រាដោយឈ្មោះ រៀន សំរិទ្ធ ធ្វើឡើងចំនួន៤ច្បាប់ ដោយច្បាប់ដើមនីមួយៗ មានលក្ខណៈគតិយុត្ត និងតម្លៃស្មើៗគ្នា ហើយច្បាប់ដើមនីមួយៗត្រូវរក្សាទុកនៅភាគីម្ខាងៗចំនួន១ច្បាប់ និង២ច្បាប់ដើម ត្រូវបានរក្សាទុកនៅធនាគារកាណាឌីយ៉ា ជាសាក្សី។
រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ភាគីអ្នកទិញលោក លី ហ្គេចជៀម និងភរិយា បានប្រគល់ប្រាប់ចំនួន១០ម៉ឺនដុល្លាបន្ថែមទៀត ដោយមូលប្បទានប័ត្រ ធនាគារកាលណាឌីយ៉ា និងមូលប្បទានប័ត្រ ធនាគារ ប្រៃសណីយ៍កម្ពុជា ចំនួន១៤ម៉ឺនដុល្លា។
តែអ្វីដែលធ្វើឱ្យម្ចាស់ដីហួសចិត្ត និងនឹកស្មានមិនដល់ វាបានកើតឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយសមត្ថកិច្ចចាប់ខ្លួនលោកស្រី ពុំ សុភារម្យ ក្រោមដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ឆបោក របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ និងដីការសន្និដ្ឋានបញ្ជូនសំណុំរឿងឱ្យស៊ើបសួរ លេខ ២៥០៨ អ.យ.ក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងយោបល់របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឯកភាពក្នុងការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ទើបម្ចាស់ដីដឹងថា ក្នុងកិច្ចសន្យាទិញលក់ដី រវាងលោកស្រី ជាមួយលោក លី ហ្គេចជៀម និងភរិយា នៃឯកសារប្រថាប់ត្រាដោយមេធាវីរបស់អ្នកទាំងពីរ បានដាក់ក្នុងតម្លៃទិញ១ម៉ែត្រការ៉េ ត្រឹមតែ១ពាន់ដុល្លាទៅវិញ។
សាច់រឿងសក្លាយជាខ្មៅ ម្ចាស់ដីលក់ដីមិនបានលុយ ហើយត្រូវជាប់ពន្ធនាគារទៀត ព្រោះតែអ្នកទិញលេងមួយស្នៀត ដល់វគ្កត្រូវប្រគល់ប្រាក់ជាង៩០ម៉ឹនដុល្លា បែរជាចោទអ្នកលក់ ថាលក់ដីខ្យល់ឱ្យខ្លួន។ ក្រោយមហាជន បានដឹងរឿងរ៉ាវនេះ ម្នាក់ៗមានការងឿងឆ្ងល់ថា បើភាគីអ្នកទិញ លោក លី ហ្គេចជៀម និងភរិយា ថាលោកស្រី ពុំ សុភារម្យ និងលោកស្រី ឈឹម វត្តី លក់ដីខ្យល់ឱ្យខ្លួន ហេតុអ្វីបានជាហ៊ានប្រគល់ប្រាក់រាប់ម៉ឺនដុល្លា ថ្លៃទិញដីឱ្យទៅម្តាយកូនទាំងពីរ សុតតែជាស្រ្តីទុនខ្សោយបែបនេះ ដែលមានជំងឺប្រចាំកាយផងនោះ។
ថ្លែងដោយទឹកមុខស្រងូតស្រង៉ាត់ លើទីតាំងដីជាក់ស្តែងលោកស្រី ឈឹម វត្តី បានប្រាប់ថា តើវាអាចទៅរួចទេ ដែលលោកស្រី និងកូន លក់ដីខ្យល់ឱ្យលោក លី ហ្គេចជៀម និងភរិយា ដែលលោកស្រីនិងកូនគឺជាពាណិជ្ជករមួយរូប មិនយកកិត្តិយសរបស់ខ្លួនមកលក់ឡើយ។
មិនយកកិត្តិយសមកលក់ ត្រូវបានលោកស្រី ឈឹម វត្តី ប្រាប់ថា ព្រោះតែដីនេះជាដីរបស់លោកស្រីត្រឹមត្រូវ មិនមែនជាដីខ្យល់ ឬជាការឆបោកដូចការលើកឡើងរបស់លោក លី ហ្គេចជៀម ដែលបានទិញតាំងពីឆ្នាំ១៩៩០មកម្លេះ ហើយលោកស្រីបានផ្ទេរសិទ្ធិទៅឱ្យលោកស្រី ពុំ សុភារម្យ ដែលជាកូនស្រី នៅឆ្នាំ២០០២ ដោយមានពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០០២ និងមានការទទួលស្គាល់ពីសំណាក់លោក ឃួន សារុន ដែលជាចៅសង្កាត់កាលពីជំនាន់នោះ និងលិខិតបញ្ជាក់ដី របស់លោកចៅសង្កាត់ឡើងកាន់តំណែងថ្មី សេង នីម កាលពីថ្ងៃ២៩ ខែមីនា ឆ្នាំ២០១៨ ហើយឯកសារទាំងនេះ ក៏ត្រូវបានយកមកបញ្ជាក់ក្នុងលិខិតទិញលក់ រវាងភាគីទាំងពីរផងដែរ។
លោកស្រី ឈឹម វត្តី បន្តថា មុនការសម្រេចទិញដីខាងលើ គឺលោក លី ហ្គេចជៀម និងភរិយា បានចុះទៅកាន់ទីតាំងដីជាក់ស្តែងស្គាល់យ៉ាងច្បាស់ និងចេញចូលដីផ្ទះរបស់លោកស្រីជាហូរហែរ ព្រោះជាមនុស្សស្គាល់ រាប់អានគ្នា ជាមួយកូនស្រីលោកស្រី។ លោកស្រី ឈឹម វត្តី បន្ថែមថា មុនការសម្រេចទិញដីនេះ លោក លី ហ្គេចជៀម បានកក់ប្រាក់១ម៉ឺនដុល្លា ហើយ៣ថ្ងៃក្រោយលោក លី ហ្គេចជៀម បានប្រាប់លោកស្រីនិងកូន ថាឈប់ទិញវិញ តែ១សប្តាហ៍ក្រោយ បានដូរចិត្តសុំទិញយកដីទាំងអស់មកវិញ ដូចក្នុងកិច្ចសន្យារវាងភាគីទាំងពីរ។
ដោយក្តីឈឺចាប់ ណាមួយអាណិតកូនស្រី ត្រូវជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ លោកស្រី ឈឹម វត្តី ថ្លែងដោយទឹកភ្នែក ដង្ហក់ព្រោះជំងឺបេះដូងប្រចាំកាយ បានទទូចស្នើសុំដល់ស្ថាប័នក្រសួងយុត្តិធម៌ និងសម្តេចប្រមុខរដ្ឋាភិបាល ជួយរកយុត្តិធម៌ឱ្យលោកស្រី និងកូនផង ដែលកំពុងរងភាពអយុត្តិធម៌យ៉ាងខ្លាំង ដោយលោកស្រីមិនបានលក់ដីខ្យល់នោះទេ គឺលោកស្រីលក់ដីមានពិត មានកាទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងត្រៀមក្នុងការទទួលប័ណ្ណកម្មសិទ្ធិ ពីការិយាល័យសូរិយោដីខេត្តព្រះសីហនុផងដែរ។
សូមជំរាបថា ដីខាងលើ ដែលលោកស្រី ពុំ សុភារម្យ លក់មិនបានលុយ ពេលនេះត្រូវអ្នកទិញ ប្តឹងនិងកំពុងជាប់ឃុំយ៉ាងអយុត្តិធម៌ ហើយត្រូវតុលាការបើកសវនាការ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ ដើម្បីសម្រេច និងបន្តលើអង្គសេចក្តី។
ជាមួយគ្នានេះ បើយោងតាមឯកសារ បានបង្ហាញថា ដីក្នុងទំហំខាងលើ ដែលលោកស្រី ពុំ សុភារម្យ និងលោកស្រី ឈឹម វត្តី បានលក់ទៅឱ្យលោក លី ហ្គេចជៀម និងភរិយា ដូចក្នុងកិច្ចសន្យាទិញលក់ គឺមានការទទួលស្គាល់ដោយចៅសង្កាត់នៅឆ្នាំ២០០២ លើពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដី.ខិតបញ្ជាក់របស់ចៅសង្កាត់លេខ៤ ឆ្នាំ២០១៨.លិខិតគណៈកម្មការចម្រុះទទួល និងដោះស្រាយបណ្តឹងតវ៉ា នៃទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២ គ.ទ.ដ.ប.១៨ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ យោងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ជូនរដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់.លិខិតអន្តរវិស័យ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជូនជាយោបល់ដល់ឯកឧត្តម យន្ត មីន អភិបាលខេត្តពេលនោះ គួរប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋ ដើម្បីស្នើសុំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌ និងចុះបញ្ជីកសាងប័ណ្ណកម្មសិទ្ធិតាមនីតិវិធី.លិខិតឯឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទៅ០៤ ខែមីនា ឆ្នាំ២០១៩ ជម្រាបប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ ករណីលោកស្រី ពុំ សុភារម្យ ស្នើសុំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិ៤ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ. លិខិតបង្គាប់ការរបស់ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះសីហនុ លោក ចេង ស្រុង ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ចុះពិនិត្យទីតាំងតាមលិខិតលេខ ០០៣/១៩ សជណ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ លើករណីសំណើរចុះបញ្ជីររបស់លោកស្រី ពុំ សុភារម្យ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ដូចឯកសារបង្ហាញខាងលើ អ្នកច្បាប់ ច្បាស់ណាស់ និងដឹងថា តើដីរបស់លោកស្រី ពុំ សុភារម្យ និងម្តាយ ឈឹម វត្តី លក់ដីខ្យល់ ទៅឱ្យលោក លី ហ្គេចជៀម ឬយ៉ាងណា? តើនេះ ជាភាពអយុត្តិធម៌ដែរឬទេ សម្រាប់ម្ចាស់ដីលក់ដី មិនបានលុយ ហើយត្រូវអ្នកទិញប្រគល់លុយវគ្គទី២ ជាង៩០ម៉ឺនដុល្លា បែរជាចោទម្ចាស់ដី លក់ដីខ្យល់ឱ្យខ្លួនទៅវិញ?។
ជាមួយគ្នានោះ លោកស្រី ឈឹម វត្តី ក៏បានបញ្ជាក់ឱ្យដឹងយ៉ាងខ្លីចុងក្រោយថា បើសិនជាលោក លី ហ្គេចជៀម និងភរិយា មិនមែនជាមនុស្សស្គាល់គ្នាទេ លោកស្រីនិងបញ្ចប់ការលក់ដីនេះ តាំងពីដើមទីមកម្លេះ ព្រោះដីរបស់លោកស្រី និងកូន មិនមែនជាដីនៅកណ្តាលព្រៃឡើយ គឺជាដីស្ថិតនៅតំបន់ទេសចរណ៍ឆ្នេរអូរឈើ់ទាល នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម កណ្តាលក្រុងព្រះសីហនុ៕