ចេញផ្សាយ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ម្នាក់ ក្នុងចំណោមមេដឹកនាំ ដែលជាក្បា លម៉ានស៊ីនដ៏សំខាន់របស់គណបក្សមួយនេះ បានកោរកេសា ថ្វាយព្រះ លើកដៃសំពះ ស្នើសុំមេដឹកនាំចាស់វស្សា និងខ្ចីវស្សាក្តី គួររួមគ្្នាគិតរឿងប្រយោជន៍ជាតិ និងពលរដ្ឋជាធំ ជាងប្រយោជន៍បុគ្គល។
គិតរឿងប្រយោជន៍ និងពលរដ្ឋ ជាងប្រយោជន៍បុគ្គល ឬគំនុំបុគ្គល នៃអ្នកនយោបាយ ពិសេសអ្នកនយោបាយចាស់វស្សា ដែលតែងតែប្រកាន់គំនិតថា ភ្នំមួយមិនអាចមានខ្លាពីរបាននោះ ឱ្យចូលតុ រួមគ្នាគិត រួមគ្នាជជែក ដើម្បីជាប្រយោជន៍រួមរបស់ជាតិ និងពលរដ្ឋ។
អ្វីដែលជាការលះបង់ កោរកេសា ថ្វាយព្រះ ព្រោះតែបំណងចង់ឃើញជាតិថ្កុំថ្កើនរុងរឿង ចង់ឃើញអ្នកនយោបាយចូលតុចរចារគ្នា ជជែកទាញរកហេតុផល ជាប្រយោជន៍ជាតិ និងពលរដ្ឋ បោះបង់គំនុំបុគ្គលទាំងឡាយ ដើម្បីធ្វើជាគំរូល្អ ដល់អ្នកនយោបាយជំនាន់ក្រោយ។
មេដឹកនាំហ៊ានកោរកេសា លោក សៀវ វិសុទ្ធ ថ្លែងដោយសម្លេងអួតដើមករម្តងៗ ថា ដល់ពេលវេលាហើយ យើងត្រូវរួមគ្នាថែរក្សាកម្ពុជាឱ្យរុងរឿងឡើង ថែរក្សាអ្វីដែលកម្ពុជាមាន ដើម្បីបន្តទៅមុខទៀត ព្រោះកម្ពុជាជាដែនដីសុវណ្ណភូមិ។
ដូចគ្នានេះលោក សៀវ វិសុទ្ធ ក៏បានស្នើសុំឱ្យមានការដោះលែងអ្នកនយោបាយ យុវជន សង្គមស៊ីវិល មានសេរីភាពឡើងវិញផងដែរ ដើម្បីឱ្យបរិយាកាសមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានសេរីភាព យុត្តិធម៌ ក្នុងការសម្រេចចិត្ត ជ្រើសរើសគណបក្សនយោបាយណាមួយដែលខ្លួនស្រលាញ់ពេញចិត្ត។
សូមជំរាបថា លោក សៀវ វិសុទ្ធ គឺជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាមេដឹកនាំនៃក្បាលម៉ាស៊ីនគណបក្សខ្មែរស្រឡាញ់ជាតិ ដែលលោកបានប្រឡូកក្នុងវិស័យនយោបាយជាង១០មកហើយ និងក្រោយមើលឃើញការបន្តបែកបាក់កម្លាំងអ្នកប្រជាធិបតេយ្យ ព្រមទាំងអ្នកនយោបាយរីកគ្រប់រដូវ ទើបលោកចេញមុខស្នើសុំអ្នកនយោបាយទាំងថ្មី និងចាស់វស្សាទាំងអស់ ចូលតុជជែក រួមគំនិត ប្រើយុទ្ធសាស្រ្ត ដើម្បីដឹកនាំកម្ពុជារីកមានការរីកចម្រើន បញ្ចប់គំនិតបក្ខពួកនិយម និងគំនុំបុគ្គល នៃអ្នកនយោបាយ៕