ចេញផ្សាយ ថ្ងៃព្រហស្បត្តិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម
១-ការប្រកាសការកែសម្រួលសមាសភាពគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក
២-សេចក្តីរាយការណ៍ អំពីរបាយការណ៍វឌ្ឍនភាព នៃការបោះបង្គោលដីរដ្ឋរបស់រដ្ឋបាលក្រុង ស្រុក នីមួយៗ
៣-បញ្ហាផ្សេងៗ
ក្នុងកិច្ចប្រជុំខាងលើ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានណែនាំដល់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ពិសេសគណ:កម្មាធិការដែលទើបកែសម្រួលសមាសភាពថ្មីនេះ ត្រូវរៀបចំពង្រឹងអនុវត្តការងារ ដើម្បីជាធាតុក្នុងការរៀបចំផែនការទៅអនាគត ស្របតាមចក្ខុវិស័យ នៃផែនការប្រើប្រាស់ដីធ្លី រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ សំដៅធានា និងបម្រើប្រយោជន៍រួម។
ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏បានអំពាវនាវដល់សមាជិក សមាជិកា អង្គប្រជុំ ត្រូវអនុវត្តអនុសាសន៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងគោលការណ៍ណែនាំនានា របស់ក្រសួងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕