ចេញផ្សាយ ថ្ងៃព្រហស្បត្តិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ហ៊ឺ ប៉ាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វាយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងបាននាំយកសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់ទាហានឈុត ស នៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ខេត្តព្រៃវែងផងដែរ។
សម្ភារៈប្រើបប្រាស់ត្រូវបានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យស្រុកព្រះស្តេចទាំងអស់ ក្នុងការប្រើប្រាស់ចាំបាច់ រួមជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកមួយចំនួនៗ ត្បិតថា អាចមានតិច មានច្រើន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសួរសុខទុក្ខដល់អ្នកឆ្លងជំងឺកូវីដ-១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យ និងផ្តាំផ្ញើរដល់ក្រុមគ្រួសារពួកគាត់ អោយខិតខំរួមគ្នាដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះ ដោយរួមដៃគ្នាទាំងរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាពិសេស ការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋយើង ដោយការទទួលខុសត្រូវខ្ពស់ចំពោះ សុខសុវត្ថិភាពគ្រួសារ និងសហគមន៍ ក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩ តាមរយះការអនុវត្តន៍អោយបានខ្ជាប់ខ្ជួនលើវិធានការចាំបាច់មួយចំនួន ដូចជាការធ្វើអនាម័យជាប្រចាំ លាងដៃជាមួយនឹងសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ អោយបានញឹកញាប់ ពាក់ម៉ាស វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាពនៅកន្លែងដែលមានមនុស្សច្រើន ពិសេសអនុវត្តន៍វិធានការរបស់ប្រមុខរដ្ឋាភិបាល«៣ការពារ និង ៣កុំ»។
ដូចគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕