ខេត្តសៀមរាប ជូនដំណឹងករណីមរណភាពលោក ម៉ម សុខេន អាយុ៤៩ឆ្នាំ មិនពាក់ព័ន្ធជំងឺកូវីដ-១៩ តែពិធីបុណ្យសពត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល

0
874

ចេញផ្សាយ ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥  ខែមិថុនា ឆ្នាំ២០២១

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដល់សាធារណជនពីមរណៈភាព លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជំងឺរុំារ៉ៃប្រចាំកាយ និងធ្លាប់បានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ 

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងបន្តទៀតថា ក្រោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាងមួយខែ លោកបានជាសះស្បើយជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តឃើញអវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំឋានវិញ និងបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត។

ដោយសារស្ថានភាព សុខភាពមានជំងឺរុំារ៉ៃផងនោះ ទោះបីជាការព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពសុខភាពមិនបានល្អឡើងវិញនោះឡើយ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម សុខេន បានទទួលមរណភាព នៅផ្ទះរបស់លោក ស្ថិតនៅភូមិដកពោធ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយមរណភាព ដើម្បីឱ្យកាន់តែបញ្ជាក់ច្បាស់ និងដើម្បីជៀសវាងការមានមន្ទិលសង្ស័យពីសាធារណជន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះយកសំណាកនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលអវិជ្ជមាននៃមេរោគកូវីដ-១៩។

ក្នុងនោះរដ្ឋបាលខេត្ត បានសម្រេចអនុញ្ញាតឱ្យក្រុមគ្រួសារសព លោក ម៉ម សុខេន ធ្វើបុណ្យតាមប្រពៃណីបាន តែត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត៕