ចេញផ្សាយ ថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ៖ លោក ឡៃ ហុកឡាយ ម្ចាស់បំណុល លើលោក ទួន គឹមស្រេង អាយុ៤១ឆ្នាំ មុខរបរលក់សំបកកង់រថយន្ត អាសយដ្ឋានសំណង់១២ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានជូនដំណឹងដល់លោក ទួន គឹមស្រេង ដោយទុករយៈពេល១សប្តាហ៍ ដើម្បីចូលខ្លួនដោះស្រាយរឿងបំណុល។
ក្នុងសេចក្តីជូនដំណឹងលោក ឡៃ សុខឡាយ បង្ហាញថា លោកទុករយៈពេល១សប្តាហ៍ ដើម្បីឱ្យលោក ទួន គឹមស្រេង ចូលខ្លួនមកដោះស្រាយជាបន្ទាន់ ចាប់ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត បើផុតកំណត់មិនឃើញទូទាត់លុយដែលជំពាក់ឱ្យមកលោកទេ លោកនិង ចែកចាយករណីនេះតាមប្រព័ន្ធសង្គមហ្វេសប៊ុកពីបទឆបោក និងរំលោភលើសេចក្តីទុកចិត្ត។
បើតាមលោក ឡៃ សុខឡាយ ឱ្យដឹងថា រូបលោកមានទំនាក់ទំនងរកស៊ីជាមួយលោក ទួន គឹមស្រេង ដោយបានប្រគល់លុយចំនួន ៨.០០០ដុល្លា និងថាមួយរយៈក្រោយមកលោក ទួន គឹមស្រេង បានបិទទូរស័ព្ទ និងផ្តាច់ការទំនាក់ទំនង រហូតដល់ខែមេសា ឆ្នាំ២០២០ លោក ទួន គឹមស្រេង បានទាក់ទងមកលោក ដោយវេរលុយចំនួន ២.០០០ដុល្លា តាមរយៈវីង ដោយសន្យាថា សងលុយដែលនៅសល់ចំនួន ៦.០០០ដុល្លា ក្នុងមួយខែចំនួន ១.០០០ដុល្លា ជាបន្តបន្ទាប់ ប៉ុន្តែលោក ទួន គឹមស្រេង បានគេចវេសមិនព្រមសងរហូតដល់ពេលបច្ចុប្បន្ននេះ។
ដូច្នេះសរុបជារួម បើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ លោក ទួន គឹមស្រេង នៅតែមិនព្រមចេញមុខមកដោះស្រាយទៀត លោក ឡៃ ហុកឡាយ និងចាត់ការតាមផ្លូវច្បាប់ ព្រមទាំងធ្វើការផ្សព្វផ្សាយចែកចាយតាមបណ្តាញសង្គម ហ្វេសប៊ុកករណីខាងលើ ពីបទ ឆបោក និងរំលោភសេចក្តីទុកចិត្ត៕