ចេញផ្សាយ ថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
ព្រះសីហនុ៖ បើនិយាយពីដីខ្យល់ គឺដីផ្សឹង ម្ចាស់ផ្សេង ឬដីមិនទាន់មានម្ចាស់ត្រឹមត្រូវនៅឡើយ ព្រមទាំងគ្មានមនុស្សរស់នៅ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺជាដីគ្មានឯកសារ លិខិតស្នាមបញ្ជាក់នៃការទទួលស្គាល់របស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងស្ថាប័នជំនាញរបស់បុគ្គលអះអាង។
តែផ្ទុយទៅវិញ ដីមួយកន្លែងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទំហំក្បាលដីទទឹង ៣២.៨៥ម៉ែត្រ និងបណ្តោយ៥១.៤ម៉ែត្រ សរុប ១៦៧៨.៦៩ ម៉ែត្រការ៉េ ត្រូវបានបញ្ជាក់ និងទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន លើឈ្មោះ ពុំ សុភារម្យ នេះហៅថាដីពិត មិនមែនជាដីខ្យល់នោះទេ។
បន្ថែមពីលើនេះ ប្រជាពលរដ្ឋដែលបាននិងកំពុងតាំងទីលំនៅ លើដីជាក់ស្តែងក្រោមការសណ្តោសប្រណីរបស់លោកស្រី ពុំ សុភារម្យ និងលោកស្រី ឈឹម វត្តី ជាម្តាយ បានប្រាប់ឱ្យដឹងថា ពួកគាត់បានមករស់នៅលើដីនេះជាក់ស្តែងតាំងពីឆ្នាំ២០០៥មកម្លេះ មិនដែលឃើញអ្នកណាក្រៅតែលោកស្រី ពុំ សុភារម្យ និងលោកស្រី ឈឹម វត្តី នោះឡើយ ហើយការរស់នៅរបស់ពួកគេ ក៏មានកិច្ចសន្យានៃការរុះរើដោយស្របច្បាប់ និងគ្មានការតវ៉ាណាមួយ ក្រោយតម្រូវការម្ចាស់ដី លោកស្រី ពុំ សុភារម្យ និងម្តាយ ឈឹម វត្តី ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផងដែរ។
ពលលរដ្ឋទាំងនោះបន្តថា ដើមឡើយពួកគេរស់នៅលើដីនេះ មានចំនួន១៣គ្រួសារ ដែលរួមមានគ្រួសារ ឡុង សាម៉ុន.សឿន ចាន់ដារ៉ា.សំ សុភ័ក្រ.ឈឿន ស៊ីនីន.ដើក ស៊ីនួន.កែវ វណ្ណៈ.សែម ណយ.សឹម សារ៉ន.ឡុង រ៉ែន.សំ សឿង.ហ៊ន វណ្ណថា.លោកយាយ ស៊ីន និង សែម ស្រីនាង ត្រូវបានលោកស្រី ពុំ សុភារម្យ និងម្តាយឈ្មោះ ឈឹម វត្តី អនុញ្ញាតឱ្យស្នាក់នៅលើដីបណ្តោះអាសន្ន រហូតដល់បច្ចុប្បន្ននៅសល់តែ៣គ្រួសារប៉ុណ្ណោះ ដែលសរុបចំនួន១៤នាក់។
ដូចគ្នានេះ ដោយភក្តីភាពនៃការដឹងគុណក្រោមការសណ្តោសប្រណីរបស់លោកស្រី ពុំ សុភារម្យ និងលោកស្រី ឈឹម វត្តី ដោយបានផ្តល់កន្លែងឱ្យខ្លួនស្នាក់នៅជាច្រើនឆ្នាំ គ្មានការយកឈ្នួលសូម្បីតែមួយកាក់មួយសេន មានតែជួយបន្ថែម ពេលពួកគេជួបទុក្ខអាសន្ន និងត្រូវការចាំបាច់នោះ គឺពួកគេហ៊ានស្បថស្លាប់ចោលកូន ប្រសិនបើនិយាយកុហុកដោយប្រការណាមួយ និងថា នេះជាដីពិត មនុស្សរស់នៅពិត លើដីរបស់លោកស្រី ពុំ សុភារម្យ និងម្តាយឈ្មោះ ឈឹម វត្តី តាំងពីឆ្នាំ២០២៥មក រហូតកើតជាកូន ពូនជាចៅលើដីមួយកន្លែងនេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនមែនជាដីខ្យល់ ដែលគ្មានម្ចាស់នោះឡើយ។
ដូចគ្នានេះ លោកស្រី ឈឹម វត្តី ម្តាយ ពុំ សុភារម្យ ក៏បានប្រាប់ឱ្យដឹងផងដែរថា ដីនេះលោកស្រី បានទិញតាំងពីឆ្នាំ១៩៩០មកម្លេះ និងបានកាត់ទៅឱ្យ ពុំ សុភារម្យ ជាកូនស្រី នៅឆ្នាំ២០០២ ដោយមានការទទួលស្គាល់លើលិខិតកាន់កាប់លេខ២៥១ ស.ក៤ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២ របស់លោក ឃួន សារុន ជាចៅសង្កាត់ និងលិខិតបញ្ជាក់លេខ២៨២/១៨ ស.ក៤ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ របស់លោក សេង នីម ចៅសង្កាត់លេខ៤ផងដែរ។
លោកស្រី ឈឹម វត្តី បន្តថា ដីនេះដើមឡើុយជាដីតំណាក់ស្តេច មិនអាចធ្វើបណ្ណកម្មសិទ្ធិបានទេ ទើបក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ តំបន់ខាងលើ រាប់ទាំងដីរបស់ ពុំ សុភារម្យ ផង ត្រូវបានកាត់ចេញពីដីតំណាក់ស្តេច ហើយបន្តបន្ទាប់ ពុំ សុភារម្យ ដែលជាកូនស្រី បានដាក់លិខិតស្នើសុំទៅគ្រប់ស្ថាប័នជំនាញ ដើម្បីស្នើសុំចេញប័ណ្ណកម្មសិទ្ធិ ដែលរួមមាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ អភិបាលខេត្តព្រះសីហនុជាដើម ដែលពេលនេះ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរៀបចំក្នុងការចេញប័ណ្ណកម្មសិទ្ធិឱ្យ ពុំ សុភារម្យ ផងដែរ។
តើរឿងរ៉ាវដីខាងលើ ដែលធ្លាប់ត្រូវបានចោទថា លោកស្រី ពុំ សុភារម្យ និងម្តាយ ឈឹម វត្តី លក់ដីខ្យល់ និងវិវឌ្ឍន៍ទៅជាយ៉ាងណា? ហើយនរណាជាអ្នកនៅពីក្រោយខ្នង នៃការផ្តើមគំនិតចោទថា ដីរបស់ ពុំ សុភារម្យ ជាដីខ្យល់ រហូតបណ្តឹងក្តីក្តាំដល់ស្ថាប័នតុលាការនោះ?។ តើ ពុំ សុភារម្យ មានវាសនានៃយុត្តិធម៌ ទទួលបានបណ្ណកម្មសិទ្ធិ កាន់កាប់លើដីមួយកន្លែងនេះដែរឬទេ? ចម្លើយទាំងនេះ យើងសង្ឃឹមថា និងត្រូវបានបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះម្តាយកូន កំសត់ទាំងពីរ ស្ពាយឯកសារដើរដាក់គ្រប់ទីកន្លែង ដង្ហើយរកយុត្តិធម៌ ដើម្បីស្តារកិត្តិយស ដែលត្រូវបានចោទថាខ្លួនលក់ដីខ្យល់ ដែលវាផ្ទុយនិងទិដ្ឋភាពជាក់ស្តែង ដីមានពិត មនុស្សរស់នៅពិត សាក្សីរស់បង្ហាញពិត មិនមែនជាដីខ្យល់ឡើយ ដែលលោកស្រី ពុំ សុភារម្យ និងម្តាយ ឈឹម វត្តី ជាស្រ្តីទន់ខ្សោយ ឱបជំងឺទាំងម្តាយទាំងកូនរូបនេះ ធ្វើគ្រប់យ៉ាង ស្វែងរកយុត្តិធម៌ ស្តារកិត្តិយសរបស់ខ្លួនឡើងវិញ ដែលត្រូវបានចោទទាំងអយុត្តិធម៌លក់ដីខ្យល់នោះ ដែលនេះជាការបញ្ជាក់របស់លោកស្រី ពុំ សុភារម្យ និងម្តាយ ឈឹម វត្តី នាពេលកន្លងមកថ្មីនេះ៕