ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១
ព្រះសីហនុ៖ ដោយឈរលើស្មារតី នៃភាពស្មោះត្រង់ សច្ចៈធម៌ ម្ចាស់ដីម្តាយកូន គឺលោកស្រី ឈឹម វត្តី និងលោកស្រី ពុំ សុភារម្យ នៅតែបន្តស្មារតីក្នុងការលក់ដីឱ្យទៅភាគីអ្នកទិញដដែល បើទោះបីជាអ្នកទាំងពីរធ្លាប់រងបណ្តឹង នៃភាពអយុត្តិធម៌ ដោយចោទពីបទឆបោក លក់ដីខ្យល់ និងចាប់លោកស្រី ពុំ សុភារម្យ ដាក់ពន្ធនាគារក្តី។
ក្នុងនោះលោកស្រី ពុំ សុភារម្យ ថ្លែងដោយភាពជឿជាក់ក្នុងនាមជាម្ចាស់ដី លើដីរបស់ខ្លួន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបង្ហាញថា នេះជាដីរបស់លោកស្រីយ៉ាងពិតប្រាកដ ដែលលោកស្រីទទួលបានសិទ្ធិក្នុងការកាន់កាប់តាំងពីឆ្នាំ២០០២ ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមូលដ្ឋានសង្កាត់ផងដែរ។
លោកស្រី ពុំ សុភារម្យ បន្តទៀតថា ក្នុងនោះលោកស្រីមានសាក្សី ដែលជាប្រជាពលរដ្ឋរស់នៅ និងចាំដីឱ្យលោកស្រី ចំនួន២គ្រួសារ ក្នុងចំណោម១៣គ្រួសារ ដែលពួកគាត់បានផ្លាស់ប្តូរទីលំនៅទៅរស់នៅកន្លែងផ្សេង ដែលពួកគេបានរស់នៅលើដីនេះជាង១០ឆ្នាំមកហើយ ម្នាក់ៗកើតជាកូនពូនជាចៅលើដីរបស់លោកស្រី ដែលពួកគេបានប្រកបរបររកស៊ី និងតាំងទីលំនៅផ្ទះសម្បែងលើដីរបស់លោកស្រី ដែលមានរបងហ៊ុំព័ទ្ធជិត លើផ្ទៃដីសរុបចំនួន១៦៧៨.៦៩ការ៉េ នៃក្បាលដី៣២.៨៥ម៉ែត្រ និងបណ្តោយ៥១.៤ម៉ែត្រ។
ដូចគ្នានេះ ទាំងម្តាយនិងកូនស្រី ដែលជាម្ចាស់ដី នៃការរក្សាភាពស្មោះត្រង់ និងសច្ចៈធម៌ គុណធម៌ ក្នុងនាមជាម្ចាស់ដីពិត បានប្រាប់ឱ្យដឹងបន្ថែម នៅមុខលំនៅដ្ឋានរបស់ខ្លួនដែលសង់់ផ្ទាល់ដី លើដីដែលត្រូវភាគីអ្នកទិញចោទថាលក់ដីខ្យល់ ឬ ឆបោកនោះ លោកស្រី ពុំ សុភារម្យថា លោកស្រីសុំបដិសេធទាំងស្រុង ព្រោះអ្វីដែលជាការចោទរបស់អ្នកទិញនោះវាមិនពិតឡើយ ហើយអ្វីដែលជាការពិត គឺលោកស្រីបាននិងកំពុងបន្តធ្វើឯកសារ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ ឬ ប្លង់រឹង ដូចក្នុងកិច្ចសន្យា ទិញលក់ រវាងលោកស្រី និងភាគីអ្នកទិញ។
ក្នុងនោះលោកស្រី ឈឹម វត្តី ក៏បានប្រាប់ឱ្យដឹងផងដែរថា រាល់គ្រប់ឯកសាររបស់លោកស្រី គឺជាឯកសារពិត ដែលមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន និងខេត្តស្របច្បាប់ ដោយគ្មានការក្លែងបន្លំ ឬជាដីរបស់បុគ្គលណាផ្សេងឡើយ ព្រោះដីនេះម្ចាស់ដើមគឺលោកស្រីជាម្តាយ បានផ្ទេរសិទ្ធិឱ្យទៅលោកស្រី ពុំ សុភារម្យ ជាកូន នៅឆ្នាំ២០០២ ដែលចាប់ពីពេលនោះហើយ គឺលោកស្រី ពុំ សុភារម្យ បានក្លាយជាម្ចាស់ លើដីនេះស្របច្បាប់ជារៀងរហូតមក។
លោកស្រី ឈឹម វត្តី បន្តថា តើមានហេតុផលអ្វីអាចទៅរួច ដែលភាគីអ្នកទិញឈ្មោះ លី ហ្គិចជៀម មកចោទលោកស្រី និងកូន ថាលក់ដីខ្យល់នោះ ហើយអ្វីសំខាន់រួមទាំងឯកសារ នៃកិច្ចសន្យា គឺភាគីអ្នកទិញ បានធ្វើឡើងទាំងអស់ ដីជាក់ស្តែងក៏បានឃើញ និងមកដល់ពិត ចុះហេតុអ្វីមកចោទថាលោកស្រី និងកូន ថាលក់ដីខ្យល់ទៅវិញ?។
យ៉ាងណា ដោយឈរលើភាពស្មោះត្រង់ និងការគោរពកិច្ចសន្យាទិញលក់ លោកស្រី ឈឹម វត្តី និងលោកស្រី ពុំ សុភារម្យ ជាកូនស្រី នៅតែបន្តរក្សាគោលជំហរ លក់ដីមួយកន្លែងនេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានផ្ទៃដីសរុប ចំនួន១៦៧៨.៦៩ម៉ែត្រការ៉េ ទៅឱ្យភាគីអ្នកទិញដដែល បើទោះបីជាម្តាយកូនទាំងពីរ ធ្លាប់រងនូវភាពអយុត្តិធម៌ នៃការប្តឹងចោទប្រកាន់ទៅតុលាការពីបទ ឆបោក និងលក់ដីខ្យល់ ហើយត្រូវជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌រយៈពេលជិត២សប្តាហ៍ក៏ដោយមកលើលោកស្រី ពុំ សុភារម្យ ក៏ម្តាយកូនទាំងពីរ នៅតែបន្តស្មារតី រក្សាភាពស្មោះត្រង់ លក់ដីឱ្យទៅលោក លោក លី ហ្វេចជៀម ដែលជាភាគីអ្នកទិញដដែល សូម្បីតែកិច្ចសន្យាក៏លោកស្រីមិនប្តឹងរំលាយ ដែរ។
មនុស្សគ្រប់គ្នា ដែលបានដឹងរឿងកូនស្រីអ្នកទាំងពីិរ ម្ចាស់ដី លក់ដីមិនបានលុយ បែរជាបានរឿង រហូតរងភាពអយុត្តិធម៌ត្រូវអ្នកទិញប្តឹងចាប់ដាក់ពន្ធនាគារក្តី ហាក់មានការភ្ញាក់ផ្អើល នៅពេលបានឮ ម្តាយកូនទាំងពីរ នៅតែបង្ហាញរក្សាគោលជំហរមិនកែប្រែ បន្តលក់ដីឱ្យទៅភាគីអ្នកទិញដដែល ព្រោះខ្លួនជាម្ចាស់ដីពិត គ្មានរឿងអ្វីដែលត្រូវខ្លាចនោះឡើយ ហើយនៅពេលដែលអ្នកទាំងពីរម្តាយកូន រត់បានប័ណ្ណកម្មសិទ្ធិហើយ តើភាគីអ្នកទិញនិងមានលិះអ្វីជាបន្ទុកទៀត រហូតពេលនេះដីទីតាំងខាងលើ មានអ្នកឱ្យថ្លៃ១គុណនិង២លើតម្លៃភាគីអ្នកទិញ កំពុងប្តឹងលោកស្រីក្តី ក៏លោកស្រីមិនលក់ឱ្យដែរ ព្រោះថា ភាពស្មោះត្រង់និងមិនសាបសូន្យឡើយ មិនខុសពាក្យចាស់លោកពោលថា មាសសុទ្ធមិនខ្លាចភ្លើង នេះជាការលើកឡើងបញ្ជាក់បន្ថែមរបស់លោកស្រី ឈឹម វត្តី និងលោកស្រី ពុំ សុភារម្យ ជាកូនស្រី៕