កំពង់ស្ពឺ៖ ក្រុមជនអាណាធិបតេយ្យមួយក្រុម ដែលគៀងគរប្រមូលផ្តុំកម្លាំង លើកគ្នាកាប់ឆ្កាព្រៃ រំលោភយកដីរបស់ម្ចាស់កម្មសិទ្ធិបុគ្គល បានផ្គើនបំរាមនៃការជួបជុំប្រមូលផ្តុំមនុស្សរបស់រដ្ឋាភិបាល ៣ការពារ ៣កុំ ព្រមទាំងគំរាមកំហែងប៉ុនប៉ងសុវត្ថិភាពអាយុជិវិតរបស់ម្ចាស់ដី ស្ថិតនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។
ក្នុងសកម្មភាពក្រុមអាណាធិបតេយ្យ មើលទៅព្រៃផ្សៃបំផុត ព្រោះតែព្យាយាមប៉ុនប៉ងដល់សុវត្ថិភាពរបស់ភាគីម្ចាស់ដី ដែលត្រូវពួកគេឡោមព័ទ្ធអស់រយៈពេលប្រមាណជាង៣ម៉ោង រហូតមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច ទើបលោកអាចរំដោះខ្លួនបានពីក្រុមជនអាណាធិបតេយ្យខាងលើនេះ។
ក្រុមនេះ បង្កើតឡើង ដើម្បីរំលោភយកដីរបស់ម្ចាស់កម្មសិទ្ធិ ធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន បន្ទាប់ពីតម្លៃដីខាងលើហក់ឡើងខ្ពស់ជាបន្តបន្ទាប់។ បើតាមប្រវត្តិដី ដើមឡើយ ដីខាងលើ ពិតជារបស់ពួកគេពិតប្រាកដមែន ដែលជាដីរួមភូមិ តែត្រូវបានឯកភាពគ្នា ប្រមូលលក់គ្មានសល់តាំងពីឆ្នាំ២០១១មកម្លេះ ដោយមានអាជ្ញាធរភូមិ ឃុំ ដឹងឮថែមទៀត ហើយសកម្មភាពដ៏ឃោរឃៅព្រៃផ្សៃរបស់ក្រុមជនអាណាធិបតេយ្យនេះ គឺពួកគេបានលើកគ្នាហ៊ុំព័ទ្ធរថយន្តម្ចាស់ដី ប្រើសំដីអសុរស ប្រមាថកាបទាន គំរាមកំហែង និងដាក់ដំុថ្មីធ្វើជារនាំង មិនឱ្យរថយន្តបើកចេញបានឡើយ។
ក្រុមជនអាណាធិបតេយ្យខាងលើ ពួកគេតែងតែប្រមូលផ្តុំកម្លាំង ចូលកាប់ឆ្កាព្រៃលើដីម្ចាស់កម្មសិទ្ធិ ជារៀងរាល់ថ្ងៃ ពិ សេស រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយពួកគេកែនកម្លាំង ចូលកាប់ នឹងដុតព្រៃអោយស្រឡះ បំណងបំភ្លៃការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ថាជាដីកម្មសិទ្ធិរបស់ខ្លួនដែលបានកាន់កាប់ និងអាស្រ័យផលជាច្រើនឆ្នាំមកហើយ ក្នុងយុទ្ធសាស្ត្រល្បែងសាច់កម្ម ឈ្នះបានដី ចាញ់បានលុយរបស់់ក្រុមនេះ។
តែយ៉ាងណា ចំពោះទីតាំងដីខាងលើ ដែលមានមេខ្យល់ នៃក្រុមអាណាធិបតេយ្យ កំពុងគៀងគរកម្លាំងរំលោភយកដីកម្មសិទ្ធិបុគ្គលមានប្លង់រឹងទៅហើយនោះ ដោយអាជ្ញាធរមូលដ្នាន ភូមិ និងឃុំ ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថា ដីខាងលើនេះ ពិតជាដីមានម្ចាស់ និងមានប្លង់រឹងពិតប្រាកដមែន ដែលមានការទិញលក់ត្រឹមត្រូវតាមផ្លូវច្បាប់ ដោយមានក្រុមអ្នករៀបចំដីជាអ្នកចាត់ចែងរត់ការលើកិច្ចការងារទិញលក់ ដែលពួកគេក៏ជាពលរដ្ឋក្នុងមូលដ្ឋាន និងជាអតីតកម្លាំងអាជ្ញាធរ ព្រមទាំងអតីតសមត្ថកិច្ច មូលដ្ឋានភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នេះថែមទៀត ចំណែកពលរដ្ឋទាំងនោះ ក៏បានឯកភាពលក់ដីរួមភូមិខាងលើ កាលពីជាង១០ឆ្នាំមុន ដោយកាលណោះដីមិនទាន់បានថ្លៃ និងមិនខ្វល់ខ្វាយ លុះមកដល់ពេលនេះ តំបន់ខាងលើមានការអភិវឌ្ឍន៍ ឈ្មួញចូលទិញឱ្យតម្លៃថ្លៃ ទើបពួកគេប្រើគំនិតទុច្ចរិត ប៉ុនប៉ងយកដីទាំងនោះមកវិញទាំងបំពានច្បាប់ លើម្ចាស់កម្មសិទ្ធិកំពុងគ្រប់គ្រងនិងអាស្រ័យផល ដោយមានមេខ្យល់ជាអ្នកឈរបញ្ជារពីក្រោយខ្នង នៃក្រុមពលរដ្ឋអាណាធិបតេយ្យខាងលើនេះ៕