ទុច្ចរិត អប្រិយទុរយស ជីកផ្តាច់ផ្លូវពលរដ្ឋ ព្រោះតែមហិច្ឆិតាលោភលន់របស់ខ្លួន

0
690

កណ្តាល៖ ព្រោះតែមហិច្ឆិតាផលប្រយោជន៍របស់ខ្លួន បណ្តាលឱ្យមនុស្សក្លាយជា ទុច្ចរិត អប្រិយ ទុរយស ប្រើគ្រឿងចក្រ ជីកផ្តាច់ផ្លូវសាធារណៈដែលពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាច្រើនឆ្នាំមកហើយ ព្រមទាំងមានការឯកភាព ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការចាក់ដីបន្ថែមលើផ្លូវចាស់១ខ្សែនេះ ដើម្បីបញ្ជៀសពីការលិចទឹក ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកភាពពីអាជ្ញាធរមូលដ្ឋាន គឺដោយប្រជាពលរដ្ឋបានសប្បទានដីព្រំជាប់ផ្លូវ និងការបរិច្ចាកថវិកាជួសជុល ចំណាយអស់ ប្រាក់ប្រមាណ៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក លើផ្លូវចាស់ទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ ដោយមានទាំងកិច្ចសន្យាលក់ដីឡាន ពីភាគីម្ចាស់ដី ជាមួយពលរដ្ឋថែមទៀតផង កាលពីថ្ងៃទី០១ ខែេមសា ឆ្នាំ២០១៩ ជាភស្តុតាងសំអាង ព្រោះតែពួកគាត់មិនមែនជាឈ្មួញ និងក្រុមស៊ីដីរបស់រដ្ឋឡើយ គឺជាប្រជាពលរដ្ឋស្លូតត្រង់ពិតប្រាកដ រស់នៅក្នុងមូលដ្ឋាន និងជាម្ចាស់ដីដែលបានទិញលក់ត្រឹមត្រូវតាមផ្លូវច្បាប់ ដោយមានការទទួលស្គាល់ពីអាជ្ញាធរឃុំឈើទាល លោកស្រី អ៊ុក សឿន និងការឯកភាពពីលោក អ៊ូ ឈាង អភិបាលស្រុក លើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីរដោយមានការបង់ពន្ធប្រថាប់ត្រាជូនរដ្ឋថែមទៀតផង។ តើត្រង់កន្លែងណា ដែលបង្ហាញថា ពលរដ្ឋថ្លើមធំ ចាក់ដីលុបអាងស្តុកទឹករបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន​ ដូចការផ្សព្វផ្សាយតាមរយៈបណ្តាលព័ត៌មាននាពេលកន្លងមក? ដែលជាការចោទប្រកាប់យ៉ាងអយុត្តិធម៌បំផុតមកលើពួកគាត់ជាពលរដ្ឋស្លូតត្រង់ និងគោរពច្បាប់។

មេការរបស់ ចាន់ វិទូ

ផ្ទុយទៅវិញទេ នៅក្បែរផ្លូវដែលត្រូវបានគេកាយផ្តាច់នោះ មានការដ្ឋានខ្យាច់ក្រុមហ៊ុនរបស់ពូទីន ដែលគេស្គាល់ថាម្ចាស់ឈ្មោះ ចាន់ វិទូ ដែលអាជ្ញាធរគួរតែពិនិត្យមើល តើជាបញ្ហាអាចបង្ករនៃការស្ទះមុខទឹកដែរឬទេ ព្រមជាមួយគ្នានេះ នាពេលកន្លងមកផ្លូវសាធារណៈ១ខ្សែនេះដែលបម្រើប្រយោជន៍របស់ពលរដ្ឋក្នុងភូមិឈើទាល២ មានជនទុច្ចរិតបានយកគ្រឿងចក្រ មកកាយផ្តាច់ ចំនួន២លើករួចមកហើយ កាលពីអំឡុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយជីកផ្តាច់១ប្រឡោះ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បើតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា កម្លាំងមួយក្រុម ក្រោមការបញ្ជារផ្ទាល់របស់ឈ្មោះ ចាន់ វិទូ បានជីកផ្តាច់ផ្លូវចំនួន២ ប្រឡោះបន្ថែមទៀត ក្នុងជម្រៅប្រមាណជិត២ម៉ែត្រ ដែលជាហេតុមិនអាចឱ្យប្រជាពលរដ្ឋចេញចូល និងអាស្រ័យផលបានឡើយ។

ដូចគ្នានេះ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ប្រភពពីប្រជាពលរដ្ឋដដែល បានប្រាប់ឱ្យដឹងបន្ថែមទៀតថា មានកម្លាំងមួយក្រុមទៀត បានយកគ្រឿងចក្រ មកជីកផ្តាច់ផ្លូវពលរដ្ឋខូចខាតទាំងស្រុង ដែលអាជ្ញាធរ ត្រូវតែមានវិធានការ ស្រាវជ្រាវរកជនទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះវាជាបទល្មើសជាក់ស្តែង បំផ្លាញផ្លូវសាធារណៈរបស់រដ្ឋ។

ផ្លូវសាធារណៈរបស់រដ្ឋ ដែលត្រូវឈ្មោះ ចាន់ វិទូ កាយផ្តាច់យកជាកម្មសិទ្ធិ

មានផ្លូវធ្វើដំណើរ ដែលជាហេតុធ្វើឱ្យក្រុមមួយចំនួនគិតថា បាត់ប្រយោជន៍របស់ខ្លួន ក៏បង្ករព្យុះភ្លៀង ចោទពលរដ្ឋដែលប្រើប្រាស់ និងអាស្រ័យផលផ្លូវ១ខ្សែនេះ និងចាក់ដីលើកផ្លូវឱ្យខ្ពស់ផុតទឹក ថាពលរដ្ឋរំលោភយកដីបឹងរបស់រដ្ឋទៅវិញ ដែលជារឿងអយុត្តិធម៌បំផុត នេះជាការលើកឡើងបញ្ជាក់បន្ថែមរបស់ប្រជាពលរដ្ឋ។ 

ក្នុងទង្វើរបស់មនុស្ស មហិច្ឆិតាលោភលន់ ស៊ីមិនប្រណីវសូម្បីតែដីផ្លូវ មកជីកផ្តាច់ដូចនេះ ត្រូវបានប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ ផ្តិតមេដៃ ស្នើជំរាបជូន និងប្តឹង សម្តេចប្រមុខរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក និងខេត្ត មេត្តាជួយអន្តរាគមន៍ ផ្តល់យុត្តិធម៌ដល់ពួកគាត់ ដើម្បីរក្សា ជួសជុល ផ្លូវលំ១ខ្សែ ទំហំទទឹង៧ម៉ែត្រ បណ្តោយ៦៥០ម៉ែត្រ ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីបានអាស្រ័យផលដូចដើម។

ការតវ៉ារបស់ពលរដ្ឋ បានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លើទីតាំងផ្លូវ ដែលត្រូវបានក្រុមលោក ចាន់ វិទូ ជីកផ្តាច់ ផ្តាច់ទាំងការធ្វើតំណើររបស់ពលរដ្ឋ ផ្តាច់ទាំងការចេញចូលរបស់ពលរដ្ឋអាស្រ័យផល ចិញ្ចឹមជីវិត រកត្រី ដកព្រលឹត និងបេះត្រកួតជាដើម ពិសេស ការចូលទៅរៀបចំរណ្តាប់គោរពបូជាលោកតាម្ចាស់ស្រុកលើទីទួលក្បែរផ្លូវខាងលើ ដែលពលរដ្ឋអ្នកភូមិឈើទាល២ ចាត់ទុកជាកន្លែងដ៏សក្តិសិទ្ធរបស់ពួកគាត់។

ក្រោយប្រមូលផ្តុំតវ៉ា និងស្នើសុំផ្លូវទំហំទទឹង៧ម៉ែត្រ និងបណ្តោយ៦៥០ម៉ែត្រ ដែលត្រូវលោក ចាន់ វិទូ ជីកផ្តាច់ ពួកគាត់ក៏បានបន្តលើកគ្នាមកសុំជួយអន្តរាគមន៍ដោយផ្ទាល់ពីលោកស្រី អ៊ុក សឿន មេឃុំឈើទាលផងដែរ តែអ្វីៗដែលជារំពឹងទុករបស់ពលរដ្ឋ ត្រូវរលាយបាត់ទៅវិញ ដូចអំបិលត្រូវទឹក ក្រមួនត្រូវថ្ងៃ ព្រោះតែលោកស្រីមេឃុំ សំងំក្នុងបន្ទប់មិនចេញមកជួបពលរដ្ឋឡើយ ក្រោមហេតុផល មានការរៀនតាមអនឡានបន្ទាន់។ នេះជាការលើកឡើងបញ្ជាក់បន្ថែមរបស់ពលរដ្ឋរងគ្រោះ ព្រោះបាត់ផ្លូវសាធារណៈរបស់ពួកគាត់។

លោក ចាន់ វិទូ

ជាមួយគ្នានោះ ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ដដែលនេះ ក្រុមការងារថ្នាក់ស្រុក ដោយមានការចូលរួមសហការពីអាជ្ញាធរឃុំ បានចុះទៅដល់ទីតាំងខាងលើ និងបានពិនិត្យឃើញថា ផ្លូវ១ខ្សែដែលពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលនេះ ពិតជាត្រូវបានកាត់ផ្តាច់មែន។ ក្នុងនោះដោយយោងលើការពិនិត្យជាក់ស្តែង និងការសុំណូមពររបស់ប្រជាពលរដ្ឋ១៣៥គ្រួសារ អមដោយរូបភាពជាឯកសារភស្តុតាង ក្រុមការងារខាងលើ អាចសន្និដ្ឋានបានថា ពិតជាក្រុមហ៊ុន ពូទីន កាយផ្តាច់ផ្លូវប្រជាពលរដ្ឋពិតប្រាកដមែន។ នេះបើយោងតាមកំណត់ហេតុ ដែល TN TV ទទួលបាន។

សូមជំរាបថា ការប្តឹងរបស់ពលរដ្ឋរងគ្រោះជូនសម្តេចប្រមុខរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរមូលដ្ឋានសាមី ដោយពួកគាត់យោងតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណឈ្នះៗ របស់សម្តេច ដែលលោកបានដាក់ចេញ ក្នុងការដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន សុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដោយមានការបង្កើត និងពង្រីកផ្លូវ ថ្នាក់ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង ថ្នាក់ជាតិ និងការតភ្ជាប់ផ្លូវ ទៅតាមបណ្តាប្រទេសក្នុងតំបន់ ដូចជាអាស៊ានជាដើម ដែលទាំងនេះជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជា រស់ក្នុងប្រទេសដែលមានការអភិវឌ្ឍន៍ ក្រោមម្លប់សន្តិភាពរបស់សម្តេចប្រមុខរដ្ឋាភិបាល តេជោសែន ដែលជាអគ្គមគ្គុទេសសន្តិភាពដ៏ឆ្នើមរបស់ជាតិយើង៕