មាជ សុវណ្ណារ៉ា៖ កឹម សុខា ៣០ឆ្នាំនៃជីវិតតស៊ូ ដើម្បីសេរីភាពនិងយុត្តិធម៌

0
939

ភ្នំពេញ៖ លោក កឹម សុខា គឺជាអ្នកនយោបាយអហិង្សានិយម ក្នុងនោះលោកបាន ទម្លាក់ហិង្សា ចាប់យកមេត្តាធម៌ ដើម្បីរួបរួម និងអត់ឱនទោស ចាប់ដៃគ្នាកសាងទំនើបចិត្ត និងផ្សះផ្សារបួសស្នាមបែកបាក់ ហើយរួមគ្នាសាមគ្គីកសាងជាតិ។

បើតាមលោក មាជ សុវណ្ណារ៉ា មនុស្សជំនិតលោក កឹម សុខា បានឱ្យដឹងថា នេះជាសារនយោបាយប្តេជាចិត្ត ដ៏រំជួលចិត្តមួយរបស់មេបក្សសង្រ្គោះជាតិ កន្លងមក «ខ្ញុំ​មិន​ខក​ចិត្ត បើសិនជា​គេ​ចាប់​ខ្ញុំ​ទៅ ខ្ញុំ​អស់​សេរីភាព ខ្ញុំ​ស្លាប់​ក៏ដោយ ឲ្យ​តែ​ពលរដ្ឋ​ខ្មែរ​ បន្ត​ការ​តស៊ូ​ដើម្បី​ឆន្ទៈ​ប្រជាពលរដ្ឋ​ត​ទៅ​មុខទៀត ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ទៅហើយ។ ប៉ុន្តែបើ​សិន​គេ​ចាប់​ខ្ញុំ​ហើយ ខ្ញុំ​អស់​សេរីភាព​ហើយ ខ្ញុំ​បាត់បង់​អ្វីៗ​អស់​ហើយ យើយពលរដ្ឋ​បញ្ឈប់​ការ​តស៊ូ ឬ​ចុះ​ញ៉ម​នូវ​អំពើ​អយុត្តិធម៌ ខ្ញុំ​ពិតជាខក​ចិត្ត » ពីព្រោះថា សមរភូមិ​ទាមទារ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នេះ គឺ​វា​មាន​ភាព​តឹងតែង​ណាស់ មាន​ការ​លំបាក​ណាស់។ ប៉ុន្តែ​ការ​លំបាក​នេះ បើ​យើង​នៅ​តែ​ព្យាយាម​តស៊ូ ខ្ញុំ​ជឿ​ថាយើង​នឹង​ទទួល​បាន​ននូវសិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ពិត​ប្រា​កដ​​ជា​មិន​ខាន ។

​លោក មាជ សុវណ្ណារ៉ា បន្តក្នុងសំណេររបស់ខ្លួនថា ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​ការ​ព្យាយាម និង​តស៊ូ​ដើម្បីសិទ្ធិ​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​នេះ លោក កឹម សុខា បានចំណាយ​ពេល​វេលា៣ទសវត្សមកហើយ នៃជីវិត​នយោបាយ​របស់​លោក​ រហូតឆ្លងកាត់នៅ​ក្នុង​មន្ទីរ​ឃុំឃាំងជាច្រើនលើកច្រើនសារ ព្រោះ​តែការញាំញី​ទៅ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ដែលអ្នកវិភាគ ឬអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងអ្នកការទូតនានា តែងចោទប្រកាន់ថា បានយកការ​ប្រើប្រាស់​ប្រព័ន្ធ​តុលា​ការ​ជា​ឧបករណ៍​នយោបាយក្នុង​ការ​បង្ក្រាបសម្លេងបក្ស​ប្រឆាំង។

លោក មាជ សុវណ្ណារ៉ា បន្ថែមថា អតីតតំណាងរាស្រ្តដំបូងពីបក្សលោកតា​ សឺន សាន ក្នុងរបបព្រះរាជាណាចក្រកម្ពុជាទី២ (របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញសេរីពហុបក្ស) នាអំឡុងឆ្នាំ១៩៩៣ លោក កឹម សុខា ក្នុងការងារទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស ទាំងក្នុងអំណាចនីតិប្បញ្ញត្តិក្តី ទាំងក្នុងការងារអង្គការ ជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏ដោយ រូបលោកចាប់​ផ្ដើម​ជាប់​ពន្ធនាគារ​ដំបូង​នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ដោយ​ការ​ប្ដឹង​របស់​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍ កាល​ណោះ​លោក​នៅ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ការ​ចោទ​ប្រកាន់ និង​ការចាប់​រូបលោក​ដាក់​ពន្ធនាគារ​ មិន​មែន​កើត​ឡើង​ដោយ​គ្មាន​ហេតុផល​នយោបាយ​នោះ​ទេ ព្រោះ​តាំង​ពី​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជានៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០​២ លោក កឹម សុខា បាន​ចុះ​អប់រំ និង​ពន្យល់​ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក្នុងគុណតម្លៃនៃជីវិតជាមនុស្ស រស់នៅក្នុងរបបសេរី ដែលពលរដ្ឋត្រូវមានកាតព្វកិច្ចសំខាន់ក្នុងការចូលសកម្មនយោបាយ និងសម្រេចជោគវាសនា ជ្រើសរើសមេដឹកនាំ ឲ្យគ្រប់គ្រងប្រទេស ដើម្បីបម្រើកា​រ​ពារ និងសង្រ្គោះ ដល់ពលរដ្ឋ តាមរយៈការចុះទៅមូលដ្ឋានរៀងរាល់មួយខែ២២ថ្ងៃ ឬក៏ត្រូវ​ផ្សាយ​ការ​អប់រំ​អំពីសិទ្ធិមនុស្ស​នេះ ​តាម​វិទ្យុ​ផងនោះដោយ​អប់រំ​ទាំង​ផ្លូវ​អាណាចក្រ និងផ្លូវពុទ្ធចក្រ ផងដែរ។

លោក មាជ សុវណ្ណារ៉ា បន្ថែមពីវីរភាពលោក កឹម សុខា បន្តថា ការ​ធ្វើ​សកម្មភាពដូច្នេះ វាអាចជា​គ្រោះថ្នាក់​ខ្លាំង​ដល់​ការ​បន្តអំណាច​របស់​លោក ហ៊ុន សែន មេបក្សជំរំទេវតា ព្រោះថាការចុះ​បង្រៀន និង​ពន្យល់​ប្រ​ជា​ពលរដ្ឋ​តាម​ជនបទ វេទិកា​សាធារណៈ ចាប់​ពី​ឆ្នាំ​២០០២មក ដោយទៅ​គ្រប់​កន្លែង។ លោក កឹម សុខាធ្លាប់បញ្ជាក់ថា «យើង​ដឹង​ហើយ​ថា សព្វថ្ងៃ​នេះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​ខ្ទេចខ្ទាំ​អស់​ហើយ គេ​វាយ​បំបាក់​ខ្ទេច​អស់​ហើយ គេ​រំលោភ​បំពាន​លើ​អភ័យឯកសិទ្ធិ​របស់​អ្នក​តំណាង។ គេ​ចង់​ហៅ​អ្នក​តំណាងរាស្ត្រ​យក​ទៅ​កាត់​ទោស​ពេល​ណា​ក៏​បាន គេ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ម្តេចក៏បាន មាន​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​គេ​វាយ​តំណាង​គាត់​ដួល គេ​វាយ​តំណាង​គាត់ មាន​ន័យ​ថា គេ​វាយ​គាត់។ ដូច្នេះខ្ញុំ​គិត​ថាប្រជាធិបតេយ្យ​តាម​រយៈ​តំណាង​ជិត​រលំ​ហើយ នៅ​តែ​ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់​តែប៉ុណ្ណោះ»។

លោក មាជ សុវណ្ណារ៉ា ក្នុងសំណេរផ្ទាល់ដៃបន្ថែមទៀតថា រហូត​មក​ដល់​ពេល​នេះ លោក កឹម សុខា មានសិទ្ធិសេរីភាពមិនពេញលេញទេ ដែលសេរីភាពត្រូវកម្រិតត្រឹមរង្វង់បម្រាមតុលាការកំណត់ ដោយហាមមិនឲ្យចេញក្រៅប្រទេស និងមិនធ្វើសកម្មភាពនយោបាយ បន្ទាប់ពីដោះលែងពីគុកត្រពាំងថ្លុង មកមកឃុំនៅគេហដ្ឋានរបស់លោក ជាមួយគណបក្សត្រូវបានលោក ហ៊ុន សែន រំលាយបាន​សម្រេច និង​ហាមឃាត់​តំ​ណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិទាំង​អស់ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​សរុប១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំទៀតផង។

លោក មាជ សុវណ្ណារ៉ា​ ថាបើទោះបីជា​លោក​ កឹម សុខា ត្រូវ​ជាប់​ពន្ធនាគារ​ញឹកញាប់ និង​ចៀស​វាងមិន​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ ក៏មេបក្សជំរំព្រះអាទិត្យរូបនេះ នៅ​តែ​ប្ដេជ្ញាលះបង់​បន្ត​ការ​តស៊ូ អត់ធ្មត់​ និងរងចាំឱ​កាស ដោយលោក​ កឹម សុខា បានធ្លាប់ផ្ដាំផ្ញើ​រពលរដ្ឋ​ខ្មែរ​ម្ចាស់ឆ្នោត ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និ​ង​​ស្អប់​ខ្ពើម​អំពើ​ជិះជាន់​ពីសំណាក់អ្នក​កាន់​អំណាច​ផ្ដាច់ការ​នូវ​បី​ចំណុច៖

១ ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថាគេ​អាច​ឃុំ​ខ្លួន​ខ្ញុំ​បាន ប៉ុន្តែ​គេ​មិន​អាច​ឃុំ​ឧត្ដម​គតិ​ខ្ញុំ​បាន​ទេ។

២ ខ្ញុំ​សូម​ជម្រាប​ថា បើ​គ្មាន​ការ​ប្រថុយ គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ។

៣ ​ខ្ញុំ​ជម្រាប​ជូន​ថា សេរីភាព​គ្មាន​នរណា​យក​មក​ឲ្យ​ទេ Freedom is not Free ។ បើ​សិន​យើង​ចង់​បាន​សេរីភាព យើង​ត្រូវ​តែ​តស៊ូ។ ខ្ញុំ​សុំ​តែ​ម្យ៉ាង​ទេ សុំ​ឲ្យ​បងប្អូន​បន្ត​ការ​តស៊ូ​តទៅទៀត ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន តស៊ូ​ដោយ​អហិង្សា តស៊ូ​ដើម្បី​ខ្មែរ​រស់​ទាំង​អស់​គ្នា។ យើង​ត្រូវ​តែ​ហ៊ាន​លះបង់​ដើម្បី​ខ្មែរ​រស់ ដើម្បី​ជាតិ​យើង​រស់» ព្រោះតែការ​លះបង់​ដើម្បី​ជាតិ​រស់​នេះ លោក កឹម សុខា រក្សា​ស្មារតី​នៅ​រឹងមាំ។ លោក​ មាជ សុវណ្ណារ៉ា បន្ថែមថា ការមិនផ្លាស់ប្តូរជំហររឹងមាំ លោក កឹម សុខា នៅ​តែ​សង្ឃឹមលើប្រជារាស្ត្រខ្មែរ នឹងមិនភ្លេចការតស៊ូដើម្បីទាមទារ​សិទ្ធិ​សេរីភាព​ទាំង​នេះ​មក​វិញ ព្រោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែប​នេះ​មិន​អាច​ចេះ​តែ​បន្ត​ធ្វើ​បាន​ជា​រៀង​រហូត​នោះ​ទេ «ខ្ញុំ​ស្គាល់​ច្បាស់​ពី​ច្បាប់​ធម្មជាតិ គ្មាន​ស្អី​អមតៈ​នោះទេ ការ​អត់​អមតៈ​នេះ មិន​មែន​តែ​ពួក​ខ្ញុំ​អ្នក​រង​គ្រោះ​ទេ អ្នក​ដែល​រំលោភ​លើ​ខ្ញុំ​ក៏​មិន​មែន​អមតៈ​នោះ​ដែរ» ។ ប៉ុន្តែទោះ​បី​ជាយ៉ាងណាក៏ដោយ នៅក្នុងគោលជំហរនយោបាយរបស់លោក កឹម សុខា គឺ «ការមិនយកខ្មែរណាជា​សត្រូវ» ដើម្បីបញ្ចប់នូវវប្បធម៌ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដើម្បីរួបរួមគ្នា អត់ឱនទោសឲ្យគ្នា ដោយការយោគយល់គ្នា ឆ្ពោះទៅរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ តាមបែបអហិង្សា និងដោយសន្តិវិធី តាមរយៈការចូលរួមបោះឆ្នោតមួយ ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងអាចទទួលយកបាន ដោយច្បាប់គណបក្សនយោបាយ និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិ គឺជម្រើសនៃតុល្យភាព តម្លាភាព ឯករាជ្យ និង អព្យាក្រឹត៕