ចាញ់ក្តី៣សាលា ធ្វើឬកអស្ចារ្យ មិនព្រមចាកចេញ ព្រោះតែគំនិតទុច្ចរិតចង់បានដីម្ចាស់កម្មសិទ្ធិ ជាសម្បត្តិរបស់ខ្លួន

0
1647

កំពង់ស្ពឺ៖ វាជារឿងដែលហួសចិត្តបំផុត​ ដែលម្ចាស់កម្មសិទ្ធិឈ្នះក្តីតុលាការដល់ទី៣សាលា​ នៅតែមិនអាចយកដីរបស់ខ្លួនមកគ្រប់គ្រងវិញបាន​ ចាប់តាំងពីដើមឆ្នាំ២០១៥ នៃអំណាចសាលដីកា ស្ថាពរ​របស់តុ​លា​ការកំពូល។

ករណីម្ចាស់ដី ឈ្នះក្តីដល់ទៅ៣សាលា នៅតែមិនអាចចូលគ្រប់គ្រងដីរបស់ខ្លួនបាន ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ និងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដែលមានព្រំប្រទល់ជាប់គ្នា​នៃភូមិនិងឃុំទាំងពីរ លើផ្ទៃដីសរុបម្ចាស់កម្មសិទ្ធិប្រមាណជាង២ហិតា ត្រូវបានរំលោភបំពាននៃបុគ្គលចាញ់ក្តីឈ្មោះ ឡុង ភួង.សែម ជឿន.កង ឆោម.កង ស៊ុយ.ឆោម ធួន និង ឈ្មោះ ឡុង ផាន។

បុគ្គលចាញ់ក្តី៣សាលា នៅមិនព្រមចាកចេញពដីម្ចាស់កម្មសិទ្ធិ

បុគ្គលចាញ់ក្តីទាំងនេះ មិនព្រមគោរព និងអនុវត្តតាមអំណាចសាលដីកាស្ថាពរបស់តុលាការកំពូលឡើយ​ ដែលសកម្មភាពរបស់ពួកគេ គឺជាទង្វើរមើលងាយ ចំពោះការអនុវត្តសេចក្តីសម្រេចរបស់តុលាការ និងធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ដែលពួកគេបានចាញ់ក្តីដល់ទៅ៣សាលារួចទៅហើយ គឺចាញ់ក្តីនៅតុលាការសាលាដំបូងខេត្តកំពង់ស្ពឺ សាលាឧទ្ធរណ៍ និងតុលាការកំពូល ​តាមបណ្តឹងតវ៉ារបស់ពួកគេនោះឯង។

តែទោះជាយ៉ាងណា រយះពេលជាង៦ឆ្នាំ ក្រុមឆ្ងាញ់ដីគេទាំងនេះ នៅមិនតែមិនព្រមចាកចេញពីទីតាំងដីឡើយ ដោយភ្គើនសាងសង់សំណង់រឹងមាំ ចាក់បំពេញដី​ បំណងបំភ្លៃសាធារណៈជន តែការពិត សំណង់រឹងមាំរបស់ពួកគេនេះ គឺទើបតែសាងសង់នៅក្នុងអំឡុងឆ្នាំ២០១៩ប៉ុណ្ណោះ ដែលដើមឡើយដីខាងលើ គ្មានអ្វីឡើយ​ក្រៅតែរោងមានដំបូងគ្មានជញ្ជាំង ដើម្បីកែនមនុស្សមកជួបជុំគ្នា តវ៉ាប្រឆាំងនិងការចុះអនុវត្តសាលដីការស្ថាពររបស់តុលាការ កាលពីគ្រានោះប៉ុណ្ណោះ។

ក្រុមនេះ​ ៥គ្រួសារ ឡុង ភួង.សែម ជឿន.កង ឆោម.កង ស៊ុយ.ឆោម ធួន សំអាងថាខ្លួនជាម្ចាស់កម្មសិទ្ធិ លើដីខាងលើ ដែលឪពុកម្តាយក្មេកកាន់កាប់តាំងពីឆ្នាំ១៩៧៩ និងថាខ្លួនបានចូលមកធ្វើស្រែនៅឆ្នាំ១៩​៩១ ដោយអាជ្ញាធរមូលដ្ឋាន ចេញប័ណ្ណគ្រប់គ្រងដីឱ្យពួកគេ។ តែផ្ទុយទៅវិញ ការលើកឡើងរបស់ក្រុមនេះ បានធ្វើឱ្យតុលាការទាំង៣សាលាទាត់ចោល និង កាត់ក្តីឱ្យពួកគេចាញ់ក្តី ព្រោះថា អ្វីដែលខ្លួនអះអាងមានដីនៅទីនេះជិត២ហិតា ៥គ្រួសារ តែក្នុងលិខិតស្នើសុំមានតែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានមេឃុំចារបញ្ជួនទៅការិយាល័យភូមិបាលស្រុក ដោយមិនបានបញ្ជាក់កាត់ឬប្រគល់ដីទាំងនោះឱ្យពួកគេឡើយ ដែលកត្តានេះហើយ ទើបតុលាការសម្រេចក្តីឱ្យពួកគេចាញ់នៃលិខិតគ្មានភាពរឹងមាំនោះ។

ផ្ទុយមកវិញ លោកស្រី ទេស សុផា និងស្វាមី ត្រូវបានការទទួលស្គាល់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ជាម្ចាស់កម្មសិទ្ធិ លើប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ​ កស០០៥៤៨២ នៃក្រសួងដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលស្រុក យ៉ាងត្រឹមត្រូវ ព្រមទាំងប្លង់បង្ហាញទីតាំងដី ដែលមានការទទួលស្គាល់របស់អាជ្ញាធរមូលដ្ឋាន ភូមិក្រាំងតាតន់ ឃុំអូរ និងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៦ និងការបញ្ជាក់ជាថ្មី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១១។ ដូច្នេះ ករណីដែលក្រុមជនទុច្ចរិតចាញ់ក្តី ឡុង ភួង.សែម ជឿន.កង ឆោម.កង ស៊ុយ.ឆោម ធួន និង ឡុង ផាន មិនព្រមចាកចេញពីដីម្ចាស់កម្មសិទ្ធិ លោកស្រី ទេស សុផា និងស្វាមី គឺជាទង្វើរមើលងាយ ចំពោះការអនុវត្តសេចក្តីសម្រេចរបស់តុលាការ និងធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងបទល្មើសព្រហ្មទណ្ឌថ្មី១បន្ថែមទៀតគឺ ហិង្សា រំលោភបំពានលើអចលនវត្ថុម្ចាស់កម្មសិទ្ធិដោយសុច្ចរិត ដែលមានចែងក្នុងច្បាប់ជាធរមាន ដែលតុលាការ គួរតែបន្តដីកាអនុវត្តដោយបង្ខំ តាមសាលដីកាស្ថាពររយៈពេលជាង៦ឆ្នាំមកនេះ ដើម្បីម្ចាស់កម្មសិទ្ធិបានចូលប្រើប្រាស់ និងអា​ស្រ័យ​ផលលើដីរបស់ខ្លួន ស្របតាមស្មារតីសាលដីកាស្ថាពររបស់តុលាការកំពូល​ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ អោយមានប្រសិទ្ធិភាពបំផុត៕