លោក កឹម សុខា បដិសេធ រាល់ការភ្ជាប់រូបលោកគ្រប់សកម្មភាពដើម្បីប្រយោជន៍ និងមហិច្ឆិតា របស់ក្រុម ឬ បុគ្គល

0
951

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនត្រឹមតែជាប់បំរាមរបស់តុលាការ ដែលមិនទាន់បញ្ចប់សវនាការរបស់លោកប៉ុណ្ណោះទេ តែនៅតាមជាប់ដោយក្រុមគេងចំណេញ ដើម្បីបម្រើប្រយោជន៍ និងមហិច្ឆិតារបស់ពួកគេផងដែរ។

ដោយមើលឃើញ សកម្មភាពនេះ បានកើតឡើងជាញឹកញាប់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក កឹម សុខា បានបញ្ជាក់គោលជំហររបស់លោកជាថ្មីថា ដោយសង្កេតឃើញ មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះ នៅតែយកឈ្មោះ និង រូបភាពលោកទៅភ្ជាប់ ពាក់ព័ន្ធជាមួយនឹងសកម្មភាពដើម្បី​បម្រើផលប្រយោជន៍ និង មហិច្ឆិតារបស់ពួកគេ ដូច្នេះលោកសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់លោកកន្លងមក គឺធ្វើក្នុងនាមរូបលោក និងជាឆន្ទៈរបស់លោក។

ក្នុងន័យនេះលោក កឹម សុខា ចង់បង្ហាញថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សហមេធាវីរបស់លោក បានចេញសេចក្តីថ្លែងការណ៍ ក្នុងនាមរូបលោកផ្ទាល់ដោយ បញ្ជាក់គោលជំហរ ក្រុម ឬ បុគ្គលដែលមានបំណងបង្កើត ឬបានកំពុងបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយករណី ឬឈ្មោះលោក (កឹម សុខា) ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។

ក្នុងសេចក្តីថ្លែងការណ៍បន្តថា បុគ្គល ឬក្រុមណាដែលធ្វើកិច្ចការខាងលើ សូមមានសេចក្តីក្លាហាន ទទួលខុសត្រូវដោយខ្លួនឯង។

ករណីនេះ បានបង្ហាញឱ្យឃើញថា លោក កឹម សុខា គឺមិនចង់ជាប់ពាក់ព័ន្ធបញ្ហាទាំងឡាយជាមួយក្រុម អ្នកទាំងនោះឡើយ ស្របពេលតំណើរការស្ថានការណ៍នយោបាយនៅក្នុងប្រទេស មិនទាន់មានភាពល្អប្រ​សើរនៅឡើយ ពិសេសរូបលោកបាននិងកំពុងជាប់សំរាម និងតុលាការនៅមិនទាន់បន្តសវនាការជាថ្មី ចំពោះបទចោទនាពេលកន្លងមកមកលើរូបលោក៕