ភ្នំពេញ៖ ខ្មែរកម្ពុជាក្រោម នៅតែមិនអាចទទួលបានសិទ្ធិសេរីភាព និងការយកចិត្តទុកដាក់ពេញលេញពីភាគីរដ្ឋាភិបាលវៀតណាមឡើយ បើទោះបីជារដ្ឋាភិបាលមួយនេះ ព្រមទទួលស្គាល់ និងគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិជនជាតិដើម កាលពី១៤ឆ្នាំមុនក្តី។
ដោយនៅតែមិនទាន់ទទួលបានការយកចិត្តទុកដាក់ និងសិទ្ធិពេញលេញរបស់ខ្លួនដូចនេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មិត្តសមាគមនខ្មែរកម្ពុជាក្រោម បានចេញសេចក្តីថ្លែងការណ៍ ជុំវិញករណីខាងលើ ដោយធ្វើការសង្កត់ធ្ងន់៣ចំណុចសំខាន់ៗ គឺ ទី១ការរើសអើងពូជសាសន៍ ទី២ភាពអយុត្តិធម៌ និងទី៣ការរំលោភសិទ្ធិសេរីភាពផ្សេងៗទៀត ក្នុងរយៈពេលតែ៣ត្រីមាស ឆ្នាំ២០២១នេះប៉ុណ្ណោះ។
ក្នុងសេចក្តីថ្លែងការណ៍ បញ្ជាក់ថា អស់រយៈពេល១៤ឆ្នាំ ដែលរដ្ឋាភិបាលវៀតណាមបានទទួលស្គាល់ និងគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ខ្មែរក្រោមចាប់ផ្តើមមានក្តីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលវៀតណាម និងគោរព អនុវត្តរាល់ខ្លឹមសារនៃសេចក្តីប្រកាសនេះ ហើយផ្តល់សិទ្ធិសេរីភាពពេញលេញដល់ខ្មែរក្រោម ជាជនជាតិដើមនៅលើទឹកដីដើមកំណើតរបស់ខ្លួន គឺកម្ពុជាក្រោម តែផ្ទុយទៅវិញ ខ្មែរក្រោមនៅតែរងការរើសអើង រងនូវភាពអយុត្តិធម៌ និងរងការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ពីរដ្ឋាភិបាលវៀតណាមដដែល៕