ប្រទេសថៃ៖ ដោយមើលឃើញពីក្តីលំបាករបស់ពលករខ្មែរ រស់នៅ និងកំពុងធ្វើការនៅប្រទេសថៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ អង្គការសង់ត្រាល់ បានចែកជំនួយសង្គ្រោះបឋម ដល់ពលករខ្មែរ ចំនួន៣២គ្រួសារ ស្មើនិង៨៥នាក់ ស្ថិតនៅតំបន់តសាក់ ស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ។
ក្នុងជំនួយសង្គ្រោះបឋម ដែលអង្គការសង់ត្រាល់ ចែកជូនពលករ រួមមាន ស្បៀងអារហារ និងសម្ភារៈផ្សេងៗដូចជា អង្ករផ្កាម្លិះ១៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ១០កំប៉ុង ប្រេងឆា២ដប ទឹកស៊ីអ៊ីវ២ដប ទឹកត្រី១ដប និងថ្នាំពេទ្យ១ប្រអប់២៤គ្រាប់ផងដែរ ដើម្បីការពារជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារអង្គការសង់ត្រាល់ ក៏បានធ្វើការផ្សព្វផ្សាយចំណេះដឹងដល់ពួកគេ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពពីការឆ្លង មេរោគកូវីដ១៩ និងការការពារខ្លួនពីការចាញ់បោកមេខ្យល់ ឬជនទុច្ចិតដែលឆក់ឱកាសក្នុងខណៈពេលដែលពលករកម្ពុជាគ្មានការងារធ្វើ ហើយត្រូវការការងារ និងប្រាក់ចំណូលជាចាំបាច់ វានិងការចាញ់បោក និងការកេងប្រវ័ញ្ច ឬ ជួញដូរមនុស្សបណ្តាលអោយពួកគេត្រូវរងគ្រោះទ្វេរដង។
គិតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ តាមតំបន់ការដ្ឋានសំណង់ សហគ្រាសរោងចក្រនានា ដែលមានក្រុមពលករបរទេសកំពុងធ្វើការ ថៃនៅតែបន្តបិទខ្ទប់ និងត្រូវតាមដានស្ថានការណ៍ ព្រោះតែមានករណីឆ្លងជំងឺកូវីដ១៩ ពិសេសពលករខ្មែរជាច្រើនសែននាក់បានរងគ្រោះ នៃការឆ្លងជំងឺកូវីដ១៩ រួមទាំងការខ្វះខាតស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដើម្បីផ្គត់ផ្គង់គ្រួសារ និងកូនៗរបស់ពួកគេផងដែរ។
សូមជំរាបថា បើគិតចាប់តាំងពីរដ្ឋាភិបាលថៃ ប្រកាសបិទខ្ទប់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃនេះ ទោះជាមានថៅកែក្រុមហ៊ុនសហគ្រាស ឬភាគីរដ្ឋកម្ពុជា-ថៃធ្លាប់បានប្រកាសថាជួយជ្រោមជ្រែងពលករកម្ពុជាក្តី ក៏ពួកគេនៅតែត្រូវការចាំបាច់បំផុត ព្រោះស្ថានភាពការងារធ្លាក់ចុះមិនទាន់ប្រសើរឡើងវិញនៅឡើយទេ។
ជាមួយគ្នានោះ អង្គការសង់ត្រាល់ ក៏បានកត់សម្ភាល់ថា “ពលករខ្មែរភាគច្រើន ប្រឈមការខ្វះខាតស្បៀង រងការបណ្តេញចេញពីការងារដោយអរយុត្តិធម៌ ការរើសអើង និងផុតកំណត់ឯកសារស្របច្បាប់ ដែលជាដើមហេតុ ដោយសារតែប្រទេសថៃកំពុងមានការផ្ទុះឡើង នូវជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ”។
ស្របពេលជាមួយគ្នានេះ បើតាមអង្គការសង់ត្រាល់ បានឱ្យដឹងផងដែរថា ពលករមួយចំនួន បានស្នើដល់អង្គការសង់ត្រាល់ សូមជួយផ្តល់ដំណឹង ដែលពួកគេកំពុងជួបការលំបាកនេះដល់រដ្ឋាភិបាលខ្មែរ ឬស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្តជួយគិតគូរដល់ពួកគាត់ និងស្នើដល់ភាគីថៃ (ក្រុមហ៊ុនឯកជន)រដ្ឋាភិបាលថៃ ជួយសម្រួលជីវភាពរស់នៅដល់ពួកគេផងដែរ។ ពលករខ្មែរ ដែលបម្រើការនៅប្រទេសថៃ ត្រូវការកិច្ចគាំពារសង្គមពីរដ្ឋទាំងពីរក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីធានាបាននូវការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជានិរន្តរ៍៕